កីឡាជាតិ
ជាតិ
ក្រុមរបស់ វឌ្ឍនាកា និង ធារី អស់ឱកាសឡើងទៅវគ្គ១/២ FA Cup
× ក្រុមបាល់ទាត់ PKNS របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងក្រុម Terengganu របស់កីឡាករ ធារី ចន្ថាប៊ីន បានរបូតកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ម៉ាឡេស៊ី Malaysia FA Cup 2019។ ការធ្លាក់ចេញនេះ បន្ទាប់ពីក្រុមទាំងពីរទទួលបានលទ្ធផលមិនសូវល្អ នាជំនួបជើងទី២កាលពីយប់ថ្ងៃសុក្រ។
លទ្ធផលស្មើ ១-១ ជាមួយ Kedah នាជំនួបជើងទី២នៅវគ្គ១/៤ កាលពីយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ គឺអាចបញ្ជាក់បានថាក្រុម PKNS របស់កីឡាករ ចាន់ វឌ្ឍនាកា មិនអាចបន្តឱកាសឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ម៉ាឡេស៊ី Malaysia FA Cup 2019 បានឡើយ។ បន្ទាប់ពីក្រុមរបស់ខ្សែប្រយុទ្ធកម្ពុជាមួយនេះ បានរងបរាជ័យ ៣-១ នៅលើទឹកដីខ្លួនក្នុងជើងទី១ ដែលសមាជិកម្នាក់របស់ខ្លូនទទួលបានកាតក្រហម។
តាមរយៈលទ្ធផលនេះ ជួយឲ្យក្រុម Kedah ទទួលបានកៅអីឡើងទៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ជាមួយជ័យជម្នះសរុបទាំងពីរជើង ៤-២។ ខ្សែប្រយុទ្ធអាហ្សង់ទីន Jonatan Bauman ជាអ្នករកគ្រាប់បាល់នាំមុខ ១-០ ឲ្យម្ចាស់ផ្ទះ Kedah នៅនាទីទី១៦ ខណៈគ្រាប់បាល់របស់ PKNS កើតឡើងពីការធ្វើចូលទីខ្លួនរបស់ខ្សែការពារ Azmeer Yusov នៅនាទីទី៣១។
ដោយឡែកក្រុម Terengganu របស់ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលទាមទារត្រឹមស្មើ ដើម្បីកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏អស់ឱកាសឈានទៅវគ្គបន្តផងដែរ។ បន្ទាប់ពីក្រុមនេះ ត្រូវបានម្ចាស់ផ្ទះ Pahang FA លត់ក្នុងលទ្ធផល ៤-០ នាជំនួបជើងទី២កាលពីយប់មិញ។ ជ័យជម្នះ ៤-០ ជួយឲ្យអតីតក្រុមរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឈ្នះកៅអីឡើងទៅវគ្គ១/២ ជាមួយជ័យជម្នះសរុបទាំងពីរជើង ៥-២។
ក្រុម Pahang FA និង Kedah ត្រូវរង់ចាំក្រុមពីរទៀត ដែលត្រូវប្រកួតកាត់សេចក្តីជើងទី២នៅយប់ថ្ងៃទី១១ ខែឧសភានេះ ក្នុងនោះក្រុម Felda Utd ត្រូវស្វាគមន៍ក្រុម Kuala Lumpur ខណៈ Perak ទទួលភ្ញៀវ PKNP។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៨យប់(ម៉ោងនៅកម្ពុជា)ដូចគ្នា៕
Tag:
Malaysia FA Cup 2019
PKNS
Terengganu
© រក្សាសិទ្ធិដោយ thmeythmey.com