ហាម​សិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​សិក្សា​៖ មជ្ឈដ្ឋាន​ទូទៅ​ជំរុញ​ឲ្យ​អនុវត្តន៍​ទូទាំងប្រទេស តែ​សិស្ស​ប្រតិកម្ម
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ហាម​សិស្ស​ប្រើ​ទូរ​សព្ទ​ក្នុង​ម៉ោង​សិក្សា​៖ មជ្ឈដ្ឋាន​ទូទៅ​ជំរុញ​ឲ្យ​អនុវត្តន៍​ទូទាំងប្រទេស តែ​សិស្ស​ប្រតិកម្ម
12, May 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ការហាម​ប្រាម​សិស្ស​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ក្នុង​សាលា នៅ​ម៉ោង​សិក្សា ទទួលបាន​ការស្វាគមន៍ ពី​អាណាព្យាបាល​សិស្ស និង​គ្រូបង្រៀន​។ រាល់​វិធានការ​ដែលមាន​គោលដៅ​ពង្រឹងគុណភាព​សិក្សា​របស់​សិស្ស​ដូចនេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​ដែរ​។ ប៉ុន្តែ​ការអនុវត្ត​វិធានការ​នេះ បែរជា​មានប្រតិកម្ម​ពី​សិស្ស​ទៅវិញ​។   

 
​សូម​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖  



 
​កាលពីពេល​ថ្មីៗ​នេះ មាន​វិទ្យាល័យ​ចំនួន​២ គឺ​វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ប៉ៃលិន និង​វិទ្យាល័យ​តា​អោក នៅ​ខេត្តកំពង់ធំ បាន​អនុវត្ត​វិធានការ​រឹតបន្តឹង​ការអប់រំ ដោយ​ហាមឃាត់​សិស្ស មិន​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ក្នុង​ម៉ោង​រៀន ឬ​ម៉ោង​ចេញលេង​។ គណៈ​គ្រប់គ្រង​សាលា បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការអនុវត្ត​ដូច្នេះ គឺ​ដើម្បី​ពង្រឹង​ការសិក្សា​របស់​សិស្ស ដោយ​ចង់​ឲ្យ​ពួកគេ​ផ្តោតអារម្មណ៍​លើ​ការសិក្សា ជាជាង​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ ដែល​នាំ​ឲ្យ​ភ្លេច​ការសិក្សា​។ 
 
​លោក ខាំ យ៉ា​រិ​ន នាយក​វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ប៉ៃលិន ដែល​ផ្តើម​អនុវត្តន៍​ចំណាត់ការ​នេះ​មុនគេ សង្កេតឃើញថា មាតាបិតា​សិស្ស​បាន​អបអរសាទរ ហើយ​សិស្ស​បាន​ផ្លាស់ប្តូរ​ឥរិយាបថ និង​ងាក​មក​ផ្តោតលើ​ការសិក្សា​បាន​ច្រើនជាង​មុន​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​និយាយ​ពី​ការចាប់ផ្តើម​អនុវត្តន៍ ឃើញថា ក្មេង​ចាប់ផ្តើម​មាន​ទំនង​ទំនង​ជាមួយគ្នា អាច​អង្គុយ​ជា​ក្រុម​និយាយ​គ្នា អាច​ចូល​បណ្ណាល័យ​អ៊ីចឹងទៅ​។ ហើយពី​មុន គាត់​កាន់​ទូរស័ព្ទ​ម្នាក់​មួយ គាត់​នៅ​ដោយឡែកៗ​ពីគ្នា បានន័យថា វា​អត់​ទំនាក់ទំនង​ជាមួយគ្នា​។ តែ​ឥឡូវ វា​បែរ​ជាមាន​ទំនាក់ទំនង អាច​ជជែក​គ្នា​ពី​មេរៀន នាំគ្នា​ចូល​បណ្ណាល័យ ពេលទំនេរ​វា​កាន់​សៀវភៅអាន វា​មានការ​ប្រែប្រួល​ត្រង់​ហ្នឹង​តិច​»​។ 
 
