ជាតិ
«​ស្ករត្នោត​កំពង់ស្ពឺ​» ទទួល​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ពី​EU ជា​ផ្លូវការ​
12, May 2019 , 7:59 am        
រូបភាព
រូបភាពពីសហភាពអឺរ៉ុប
រូបភាពពីសហភាពអឺរ៉ុប
​ភ្នំពេញ​៖ «​ស្ករត្នោត​កំពង់ស្ពឺ​» បានទទួល​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ កាលពី​ថ្ងៃទី ៩ ឧសភា​នេះ ដែល​ទទួលបាន​ការការពា​រ​ពី EU​។ វិញ្ញាបនបត្រ​នេះ  ត្រូវបាន​ផ្ដល់ជូន​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​។


 
​ស្ករត្នោត​កំពង់ស្ពឺ បានទទួល​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩​នេះ​។ ការចុះបញ្ជី​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នេះ  សំដៅលើ​ស្ករត្នោត​ដែលមាន​សញ្ញា​សម្គាល់​ពីស​មា​គម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ប៉ុណ្ណោះ ដែល​អាចដាក់​លក់​ដោយ​ប្រើ​ឈ្មោះ​បែបនេះ​នៅ​ទីផ្សារ​អឺរ៉ុប​។ តាមរយៈ​ការទទួលស្គាល់​ពី​សហភាព​អឺរ៉ុប គឺ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​ខ្ពស់​។ 


 
​ក្នុង​ទិវា​អឺរ៉ុប​កាលពី​ថ្ងៃទី ៩ ឧសភា  លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​, លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម បានប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​សម្រាប់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ជូន​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​។ 
 
​លោក George Edgar លើកឡើងថា​៖ «​សហភាព​អឺរ៉ុប សូម​អបអរសាទរ​ចំពោះ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​របស់​កម្ពុជា ដែល​បានទទួល​ជោគជ័យ ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប ហើយ​រីករាយ​ក្នុង​ការបន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​ចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ថ្មីៗ​បន្ថែមទៀត​»​។ បើតាម​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នេះ ដើម្បី​ទទួលបាន​ការការពារ និង​ជួយ​ធានា​ឲ្យ​មានការ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​អ្នក​ផលិត និង​ការពារ​តំបន់​ជនបទ​។ 


 
​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រោយ​ទទួលបាន​វិញ្ញាបនបត្រ​នេះ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​បំផុត ព្រោះ​ផលិតផល​របស់​យើង ជា​ផលិតផល​មួយ​ដែល​មិន​ធ្លាប់មាន​ការការពារ​នៅ​សហភាព​អឺរ៉ុប​នោះទេ​។ ហើយ​តាមរយៈ​ការទទួលស្គាល់​នេះ  ធ្វើ​ឲ្យ​ចំណេញ​៣​ចំណុច​ដូចជា ចំណេញ​ដល់​អ្នក​ផលិត​, ចំណេញ​ដល់​ប្រទេសជាតិ និង​ចំណេញ​ដល់​ក្រុមហ៊ុននាំចេញ​ផងដែរ​»​។​
 
​បច្ចុប្បន្ន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​មាន​អ្នក​ឡើងត្នោត​ចំនួន ១៦៨ នាក់ ហើយ​មាន​ក្រុមហ៊ុន​ចំនួន ១០​ក្រុមហ៊ុន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគម​ក្នុង​ការទិញ​ស្ករត្នោត​។ ក្នុង​ត្រីមាស ដើមឆ្នាំ​២០១៩​នេះ សហគមន៍​អាច​ផលិត​បាន ១០០​តោន​។​សូមបញ្ជាក់ថា ការចុះបញ្ជី​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​នេះ ធ្វើឡើង​បន្ទាប់ពី​ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ដែល​ទទួលបាន​ការការពា​រ​សម្រាប់​ម្រេច​កំពត កាលពី​ឆ្នាំ ២០១៦៕
 

Tag:
 ស្ករត្នោត​កំពង់ស្ពឺ​
  សំ សារឿន​
  សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com