អន្តរជាតិ
ពិសារទឹកត្រជាក់ និងទឹកក្តៅមួយណាល្អជាង?
× ការពិសារទឹកមានសារសំខាន់ណាស់សម្រាប់សារពាង្គកាយគ្រប់ប្រភេទ។ ជាមធ្យម មនុស្សម្នាក់គួរពិសារទឹកក្នុងមួយថ្ងៃឲ្យបានយ៉ាងតិចពីរលីត្រ។ វាជាសារធាតុមួយដែលមាននាទីជួយសម្រួលប្រព័ន្ធលូតលាស់របស់មនុស្ស និងក៏ជាអ្នកចម្រាញ់សារជាតិពុលមួយដ៏ប្រសើរផងដែរ។ ជាទម្លាប់ មនុស្សខ្លះចូលចិត្តពិសារទឹកត្រជាក់ ចំណែកឯអ្នកខ្លះទៀតចូលចិត្តពិសារទឹកក្តៅ។ តើទឹកក្នុងសីតុណ្ហភាពពីរផ្សេងគ្នានេះ មួយណាមានអត្ថប្រយោជន៍ច្រើនជាង?
សម្រាប់គេហទំព័រ
onlymyhealth.com ទឹកត្រជាក់ ឬទឹកក្តៅសុទ្ធសឹងតែមានលក្ខណៈពិសេសរៀងៗខ្លួនបើអ្នកពិសារវាស្របទៅតាមពេលវេលា និងកាលៈទេសៈនៃរាង្គកាយ។
ពេលណាអ្នកគួរពិសារទឹកត្រជាក់?
ចម្លើយ គឺនៅពេលអ្នកចង់សម្រកទម្ងន់។ វាជួយទៅពន្លឿនចង្វាក់មេតាប៉ូលីស រំលាយអាហារ និងកាឡូរីឲ្យបានកាន់តែច្រើន។ ការពិសារទឹកត្រជាក់ មិនប្រាកដថាការពារអ្នកពីជំងឺធាត់នោះទេ តែវាក៏អាចជួយកាត់បន្ថយទម្ងន់អ្នកបានខ្លះដែរ។ មួយទៀតនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬកីឡា ដោយសារវាជួយកាត់បន្ថយកម្តៅនៅក្នុងខ្លួនប្រាណឲ្យកាន់តែប្រសើរ ការពារអ្នកពីកង្វះទឹកក្នុងប្រព័ន្ធសារីរាង្គ។
ពេលណាអ្នកគួរពិសារទឹកក្តៅ?
ចម្លើយ គឺនៅពេលអ្នកមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ។ ទឹកក្តៅធ្វើឲ្យការរំលាយអាហាររបស់អ្នកដំណើរការទៅល្អជាងមុន ជាពិសេសបើអ្នកពិសារទឹកនៅពេលព្រឹក ក្រោយពីក្រោកពីដំណេក។ ម្យ៉ាងវិញទៀត បើអ្នកចង់លាងសម្អាតប្រព័ន្ធសាររីរាង្គរបស់អ្នកពីសារធាតុពុលនានា ទឹកក្តៅជាមួយនឹងក្រូចឆ្មាអាចជួយបានអ្នកបាន។ ពេលខ្លះទៀត ទឹកក្តៅជួយអ្នកក្នុងការបន្ថយភាពឈឺចាប់ដូចជាឈឺក្បាល ឬហើមជាដើម។ ដោយសារវាជួយសម្រួលលំហូរឈាមនៅក្នុងប្រព័ន្ធសរសៃឈាម៕
© រក្សាសិទ្ធិដោយ thmeythmey.com