​យ៉ាងណាក៏ដោយ សាលា​បានអនុញ្ញាត​ឲ្យ​សិស្ស​អាច​ប្រើ​កុំព្យូទ័រ និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន នៅពេល​ពួកគេ ចូល​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ ដោយមាន​បណ្ណារក្ស​ជា​អ្នកឃ្លាំមើល ដើម្បី​និង​តម្រង់​ពួកគេ​ឲ្យ​ប្រើ​ទូរស័ព្ទ​ក្នុងការ​ស្រាវជ្រាវ​ពិតប្រាកដ​។  
 
​បន្ទាប់ពី​វិទ្យាល័យ​ទាំងពីរ បាន​អនុវត្តន៍​វិធានការ​នេះ អ្នកលេង​បណ្តាញ​សង្គម មានការ​ចាប់អារម្មណ៍​ជាច្រើន ដោយបាន​ចែករំលែក និង​ជជែក​គ្នា​ពី​ព័ត៌មាន​នេះ​យ៉ាង​ផុសផុល​ទៀតផង​។ លោក សេក ប៉ម គ្រូបង្រៀន​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា នៅ​វិទ្យាល័យ ហ៊ុន សែន មហាសៀក​ក្នុង​ខេត្តកំពង់ចាម បាន​សាទរ​ចំពោះ​វិធា​ការ​នេះ ដោយ​លោក​បាន​បរិយាយ​ថា បច្ចុប្បន្ន​សិស្ស​មួយចំនួន កំពុង​វក់​នឹង​ស្មា​ត​ហ្វូ​ន ហើយ​ប្រើប្រាស់​ក្នុងពេល​គ្រូ​កំពុង​បង្រៀន ដែល​នេះ​ជា​ឥរិយាបថ​មិន​ផ្តល់​តម្លៃ​ដល់​គ្រូបង្រៀន និង​ធ្វើ​ឲ្យ​រំខាន​ដល់​សិស្ស​ដទៃទៀត​។ 
 
​លោក សេក ប៉ម បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ពេលដែល​បិទ​អ៊ីចឹង វា​ធ្វើ​ឲ្យ​សិស្ស​ទាំងអស់ គាត់​ផ្តោតអារម្មណ៍​លើ​ការរៀនសូត្រ មិនបាន​ចាប់អារម្មណ៍​លើ​ទូរស័ព្ទ ពីព្រោះ បើ​វា​មាន​ទូរស័ព្ទ វា​តែងតែ​រំខាន​ហើយ វា​លេង​ហ្គេម​អ៊ីចឹងទៅ​»​។​
 
​ក្រៅពី​គ្រូបង្រៀន វិធានការ​នេះ ក៏​ត្រូវបាន​អាណាព្យាបាល​សិស្ស​គាំទ្រ​ដែរ​។ លោកតា ឈាង ឈុន និង​អ្នកស្រី ឈុំ សាមី ដែលមាន​កូនចៅ​រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក បាន​អះអាងថា បើ​មាន​ចំណាត់ការ​ថ្មី​នេះ នឹង​ឲ្យ​ធ្វើ​កូនចៅ​របស់​ពួកគាត់ ដែល​បច្ចុប្បន្នកំពុង​ញៀន​នឹង​ហ្គេម អាច​ងាក​មក​ផ្តោតអារម្មណ៍​ការសិក្សា​វិញ​។ 
 
​លោកតា ឈាង ឈុន មានប្រសាសន៍​បែបនេះ​៖«​ខ្ញុំ​គាំទ្រ​ទាំងស្រុង​ហ្មង គាត់​ធ្វើ​ហ្នឹង គឺ​ល្អ ព្រោះ​សិស្ស​កំពុង​រៀន ដល់​មាន​ទូរស័ព្ទ គិតតែ​ហ្គេម អត់​មាន​គិត​រៀន អត់​មាន​គិត​មេរៀន​អី​ផង​ហ្នឹង​»​។ 
 
