កីឡាជាតិ
ជាតិ
វិសាខា​ឈ្នះ​បឹងកេត ៣-២ ខណៈ​ការពារជាតិ​តាម​វាយបក​យុវជន​បាទី ៤-៣
11, May 2019 , 8:41 pm        
រូបភាព
Da Cruz (រូបឆ្វេង) រកបាន២គ្រាប់ឲ្យវិសាខា និងជំនួបស្វិតស្វាញរវាងការពារជាតិជាមួយយុវជនបាទី
Da Cruz (រូបឆ្វេង) រកបាន២គ្រាប់ឲ្យវិសាខា និងជំនួបស្វិតស្វាញរវាងការពារជាតិជាមួយយុវជនបាទី
ដោយ: ថ្មីៗ
​វិសាខា និង​ក្រសួងការពារជាតិ ទទួលបាន​៣​ពិន្ទុ​បន្ថែម​រៀងៗ​គ្នា ក្នុងការ​ប្រកួត​ដ៏​តឹងតែង​នៅ​សប្តាហ៍​ទី​៧ នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ វិសាខា បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​បឹងកេត ៣-២ ខណៈ ក្រសួងការពារជាតិ តាម​វាយបក​យុវជន​បាទី ៤-៣​។ រីឯ​ជំនួប​គូ​ដំបូង​ប្រចាំ​សប្តាហ៍ ណាហ្គា​វើ​ល ស៊ី អគ្គិសនី​កម្ពុជា ៣-០​។​



អត្ថបទទាក់ទង

​នៅ​កីឡដ្ឋាន​វិសាខា ការប្រកួត​ដំណើរការ​រហូតដល់​ទៅ​ជាង​១​ម៉ោង​ទើប​មាន​គ្រាប់​បាល់​បញ្ចូល​ទី​។ ខ្សែប្រយុទ្ធ Luiz Eduardo Purcino ហៅ Dudu បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​ភ្ញៀវ​បឹងកេត​នៅ​នាទី​៦៣ ហើយ​៤​នាទី​ក្រោយមក មិត្ត​រួម​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់គេ គឺ​ខ្សែប្រយុទ្ធ Eliel da Cruz Guardiano វាយបក​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ​វិញ​។​

​នៅ​នាទី​៧៩ Da Cruz បន្ថែម​បាន​១​គ្រាប់​ទៀត​សម្រាប់​វិសាខា មុនពេល​ដែល សាន គឹម​ហេង បង្កើន​គ្រាប់​បាល់​នាំមុខ ៣-១ នៅ​នាទី​៩០+២​។ បី​នាទី​ក្រោយមក​ក្នុង​នាទី​បន្ថែម ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡា​បូ​រ៉ាវី ស៊ុត​បាល់​តាម​ពីក្រោយ ៣-២ សម្រាប់​បឹងកេត មុន​អាជ្ញាក​ណ្ត​ល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។​

​រីឯ​ជំនួប​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ឯណោះ​វិញ យុវជន​បាទី មិនបាន​ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​ឈ្នះ​ដោយ​ងាយស្រួល​នោះដែរ​។ អ៊ា​ន ពិសី ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ១​គ្រាប់​សម្រាប់​យុវជន​បាទី តែ Bisan George តាម​ស្មើ​វិញ​នៅ​នាទី ៤៥+១​។​

​ឈានដល់​តង់​ទី​ពីរ Dzarma Bata ជួយ​ឲ្យ​ការពារជាតិ​នាំមុខ​វិញ​នៅ​នាទី​៥៨ ប៉ុន្តែ​ក្រោយមក​យុវជន​បាទី វាយ​សម្រុក​បាន​២​គ្រាប់​ជា​បន្តបន្ទាប់ ដែល​រកបាន​ដោយ ប៊ុនធឿន ប៊ុន​ណា​រ៉ុង នៅ​នាទី​៧៥ និង សៀង ច​ន្ធា នៅ​នាទី​៨៣​។ ទោះបីជា​យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះ​ការពារជាតិ បាន​ប្រើប្រាស់​ពេលវេលា​មាស​៤​នាទី​ដែល​នៅ​សេសសល់ ដោយ​វាយបក​យកឈ្នះ​វិញ ដែលជា​ការសម្រេច​បន្ថែ​មរ​បស់ Dzarma Bata និង Bisan George នៅ​នាទី​៨៦ និង​៩០​។​

​ក្រោយ​ការប្រកួត​សប្តាហ៍​ទី​៧ វិសាខា ឡើងដល់​១៦​ពិន្ទុ ខណៈ​បឹងកេត​រក្សា​១៣​ពិន្ទុ​។ ក្រសួងការពារជាតិ ឡើង​១៤​ពិន្ទុ ចំណែក​យុវជន​បាទី មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ ដោយឡែក មុន​ការប្រកួត​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ណាហ្គា​វើ​ល​ឡើងឈរ​លេខ​មួយ​បណ្តោះអាសន្ន​ដោយមាន​១៨​ពិន្ទុ​ក្រោយ​ឈ្នះ​អគ្គិសនី​កម្ពុជា ៣-០៕




Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com