អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​ថៃ ថ្លែង​ការពារ​ការតែងតាំង​ប្អូនប្រុស​លោក ប្រា​យុទ្ធ ជា​សមាជិក​ព្រឹទ្ធសភា
12, May 2019 , 8:59 am        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (ឆ្វេង) ថតជាមួយ​លោក ព្រីឆា ចន្ទអូចា ជាប្អូនប្រុស នៅអគាររដ្ឋាភិបាលថៃ (ប្រភពរូប៖ The Nation)
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (ឆ្វេង) ថតជាមួយ​លោក ព្រីឆា ចន្ទអូចា ជាប្អូនប្រុស នៅអគាររដ្ឋាភិបាលថៃ (ប្រភពរូប៖ The Nation)
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon បាន​ថ្លែង​ការពារ​ចំពោះ​ការតែងតាំង​លោក  ព្រី​ឆា ចន្ទ​អូ​ចា (Preecha Chan-o-cha) ជា​សមាជិក​ព្រឹទ្ធសភា​ថៃ ដោយ​និយាយថា មន្ត្រី​ចូលនិវត្តន៍​មានបទពិសោធន៍​គ្រប់គ្រាន់ ក្លាយជា​អ្នកបង្កើត​ច្បាប់​។  លោក ប្រេ​ឆា ដែលជា​អតីត​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងការពារជាតិ គឺជា​ប្អូនប្រុស​បង្កើត​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​។

 
​ខណៈ​បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០ ពុំទាន់​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ទេនោះ មន្ត្រី គ្រាក់ៗ​ថៃ​មួយចំនួន បានបញ្ជាក់​ឲ្យ​ដឹងថា ពួកគេ​បាន​យល់ព្រម​ទទួលយក​តំណែង​ព្រឹទ្ធសភា​នេះ ក្នុងនោះ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ព្រី​ឆា ផងដែរ​។ 
 
​យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ ដែល​ធ្លាប់​ត្រូវបានធ្វើ​វិសោធនកម្ម​ដោយ​របប​សឹក​នោះ សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​នាក់​នេះ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្ទា​ល់ពី​សំណាក់​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ (NCPO) ដែលមាន​លោក ប្រា​យុទ្ធ ជា​ប្រធាន ។​
 
​ទន្ទឹមនឹង​គ្នា​នេះ លោក ប្រេ​ឆា ក៏​ស្ថិត​ក្នុងចំណោម​សមាជិកសភា​ថៃ  (NLA) ចំនួន​៦០​នាក់ ដែល​បាន​លាលែង​ពី​តំណែង​របស់​ពួកគេ​ក្នុង​សប្តាហ៍​នេះ  ពោលគឺ​មុន​ការ​ឈានទៅ​ទទួល​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​។  ហើយ​យ៉ាងហោចណាស់​សមាជិក​គណៈ​រដ្ឋមន្ត្រី​ថៃ ១៥​នាក់ ក៏បាន​លាឈប់​ពី​តំណែង​សម្រាប់​ហេតុផល​ដូចគ្នានេះ​ផងដែរ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwon នៅ​ថ្ងៃ​សុក្រ​ទី ១០ ឧសភា បាន​គូសបញ្ជាក់ថា លោក ព្រី​ឆា ចន្ទ​អូ​ចា ប្អូនប្រុស​លោក​ប្រា​យុទ្ធ ធ្លាប់​កាន់តំណែង​ជា​សមាជិកសភា​ថៃ​ម្នាក់ ហើយ​ជាមួយ​បទពិសោធន៍​នេះ លោក​នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​។  លើសពីនេះ លោក Prawit អះអាងថា  បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ត្រូវបាន​ប​ញ្ចូ​ន​រួចរាល់​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​ការយល់ព្រម​។   
 
​គួរ​ឲ្យ​កត់សម្គាល់ថា លោក ព្រី​ឆា ធ្លាប់​ទទួលរង​ព្យុះ​រិះគន់​ជុំវិញ​បញ្ហា​គ្រួសារនិយម​កាលពី​ឆ្នាំ​២០១៦​។ កាលនោះ លោក​បានរៀបចំ​ទុកដាក់​កៅអី​ការងារ​មួយកន្លែង​សម្រាប់​កូនប្រុស​លោក ក្នុង​អគ្គនាយកដ្ឋាន​ទទួល​ទ​ន្ទុ​ក​កិច្ចការ​ស៊ីវិល​នៃ​កងទ័ពជើងគោក​ថៃ ដោយមាន​ឋានៈ​ជា​អនុសេនីយ៍ត្រី​ស្តីទី​។ 
 
​ចំណែក​កូនប្រុស​ម្នាក់ទៀត​របស់លោក ព្រី​ឆា គឺជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​សំណង់​មួយ ដែល​បានឈ្នះ​ការដេញថ្លៃ​លើ​កិច្ចសន្យា​សាងសង់​ចំនួន​៧​ពី​យោធា​ថៃ ចន្លោះ​ពី​ខែធ្នូ ឆ្នាំ​២០១៤ និង ខែមេសា ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹកប្រាក់​សរុប ៩៧​ពាន់​លាន​បាត​។ យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រី​ឆា ដែលជា​ឳ​ពុក បាន​បដិសេធ​ការ​លូកដៃ​ក្នុង​រឿងនេះ​៕   

Tag:
 ថៃ​
  ប្រា​យុទ្ធ​
  ប្រា​វីត​
© រក្សាសិទ្ធិដោយ thmeythmey.com