​ចំណែក អ្នកស្រី ឈុំ សាមី ក៏​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​ឲ្យ​ចំ​កូន​ខ្ញុំ​ហ្នឹង​តា​ហ្មង​! កាល​មុន វា​រៀន​បាន​លេខ​៣​លេខ​២ ដល់ពេល​ប៉ា​វា​ទិញ​ទូរស័ព្ទ​ឲ្យ​ជាប់​លេង​១០​រហូត​។ ខ្ញុំ​និយាយ​ឲ្យ​ចំ បាន​គ្រូ​អនុវត្តន៍​ច្បាប់​ហ្នឹង ខ្ញុំ​គាំទ្រ​»​។ 
 
​ទន្ទឹមនឹង​ការគាំទ្រ​ពលរដ្ឋ​នោះ លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ ក៏​យល់ស្រប​ចំពោះ​សេចក្តីណែនាំ​នេះដែរ​។ លោក​អត្ថាធិប្បាយ​ថា វា​ជា​វិធាន​ការដែល​ធ្វើ​ឲ្យ​មាន​សណ្តាប់ធ្នាប់​នៅក្នុង​សាលា និង​ទាញ​សិស្ស​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ការរៀនសូត្រ​បាន​ច្រើនជាង​មុន​។ បើតាម​លោក លោក រ៉ុង ឈុន លោក​ចង់​ឲ្យ​សាលា​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​បាន​នៅក្នុង​ម៉ោង​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន​។ 
 
​លោក រ៉ុង ឈុន បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា ការមិន​ឲ្យ​ប្រើ​ទូរស័ព្ទដៃ​ក្នុង​ម៉ោង​បង្រៀន គឺជា​ការល្អ​។ ហើយ​វា​មិន​ប៉ះពាល់​ដល់​កម្មវិធី​រប​ស់​ក្រសួង​ក្នុងការ​បញ្ជ្រាប​បច្ចេកវិទ្យា​នោះទេ​។ ដូចជា ការបង្រៀន IT បង្រៀន​កុំព្យូទ័រ អាហ្នឹង​ត្រូវមាន​កាលវិភាគ​ច្បាស់លាស់​។ ម៉ោង​ប៉ុន្មាន​ត្រូវ​រៀន​កុំព្យូទ័រ​? អាហ្នឹង​ចូលរៀន​កុំព្យូទ័រ​ទៅ​។  អាហ្នឹង ត្រូវមាន​កាលវិភាគ​ច្បាស់លាស់​។ បើសិន​យើង​មិនបាន​បែងចែក​កាលវិភាគ​ច្បាស់លាស់ ឧទាហរណ៍ កំពុង​រៀនអក្សរ​សាស្ត្រ​ខ្មែរ បែរជា​ពួកគាត់​ចុច​ទូរស័ព្ទ មើល​លេង​ហ្វេ​ស​ប៊ុ​ក​។ វា​ទៅជា​រឿង​មួយ គ្មាន​វិន័យ​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​គេ​យកចិត្តទុកដាក់​រៀន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គ្រូបង្រៀន​»​។  
 
​តាមពិតទៅ សេចក្តីណែនាំ​មិន​ឲ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​ក្នុង​ម៉ោង​សិក្សា មិនមាន​នៅក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ក្រសួង​មាន​គោលនយោបាយ​ធ្វើ​វិមជ្ឈការ​ដល់​សាលា​នីមួយៗ ដើម្បី​ឲ្យ​សាលារៀន​មាន​ស្វ័យភាព​ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​ធ្វើការ​សម្រេច​ប្រកបដោយ​ការទទួលខុសត្រូវ​។   
 
