ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ធ្វើ​ម៉េច​ទៅ​ពេល​ឆ្កែ​ខាំ ឬ​ក្រ​ញ៉ៅ​លើ​ស្បែក​?
12, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ឆ្កែ​ខាំ​មិន​ដូចគ្នា​នឹង ការ​មុត​កំបិត​នោះទេ មានន័យថា​អ្នក​អាច​នឹងមាន​ឱកាស​ច្រើន​នឹង​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយ​ដើម្បី​សុវត្ថិភាព​អ្នក​ត្រូវតែ​ធ្វើការ​ព្យាបាល​ភ្លាមៗ​។


 
​ចំពោះ​ការសង្គ្រោះ​បឋម​លើ​ករណី​ក្រោយពី​ឆ្កែ​ខាំ​រួច​មានដូចជា​៖
 
•​ ​មិនត្រូវ​ចង​ក្រណាត់ ឬ​ខ្សែ​ជុំវិញ​កន្លែង​មាន​របួស​តឹង​ឡើយ​។ ត្រូវ​រក្សា​ឲ្យ​មុខរបួស​ចំហរ​។​
•​ ​ចូរ​លាង​សម្អាត​របួស​នោះ​ជាមួយ​ទឹក និង​សាប៊ូ​។ បើសិន​ជាមាន​អាកុល​នៅផ្ទះ​ស្រាប់ អ្នក​អាច​លាង​សម្អាត​របួស​នោះបាន​ដើម្បី​សម្លាប់​មេរោគ​។ ការធ្វើ​បែបនេះ​អាចជួយ​លាង​សម្អាត​ទឹកមាត់ និង​ធូលី​ដី​ចេញពី​កន្លែង​មាន​បញ្ហា​នោះបាន​។ 
•​ ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក្នុង​រយៈពេល ២៤​ម៉ោង និង​ទទួលយក​ការចាក់​ថ្នាំ​ដំបូង (​បើសិនជា​ចាំបាច់​) ដើម្បី​បង្ការ​ការបង្ក​រោគ​។ 
 
​មនុស្ស​ភាគច្រើន​តែង​ប្រើ​វិធី​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ឬ​លាប​ក្រេ​ម​នៅលើ​របួស​ដើម្បី​ឲ្យ​ឆាប់​ជា​។ ប៉ុន្តែ​របៀប​ព្យាបាល​ជំងឺ និង​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ដែល​ត្រឹមត្រូវ​នោះ​គឺ​ការចាក់​វ៉ាក់សាំង និង Immunoglobulin​។ ដោយសារតែ​មេរោគ​បង្ក​ជំងឺ​ឆ្កែ​ឆ្គួ​ត​គឺជា​វីរុស ដូច្នេះ​ការ​លាប​ក្រែ​ម​សម្លាប់​បាក់តេរី​នឹងមិន​មាន​ប្រសិទ្ធភាព​ឡើយ​។ ប៉ុន្តែ​អ្នក​អាច​លាបថ្នាំ​សម្លាប់​បាក់តេរី​នេះ​បាន​ដើម្បី​បង្ការ​ការបង្ក​រោគ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ មនុស្ស​ភាគច្រើន​មិនបាន​ដឹងថា ការដែល​ឆ្កែ​ខាំ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​បើសិនជា​មិនមាន​ការព្យាបាល​ទាន់ពេលវេលា​។ ជាមួយគ្នានេះដែរ មេរោគ​ឆ្កែ​ឆ្គួ​ត​មិនអាច​ព្យាបាល​បានទេ ដូច្នេះ​យក​ល្អ​គួរតែ​យល់ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា និង​ទទួលយក​ការព្យាបាល​ឲ្យ​បាន​លឿន​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com