កីឡាជាតិ
ជាតិ
តើ​ព្រះខ័ន​រាជ​ស្វាយរៀង និង​អង្គ​រថា​យ​ហ្គឺ​រ​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​បាន​ឬទេ​នៅថ្ងៃនេះ​?
12, May 2019 , 11:24 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមអង្គរថាយហ្គឺរជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្នងសប្តាហ៍ទី៦ ដែលក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ១-១
សកម្មភាពប្រកួតរវាងក្រុមអង្គរថាយហ្គឺរជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្នងសប្តាហ៍ទី៦ ដែលក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ១-១
ដោយ:
​ការប្រកួត​បាល់​បាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៧​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែឧសភា​នេះ មានការ​ប្រកួត​ចំនួន​៤​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងចំណោម​ការប្រកួត​ទាំង​៤​គូ ជំនួប​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​កំពង់ចាម និង​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​អាស៊ី​អឺរ៉ុប អាច​ចាត់ទុកជា​ជំនួប​ក្រោម​ការតាមដាន​របស់​ទ​ស្ស​និក​ជន ដោយ​ចង់ដឹងថា​តើ​ក្រុម​ទាំងពីរ​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​បាន​ឬ​យ៉ាងណា​? ក្រៅពី​ជំនួប​ទាំងពីរ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ត្រូវ​ប្រជែង​ជាមួយ​សូល​ទី​ឡូ​អង្គរ មុន​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តទល់​ជាមួយ​ក្រុម​ចំណូល​ថ្មី​កំពង់ចាម ដែល​របូត​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​លី​គ​កំពូល សម្រាប់​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៧​នៅ​ម៉ោង​៣:៣០​នាទី នា​កីឡដ្ឋាន A.E.U Sport Park​។ ក្នុង​៦​ប្រកួត​កន្លងមក កំពង់ចាម​បាន​រហូត​គ្រាប់​បាល់​រហូត​៤៦​គ្រាប់ ហើយ​ទាត់​បញ្ចូល​ទី​គូប្រកួត​បានតែ​១​គ្រាប់​ប៉ុណ្ណោះ​។ ការប្រកួត​សប្តាហ៍​មុន​ក្រុម​នេះ​បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​វិសាខា ១៤-០ ដែលជា​គ្រាប់​បាល់​មិនគួរ​ឲ្យ​កើតមាន​នៅក្នុង​លី​គ​កំពូល​កម្ពុជា​។ 
 
​ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងចំណោម​៦​ប្រកួត​ឈ្នះ​៥ និង​ស្មើ​១​។ មុន​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​សប្តាហ៍​មុន ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ​បាន​យកឈ្នះ​គូប្រកួត​ជា​បន្តបន្ទាប់ ក្នុងនោះ​យកឈ្នះ​ប៉ូលិស ២-០ ក្នុងជំនួប​បើកឆាក មុន​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ នៅ​ជំនួប​បន្ទាប់​។ បន្ទាប់មក​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ ភ្នំពេញ​ក្រោ​ន ៥-១ និង​ឈ្នះ​អគ្គិសនី ១-០​។ ព្រះខ័ន​រាជ​ស្វាយរៀង​រំពឹង​យកឈ្នះ​កំពង់ចាម​នៅថ្ងៃនេះ ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ និង​គ្រង​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៧​។​
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ភ្ញៀវ​អាស៊ី​អឺរ៉ុប ដែល​ពួកគេ​រំពឹង​យកឈ្នះ​ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ សម្រាប់​៦​ប្រកួត​កន្លងមក ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​មិនទាន់​ស្គាល់​ចាញ់​នោះទេ ដោយ​ឈ្នះ​៣ ស្មើ​៣​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្រុម​នេះ​ស្មើ​សុទ្ធតែជា​មួយក្រុម​ខ្លាំងៗ គឺ​ស្មើ ១-១ ជាមួយ​ក្រសួងការពារជាតិ បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង​ទាំង​៣​ប្រកួត​។ ចំណែក​ជ័យជម្នះ​របស់គេ គឺ​យកឈ្នះ​វិសាខា ២-១ កំពង់ចាម ១១-០ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៦-០​។ បើ​ឈ្នះ​អាស៊ី​អឺរ៉ុប​នៅថ្ងៃនេះ អង្គ​រថា​យ​ហ្គឺ​រ​នឹង​ឡើងទៅ​លេខ​៤​មាន​១៥​ពិន្ទុ ខណៈ​បច្ចុប្បន្ន​ក្រុម​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​១២​ពិន្ទុ​។ 
 