​លោក ឌី ខាំ​បូ​លី មានប្រសាសន៍ថា​៖ «​បើសិនជា​សាលា​យល់ឃើញថា ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​របស់គាត់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ហ្នឹង វា​មាន​បញ្ហា​ធ្ងន់ធ្ងរ គាត់​អាច​ចេញ​ជា​សេចក្តីណែនាំ​មួយ​អំពី​កម្រិត​នៃ​ការប្រើ​ទូរស័ព្ទ​នៅក្នុង​រយៈពេល​ណាមួយ​។ ទម្រាំ​ស្ថានភាព​ហ្នឹង វា​វិល​មក​ប្រក្រតីភាព​វិញ អាចមាន​វិន័យ​ក្នុង​ការប្រើ​ទូរស័ព្ទ​ក្នុង​ម៉ោង​សិក្សា​ហ្នឹង អាច​បន្ធូរបន្ថយ​សេចក្តីណែនាំ​ហ្នឹង​ឡើងវិញ​។ នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ​។ បើ​មិន​អ៊ីចឹង​ទេ វា​មាន​ផល​ល្អ និង​ផល​មិនល្អ ព្រោះ​ឥឡូវ យើង​កំពុងតែ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នៅក្នុង​ថ្នាក់រៀន​។

អ៊ីចឹង វា​ទាមទារ​ឲ្យ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ដែរ​នៅក្នុង​ថ្នាក់រៀន​។ ប៉ុន្តែ បើសិនជា​ការប្រើប្រាស់ វា​ហុច​ផល​ជា​អវិជ្ជមាន សាលា​មើល​តាម​ភាពជាក់ស្តែង បានន័យថា នៅក្នុង​ករណី​របស់គាត់​ហ្នឹង តើ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើនជាង​វិជ្ជា​មាន ឬក៏​វិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​។ អ៊ីចឹង សេចក្តីណែនាំ​ហ្នឹង អាច​ចេញ​នៅក្នុង​រយៈពេល​មួយ ដើម្បី​រៀបចំ​វិន័យ រៀបចំ​ការប្រើប្រាស់​បច្ចេក​វិទ្យា​ឲ្យ​បម្រើ​ឲ្យ​ការរៀនសូត្រ​ជាជាង​បម្រើ​ឲ្យ​ការលេង​សើច ឲ្យ​ការកម្សាន្ត​នៅក្នុងពេល​រៀន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរៀនសូត្រ​»​។ 
 
​ទោះជា​មានការ​គាំទ្រ​យ៉ាង​ក្តី តែ​វិធានការ​នេះ ហាក់​ក្លាយជា​កង្វល់​របស់​សិស្ស​ទៅវិញ​។   កញ្ញា អួន សេង​វ៉ា សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ភ្នំពេញ​ថ្មី  លើកឡើងថា ប្រសិនបើ​នៅ​សាលា​ខ្លួន​អនុវត្ត​ដូច្នេះ​ដែរ នោះ​នឹង​បង្ក​ការលំបាក​ដល់​ការសិក្សា​របស់ខ្លួន ខណៈដែល​យុវ​សិស្ស​រូបនេះ ថា មាន​កិច្ចការ​សាលា​ជាច្រើន ដែល​ទាមទារ​ឲ្យ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​។​
 
