កីឡាជាតិ
ជាតិ
វិសាខាឈ្នះបឹងកេត ៣-២ ខណៈការពារជាតិតាមវាយបកយុវជនបាទី ៤-៣ Da Cruz (រូបឆ្វេង) រកបាន២គ្រាប់ឲ្យវិសាខា និងជំនួបស្វិតស្វាញរវាងការពារជាតិជាមួយយុវជនបាទី
× វិសាខា និងក្រសួងការពារជាតិ ទទួលបាន៣ពិន្ទុបន្ថែមរៀងៗគ្នា ក្នុងការប្រកួតដ៏តឹងតែងនៅសប្តាហ៍ទី៧ នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នាល្ងាចថ្ងៃសៅរ៍នេះ។ វិសាខា បានយកឈ្នះក្រុមភ្ញៀវបឹងកេត ៣-២ ខណៈ ក្រសួងការពារជាតិ តាមវាយបកយុវជនបាទី ៤-៣។ រីឯជំនួបគូដំបូងប្រចាំសប្តាហ៍ ណាហ្គាវើល ស៊ី អគ្គិសនីកម្ពុជា ៣-០។
នៅកីឡដ្ឋានវិសាខា ការប្រកួតដំណើរការរហូតដល់ទៅជាង១ម៉ោងទើបមានគ្រាប់បាល់បញ្ចូលទី។ ខ្សែប្រយុទ្ធ Luiz Eduardo Purcino ហៅ Dudu បានទាត់បាល់ប៉េណាល់ទីនាំមុខសម្រាប់ភ្ញៀវបឹងកេតនៅនាទី៦៣ ហើយ៤នាទីក្រោយមក មិត្តរួមសញ្ជាតិប្រេស៊ីលរបស់គេ គឺខ្សែប្រយុទ្ធ Eliel da Cruz Guardiano វាយបកតាមស្មើ ១-១ សម្រាប់ម្ចាស់ផ្ទះវិញ។
នៅនាទី៧៩ Da Cruz បន្ថែមបាន១គ្រាប់ទៀតសម្រាប់វិសាខា មុនពេលដែល សាន គឹមហេង បង្កើនគ្រាប់បាល់នាំមុខ ៣-១ នៅនាទី៩០+២។ បីនាទីក្រោយមកក្នុងនាទីបន្ថែម ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ស៊ុតបាល់តាមពីក្រោយ ៣-២ សម្រាប់បឹងកេត មុនអាជ្ញាកណ្តលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
រីឯជំនួបនៅកីឡដ្ឋានស្តាតចាស់ឯណោះវិញ យុវជនបាទី មិនបានធ្វើឲ្យក្រសួងការពារជាតិឈ្នះដោយងាយស្រួលនោះដែរ។ អ៊ាន ពិសី ស៊ុតបាល់បញ្ចូលទីនាំមុខ ១គ្រាប់សម្រាប់យុវជនបាទី តែ Bisan George តាមស្មើវិញនៅនាទី ៤៥+១។
ឈានដល់តង់ទីពីរ Dzarma Bata ជួយឲ្យការពារជាតិនាំមុខវិញនៅនាទី៥៨ ប៉ុន្តែក្រោយមកយុវជនបាទី វាយសម្រុកបាន២គ្រាប់ជាបន្តបន្ទាប់ ដែលរកបានដោយ ប៊ុនធឿន ប៊ុនណារ៉ុង នៅនាទី៧៥ និង សៀង ចន្ធា នៅនាទី៨៣។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះការពារជាតិ បានប្រើប្រាស់ពេលវេលាមាស៤នាទីដែលនៅសេសសល់ ដោយវាយបកយកឈ្នះវិញ ដែលជាការសម្រេចបន្ថែមរបស់ Dzarma Bata និង Bisan George នៅនាទី៨៦ និង៩០។
ក្រោយការប្រកួតសប្តាហ៍ទី៧ វិសាខា ឡើងដល់១៦ពិន្ទុ ខណៈបឹងកេតរក្សា១៣ពិន្ទុ។ ក្រសួងការពារជាតិ ឡើង១៤ពិន្ទុ ចំណែកយុវជនបាទី មានតែ៣ពិន្ទុប៉ុណ្ណោះ។ ដោយឡែក មុនការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលឡើងឈរលេខមួយបណ្តោះអាសន្នដោយមាន១៨ពិន្ទុក្រោយឈ្នះអគ្គិសនីកម្ពុជា ៣-០៕
© រក្សាសិទ្ធិដោយ thmeythmey.com