​សម្រាប់​៦​ប្រកួត​កន្លង​របស់​អា​ស៊ី​អឺរ៉ុប គឺ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​៣​។ ក្រោយ​យកឈ្នះ​គីរីវង់​សុខ​សែន ២-១ នៅ​សប្តាហ៍​ទី​៣ ក្រុម​នេះ​ចាញ់​ភ្នំពេញ​ក្រោ​ន ១-០ និង​ស្មើ ២-២ ជាមួយ​អគ្គិសនី​កម្ពុជា​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៧​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​នេះ​ផងដែរ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្រោយ​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-២ កាលពី​សប្តាហ៍​មុន​ត្រូវ​ស្វាគមន៍​ក្រុម​មិនទាន់​ស្គាល់​ឈ្នះ​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ​ស្ថិ​ន​នៅ​លេខ​រៀង​ទី​៩​មាន​៦​ពិន្ទុ ក្រោយ​ឈ្នះ​២ និង​ចាញ់​៤ ខណៈ​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​១២​មាន​៣​ពិន្ទុ ក្រោយ​ស្មើ​៣ និង​ចាញ់​៣​។ 
 
​ដោយឡែក​នៅ​ម៉ោង​៦​ល្ងាច​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ទើប​តែងតាំង​លោក ស៊ុំ វណ្ណា ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ជំនួស​លោក Leonardo Vitorino ដែល​ទើប​ចាកចេញ ត្រូវ​ស្វាគមន៍​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​កីឡដ្ឋាន Smart R.S.N​។ នេះ​ជា​ជំនួប​ផ្លូវការ​លើកដំបូង​សម្រាប់​លោក ស៊ុំ វណ្ណា ក្រោយ​ធ្វើជា​គ្រូ​ជំនួយ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល​អស់​៦​ប្រកួត​។ ប៉ុន្តែ​នា​ជំនួប​ចាញ់​ក្រុម​ណាហ្គា​វើ​ល ៣-០ កាលពី​សប្តាហ៍​មុន គឺ​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អតីត​គ្រូបង្វឹក​វេ​ស្ទើ​ន​រូបនេះ​។​
 
​នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត​មួយ​ផងដែរ ដោយ​ទស្សនិកជន​ចង់ឃើញ​ទម្រង់​លេង​របស់​ភ្នំពេញ​ក្រោ​ន​ក្រោម​ការ​បង្វឹក និង​ដឹកនាំ​លើកដំបូង​របស់លោក ស៊ុំ វណ្ណា មាន​លក្ខណៈ​ខុសប្លែក​ពី​ការដឹកនាំ​របស់លោក Leonardo Vitorino ត្រង់ចំណុច​ណាខ្លះ​។ តើ​លោក ស៊ុំ វណ្ណា អាចដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាង​កេរ្តិ៍ឈ្មោះ ក៏ដូចជា​ស្នាដៃ​បាន​ឬ​យ៉ាងណា​នៅថ្ងៃនេះ​?
 
​បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​១០​មាន​៦​ពិន្ទុ ក្រោយ​ឈ្នះ​២ និង​ចាញ់​៤ ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឈរ​លេខ​រៀង​ទី​១១​មាន​៤​ពិន្ទុ ក្រោយ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៤៕   
 

Tag:
 Cambodia League 2019
  ព្រះខ័ន​រាជ​ស្វាយរៀង​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com