ជាតិ
កូរ៉េ ប្រគល់ Tablets ជិត​២០០​គ្រឿង ដល់​អង្គភាព និង​សាលា​គោលដៅ​ចំនួន​៤ ដើម្បី​កាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​សិស្ស​ទីក្រុង និង​ជនបទ​
11, May 2019 , 5:59 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ មន្ទីរអប់រំ ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ បានប្រគល់​សម្ភារៈ​បរិ​ក្ខា​រ​សម្រាប់​បំពាក់​ស្ទូ​ឌី​យោ និង​កុំព្យូទ័រ​បន្ទះ (Tablets) ចំនួន ១៨០​គ្រឿង ដល់​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​សាលារៀន​គោលដៅ​ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ​, ខេត្តកំពង់ចាម និង​ខេត្តសៀមរាប​។ បើតាម​ក្រសួង​អប់រំ  កុំព្យូទ័រ​បន្ទះ (Tablets) នេះ នឹងធ្វើ​ឲ្យ​សិស្សានុសិស្ស​អាច​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ កាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​សិស្ស​នៅ​ទីក្រុង និង​ជនបទ ជាពិសេស​ដើម្បី​គាំទ្រ​កំណែទម្រង់​វិស័យ​អប់រំ ដោយ​ផ្ដោតលើ​ការលើកកម្ពស់​ការអប់រំ​ឌីជីថល​នៅ​កម្ពុជា​។​


 
​នៅ​ថ្ងៃទី ១១ ឧសភា​នេះ មន្ទីរអប់រំ​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ បានប្រគល់​សម្ភារ​បច្ចេក​វិទ្យា​ដល់​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​សាលារៀន​គោលដៅ​ចំនួន ៤​។ សាលារៀន​គោលដៅ​ដែល​ទទួលបាន​កុំព្យូទ័រ​បន្ទះ (Tablets)  រួមមាន វិទ្យាល័យ​សម្ដេច ហ៊ុន សែន ពាមជីកង​, សាលាបឋមសិក្សា​នរោត្តម​, សាលាបឋមសិក្សា​អង្គរ​បាន និង​សាលាបឋមសិក្សា​វត្ត​បូព៌ ដោយ​សាលា​នីមួយៗ​ទទួលបាន Tablets ចំនួន ៣០​គ្រឿង​។ ពិធី​ប្រគល់​នេះ ប្រព្រឹត្ត​នៅ​វិទ្យាល័យ​សម្ដេច ហ៊ុន សែន ពាមជីកង នា​ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ម្ចាស់ជំនួយ​។​


រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
 
​បើតាម​ក្រសួង​អប់រំ ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ ដើម្បី​លើកកម្ពស់ និង​បញ្ជ្រាប​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​កម្មវិធី​អប់រំ និង​ចូលរួម​បណ្ដុះ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដែល​សម្រប​ខ្លួន​នឹង​សម័យ​ឌីជីថល​។ ក្រសួង​អប់រំ ជឿជាក់​លើ​ការងារ​គ្រប់គ្រង​របស់​សាលារៀន ដោយ​យក​ឧបករណ៍​ដែល​បាន​ប្រគល់ជូន​នាពេលនេះ ទៅប្រើ​ប្រាស់​ឲ្យ​អស់ពី​លទ្ធភាព​។ 


រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
 
​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ ក្រសួង​អប់រំ បាន​អះអាងថា សិស្ស​អាច​ទទួល​បានកា​រ​អប់រំ​ប្រកបដោយ​សមធម៌ កាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​សិស្សានុសិស្ស​នៅ​ទីក្រុង និង​ជនបទ ជាពិសេស ដើម្បី​គាំទ្រ​កំណែទម្រង់​វិស័យ​អប់រំ​ដែល​ផ្ដោតលើ​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការអប់រំ​ឌីជីថល​នៅ​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា កុំព្យូទ័រ​បន្ទះ (Tablets) ដែល​បាន​ចែក​ដល់​អង្គភាព និង​សាលារៀន​គោលដៅ​ខាងលើ នាយកដ្ឋាន​ជំនាញ បាន​បញ្ចូល​កម្មវិធី​ជំនួយការ​បង្រៀន​-​រៀន​ជាច្រើន ដែល​អាច​ឲ្យ​លោកគ្រូ អ្នកគ្រូ យកទៅ​បង្រៀន​សិស្សានុសិស្ស​បាន​ដោយ​ងាយស្រួល តាម​មុខវិជ្ជា​ផ្សេងៗ ដូចជា​៖ កម្មវិធី​ថ្មីៗ​របស់​ក្រសួង កម្មវិធី​មេរៀន​ជំនួយ​, គន្លឹះ​ដោះស្រាយ​លំ​ហាត់​, តេស្ត​អំ​ណាន និង​ភាសា​អង់គ្លេស​ជាដើម​៕

Tag:
 ទីក្រុង​ប៊ូសាន​
  កូរ៉េ​
  ក្រសួង​អប់រំ​
  កុំព្យូទ័រ​
© រក្សាសិទ្ធិដោយ thmeythmey.com