ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ទទួលទាន “​ទឹក​ក្រូចថ្លុង​” ឬ​អត់​? ភេសជ្ជៈ​នេះ​ប្រសើរ​ណាស់ ទប់ស្កាត់​ជំងឺ​ជាច្រើន​
27, Aug 2021 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រូចថ្លុង គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរអែម  ហើយ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ល្អៗ​ជាច្រើន​ចំពោះ​សុខភាព​។ ត្រឹម ១ កែវ​នៃ​ទឹក​ក្រូចថ្លុង​ស្រស់ ជាពិសេស​ក្នុង​រដូវរងារ គឺអាច​ជួយ​ជំរុញ​កម្រិត​នៃ​វីតាមីន C​។ ក្រូចថ្លុង​មាន​ផ្ទុក​នូវ​វីតាមីន និង​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន រួមបញ្ចូល​ទាំង​សារធាតុ​លី​កូ​ប៉ែន (lycopene), ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម និង​ផូស្វ័រ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ទឹក​ក្រូចថ្លុង​ចំពោះ​សុខភាព ៖ 

១. មាន​ផ្ទុក​កាឡូរី​ទាប​
 
​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​នូវ​ភេសជ្ជៈ​ស្រស់ៗ​ដែល​នឹងមិន​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ជាតិ​កាឡូរី​ខ្ពស់​នោះ អ្នក​គួរ​សាកល្បង​ចាប់ផ្ដើម​ទទួលទាន​នូវ​ទឹក​ក្រូចថ្លុង​។  ក្រៅពី​មាន​ផ្ទុក​កាឡូរី​ទាប​ហើយ​នោះ ក្រូចថ្លុង គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង C ទៀតផង​។​
 
២. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​សារធាតុ pectin (​សារធាតុ​ស្ករ​នៅក្នុង​ផ្លែឈើ​) ដែលមាន​នៅក្នុង​ផ្លែ​ក្រូចថ្លុង​អាចជួយ​កាត់បន្ថយ​
​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន ប្រសិនបើ​អ្នក​បញ្ចូល​ទឹក​ផ្លែឈើ​នេះ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​សុខភាព​របស់​អ្នក​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹងថា ការ​ទទួលទាន​សារធាតុ pectin ទៀងទាត់​ជួយ​កាត់បន្ថយ​កួ​ឡេ​ស្តេ​រ៉ូ​មិនល្អ (LDL)​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ពេញលេញ ឬ​សារធាតុ pectin ច្រើន អ្នក​អាច​ទទួលទាន​ផ្លែ​ក្រូចថ្លុង​ទាំងមូល​តែម្ដង​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​ក្រូចថ្លុង ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៤. បង្ការ​ជំងឺ​ជាច្រើន​
 
​វីតាមីន C គឺជា​សារធាតុចិញ្ចឹម​ដ៏​មាន​ឥទ្ធិពល និង​មាន​ប្រយោជន៍​ជាច្រើន​។ ការទទួល​ទាន​អាហារ​ផ្លែឈើ​ដែលមាន​ផ្ទុក​នូវ​វីតាមីន C ខ្ពស់ គឺ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ការបាត់បង់​អាយុជីវិត រួមទាំង​ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។ សារធាតុ Lycopene នៅក្នុង​ផ្លែ​ក្រូចថ្លុង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​។ លើសពីនេះទៅទៀត ទឹក​ក្រូចថ្លុង​មាន​ផ្ទុក​នូវ​សារធាតុ Bioflavonoids, Terpenes, monoterpenes, Limonoids និង​អាស៊ីត Phenolic ដែល​សុទ្ធ​តែមាន​ប្រសិទ្ធិភាព​បង្ការ​នូវ​ជំងឺមហារីក​។ ទឹក​ក្រូចថ្លុង ក៏​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​ផងដែរ ដូច្នេះ​វា​អាច​ការពារ​អ្នក​ឲ្យ​ផុតពី​ជំងឺ​រលាក​សួត​, គ្រុនក្ដៅ និង​សូម្បីតែ​ជំងឺ​ផ្ដាសាយ​។​
 
៥. ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​
 
​ទឹក​ក្រូចថ្លុង​មាន​ផ្ទុក​អាស៊ីត​ស៊ី​ត្រាត និង​ស៊ី​ទ្រិ​ក​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ស​ក្នុង​តម្រងនោម​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀសផុត ឬ​ឆាប់​ធូរស្បើយ​ពី​ជំងឺ​ក្រួស​ស​ក្នុង​តម្រងនោម ចូរ​ព្យាយាម​ទទួលទាន​ទឹក​ក្រូចថ្លុង​ស្រស់ ឬ​ផ្លែ​ក្រូចថ្លុង​។​
 
៦. ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ផ្លែ​ក្រូចថ្លុង ក៏ដូចជា​ត្រសក់ និង​ឪឡឹក​ដែរ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោះ​ជាតិ​ទឹក ការទទួល​ទាន​ទឹក​ក្រូចថ្លុង ១ កែវ គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​។​
 
៧. បញ្ចុះ​សម្ពាធ​ឈាម​
 
​សារធាតុ Hesperidin ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ក្រូចថ្លុង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក ក៏ដូចជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​នៃ​សរសៃឈាម​តូចៗ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ក្រូចថ្លុង ឬ​ទឹក​ក្រូចថ្លុង​ស្រស់​ទៀងទាត់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​បញ្ហា​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។

៨. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​ប្រសិនបើ​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ផ្លែ​ក្រូចថ្លុង គឺអាច​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ស្រក​នៃ​ទម្ងន់​បាន​។ ទឹក​ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com