​កំពុងស្ថិត​មុខ​ខ្លោងទ្វារ​វិទ្យាល័យ​ភ្នំពេញ​ថ្មី កញ្ញា អូន សេង​វ៉ា បញ្ជាក់​បែបនេះ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្រើ​ទូរស័ព្ទ​ក្នុង​សាលា ព្រោះ​មេរៀន​ខ្លះ ខ្ញុំ​គិតថា​អត់​ទាន់​មាន​ក្នុង​សៀវភៅ​ទេ ហើយ​យើង​ត្រូវការ​ស្រាវជ្រាវ​។ ឧទាហរណ៍ ថា អ្នកគ្រូ​ជីវៈ គាត់​ឲ្យ​ស្រាវជ្រាវ ឲ្យ​ពួក​ខ្ញុំ​ឡើង Present ពីអ្វី​មួយ ដូចជា លក្ខណៈ​សត្វ មាន​សត្វ​អ្វីខ្លះ​អ៊ីចឹងទៅ​។ ដូច្នេះ ខ្ញុំ​ត្រូវ​ស្រាវជ្រាវ ហើយ​វា​មាន​ក្នុង​សៀវភៅ​ដែរ តែ​ខ្ញុំ​ចង់បាន​លម្អិត គឺ​មើល Google»​។ 
 
​យុវ​សិស្ស ថ្នាក់​ទី​១១ ម្នាក់ទៀត  នៃ​វិទ្យាល័យ​ភ្នំពេញ​ថ្មី គឺ យុវជន ឆន ឡឹ​ក​វាសនា ក៏​មិនសូវ​សប្បាយ​ចិត្តនឹង​វិធានការ​នេះដែរ​។ យុវ​សិស្ស​រូបនេះ បាន​អះអាងថា រូបគេ​បាន​ទាញ​ប្រយោជន៍​ជាច្រើន​ពី​ទូរស័ព្ទដៃ ដើម្បី​បង្កើត​ភាពងាយស្រួល​ក្នុងការ​សិក្សា និង​ការទំនាក់ទំនង​។ ដូច្នេះ​គេ​មិន​ចង់​ឲ្យ​មាន​បំរាម​ដូចគ្នានេះ នៅ​សាលា​ខ្លួន​ឡើយ​។ 
 
​ដៃ​ម្ខាង​កាន់​នំចំណី ដៃ​ម្ខាង​កាន់​ទូរស័ព្ទដៃ វាសនា ដែល​ស្ថិតនៅ​ខាងមុខ​វិទ្យាល័យ​ភ្នំពេញ​ថ្មី​ដែរនោះ បាន​រៀបរាប់​ពី​ផល​លំបាក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ប្រើ​ទូរស័ព្ទ ជួនកាល​លេង​ហ្គេម មើល​យូ​ធូប បើ​មាន​គ្រូ​ដាក់​ឲ្យ​ធ្វើ​ការងារ ដែល​ត្រូវ​Check​។ ខ្ញុំ​យក​ទូរស័ព្ទ Check Dictionary មើល​ពន្យល់​ពាក្យ​អង់គ្លេស​…​។ អ៊ីចឹង​បើ​អត់​ឲ្យ​យក​ទូរស័ព្ទ​ចូលក្នុង​ថ្នាក់​អាហ្នឹង​ម្យ៉ាងដែរ​។ តែបើ​មិន​ប្រើ​ទូរស័ព្ទ​ក្នុង​បរិវេណ​សាលា អាហ្នឹង​ពិបាក​ដែរ​។ ហើយ​ណាមួយ ឪពុកម្តាយ​យើង​មាន​កិច្ចការ​អ្វី បើ​គាត់​តេ​មក ហើយ​បើ​អត់​ឲ្យ​ប្រើ​ទូរស័ព្ទ គឺ​លំបាក​»​។ 
 
​បើទោះបីជា​សិស្ស​មិន​គាំទ្រ​វិធានការ​នេះ​ក៏ដោយ តែ​ទាំង​អាណាព្យាបាល​សិស្ស គ្រូបង្រៀន និង​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ ចង់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​ក្នុង​ការចេញ​នូវ​វិធានការ​នេះ ឲ្យ​បាន​គ្រប់​សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំងប្រទេស ប្រសិនបើ​វា​ពិត​មាន​ប្រសិទ្ធភាព និង​បង្កើន​គុណភាព​អប់រំ​មែន​នោះ​៕    
 

© រក្សាសិទ្ធិដោយ thmeythmey.com