ជាតិ
អាជ្ញាធរអប្សរា និងស្ថាប័ន Dunhuang Academy របស់ចិន ចុះអនុស្សរណៈ ដើម្បីផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្ត្រ រូបភាពពីAKP
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា និងស្ថាប័ន Dunhuang Academy នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាព និងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្ត្ររវាងស្ថាប័ននៃប្រទេសទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
នៅថ្ងៃទី ១០ ឧសភាម្សិលមិញនេះ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីកម្ពុជា និងចិន។ ការចុះអនុស្សរណៈយោគយល់នេះ ភាគីកម្ពុជាត្រូវបានចុះហត្ថលេខាដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងភាគីចិនលោក Zhao Shengliang នាយកប្រតិបត្តិនៃស្ថាប័ន Dunhuang Academy។
អនុស្សរណៈខាងលើនេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលមានខ្លឹមសារសំខាន់ៗផ្តោតលើការសិក្សាប្រៀបធៀប ស្តីពីសិល្បៈព្រះពុទ្ធសាសនា, ការផ្លាស់ប្តូរការសិក្សាស្តីពីការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌។ ក្រៅពីនេះ ភាគីទាំងពីរ នឹងផ្លាស់ប្តូរគ្នាអំពីការប្រើប្រាស់ឯកសារស្រាវជ្រាវ និងបង្កើតគម្រោងស្រាវជ្រាវរួមគ្នា ដោយផលិតវីដេអូ និងរៀបចំពិព័រណ៍ផ្សព្វផ្សាយរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានរូងភ្នំ Mangao។
អាជ្ញាធរជាតិអប្សរា រំពឹងថា តាមរយៈកិច្ចសហការនេះ កម្ពុជានឹងទទួលបានការរីកចម្រើនទាំងផ្នែកធនធានមនុស្សក្នុងកិច្ចអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ រួមទាំងការផ្សព្វផ្សាយទូលំទូលាយទៅកាន់ពិភពលោកអំពីរមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា Dunhuang Academy គឺជាស្ថាប័នចម្រុះ និងជាវិទ្យាស្ថានបណ្ឌិត្យសភា ដែលបង្កើតឡើងដោយរដ្ឋាភិបាលចិននៅឆ្នាំ១៩៩៤ ដើម្បីទទួលបន្ទុកការងារផ្នែកអភិរក្ស ស្រាវជ្រាវ និងផ្សព្វផ្សាយរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាស្ថាប័នជាតិអភិរក្សបុរាណវត្ថុល្បីៗនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ AKP ដដែល៕
Tag:
អាជ្ញាធរអប្សរា
ចិន
អនុស្សរណៈ
ប្រវត្តិសាស្ត្រ
រមណីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com