កីឡាជាតិ
ជាតិ
ក្រុម​របស់ វឌ្ឍនាកា និង ធា​រី អស់​ឱកាស​ឡើងទៅ​វគ្គ​១/២ FA Cup
11, May 2019 , 3:29 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់ PKNS របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង​ក្រុម Terengganu របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​របូត​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​លំដាប់​ទី​២​ម៉ាឡេស៊ី Malaysia FA Cup 2019​។ ការធ្លាក់​ចេញ​នេះ បន្ទាប់ពី​ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​មិនសូវ​ល្អ នា​ជំនួប​ជើង​ទី​២​កាលពី​យប់​ថ្ងៃ​សុក្រ​។​

 
​លទ្ធផល​ស្មើ ១-១ ជាមួយ Kedah នា​ជំនួប​ជើង​ទី​២​នៅ​វគ្គ​១/៤ កាលពី​យប់​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៩ គឺអាច​បញ្ជាក់បាន​ថា​ក្រុម PKNS របស់​កីឡាករ ចាន់ វឌ្ឍនាកា មិនអាច​បន្ត​ឱកាស​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​លំដាប់​ទី​២​ម៉ាឡេស៊ី Malaysia FA Cup 2019 បានឡើយ​។ បន្ទាប់ពី​ក្រុម​របស់​ខ្សែប្រយុទ្ធ​កម្ពុ​ជាមួយនេះ បាន​រង​បរាជ័យ ៣-១ នៅលើ​ទឹកដី​ខ្លួន​ក្នុង​ជើង​ទី​១ ដែល​សមាជិក​ម្នាក់​រប​ស់​ខ្លូន​ទទួលបាន​កាត​ក្រហម​។ 
 
​តាមរយៈ​លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម Kedah ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៤-២​។ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Jonatan Bauman ជា​អ្នករក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ Kedah នៅ​នាទី​ទី​១៦ ខណៈ​គ្រាប់​បាល់​របស់ PKNS កើតឡើង​ពី​ការធ្វើ​ចូល​ទី​ខ្លួន​របស់​ខ្សែការពារ Azmeer Yusov នៅ​នាទី​ទី​៣១​។​
 
​ដោយឡែក​ក្រុម Terengganu របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ដែល​ទាមទារ​ត្រឹម​ស្មើ ដើម្បី​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត​ផងដែរ​។ បន្ទាប់ពី​ក្រុម​នេះ ត្រូវបាន​ម្ចាស់ផ្ទះ Pahang FA លត់​ក្នុង​លទ្ធផល ៤-០ នា​ជំនួប​ជើង​ទី​២​កាលពី​យប់មិញ​។ ជ័យជម្នះ ៤-០ ជួយ​ឲ្យ​អតីត​ក្រុម​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​១/២ ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៥-២​។ 
 
​ក្រុម Pahang FA និង Kedah ត្រូវ​រង់ចាំ​ក្រុម​ពីរ​ទៀត ដែល​ត្រូវ​ប្រកួត​កាត់សេចក្តី​ជើង​ទី​២​នៅ​យប់​ថ្ងៃទី​១១ ខែឧសភា​នេះ ក្នុងនោះ​ក្រុម Felda Utd ត្រូវ​ស្វាគមន៍​ក្រុម Kuala Lumpur ខណៈ Perak ទទួលភ្ញៀវ PKNP​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ដូចគ្នា​៕   
 

Tag:
 Malaysia FA Cup 2019
  PKNS
  Terengganu
© រក្សាសិទ្ធិដោយ thmeythmey.com