ភ្នំពេញ៖ អាយុកាលដ៏វែងឆ្ងាយរបស់ឧបករណ៍ភ្លេងខ្មែរក្នុងប្រវត្តិសាស្ត្រកម្ពុជា តន្ត្រីផ្សារភ្ជាប់ជាមួយសង្គមនឹងជីវិត បានទាក់ទាញចិត្តលោក ជេហ្វរី ដាយើ (Jeffrey Dyer) ជនជាតិអាមេរិក មកស្រាវជ្រាវសម្រាប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន។ មិនត្រឹមតែស្រាវជ្រាវឧបករណ៍ភ្លេងខ្មែរប៉ុណ្ណោះទេតែ ជេហ្វ បានជាប់ចិត្តនឹងអាហារ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រខ្មែរថែមទៀតផង។ បច្ចុប្បន្ន លោក ជេហ្វរី ដាយើ ចាប់អារម្មណ៍ស្រាវជ្រាវឧបករណ៍ភ្លេងខ្មែរសម្រាប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួនផងដែរ។
តទៅនេះ សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញ ប៉ូ សាគុន ដូចតទៅ៖
«ខ្ញុំដឹងខ្លះអំពីឧបករណ៍ភ្លេងនីមួយៗ ហើយខ្ញុំរៀនភាសាខ្មែរតែមួយឬពីរខែនៅអាមេរិក រួចហើយខ្ញុំចេញមកស្រុកខ្មែរ។ ពេលនោះខ្ញុំដឹងច្រើនពីរឿងសង្គ្រាមប៉ុលពត ជាពិសេសឆ្នាំ២០០៤ និង២០០៥ គេប្រាប់ខ្ញុំកុំឱ្យទៅក្រៅពីទីក្រុង ហើយកុំទៅកន្លែងឆ្ងាយពីទីក្រុង ពីព្រោះគេគិតថាមានគ្រាប់បែក»។ ទាំងនេះជាការរៀបរាប់បទពិសោធមុនមកកម្ពុជាលើកដំបូងរបស់លោក ជេហ្វរី។
ទោះបីមុនមកដល់ប្រទេសកម្ពុជាលោក ជេហ្វរី ដាយើ (Jeffrey Dyer) បានដឹងច្រើនតែពីរឿងសង្គ្រាម ក៏លោកនៅតែសម្រេចចិត្តមកស្រុកខ្មែរឱ្យទាល់តែបាន។ ពេលមកដល់កម្ពុជា ជេហ្វ បានសង្កេតឃើញថា គ្រប់យ៉ាងនៅកម្ពុជាមិនដូចអ្វីដែលគេនិយាយទាំងស្រុងឡើយ ៖«នៅអាមេរិកមានអ្នកខ្លះរួមទាំងអ្នកស្រាវជ្រាវខ្លះផង គេគិតពីស្រុកខ្មែរ គឺគេគិតពីសម័យសង្គ្រាម និងគិតថានៅមានបញ្ហាច្រើនដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែខ្ញុំមិនសូវគិតតាមគំនិតនោះទេ ខ្ញុំគិតថាក្រៅពីសង្គ្រាមខ្មែរមានកម្លាំងច្រើន មានចំណេះដឹងច្រើន ហើយអ្នកភ្លេងមានចំណេះដឹងច្រើនដែរ»។
អង្គុយលើកៅអីក្រោមដើមស្វាយជិតកុដ្ឋព្រះសង្ឃក្នុងវត្តបទុមវត្ដី ជេហ្វរី បានយកឧបករណ៍ខ្លុយនិងឧបករណ៍ខ្សែមួយសម្រាប់លេងបង្ហាញខ្ញុំ។ ហើយឧបករណ៍ទាំងពីនេះក៏ជាឧបករណ៍ សម្រាប់ការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតរបស់ខ្លួន។ លោកបន្ថែម ៖«ខ្ញុំបានអាហារូបករណ៍មកទីនេះដើម្បីស្រាវជ្រាវពេញមួយឆ្នាំ។ មុនខ្ញុំមកដល់កម្ពុជាខ្ញុំចង់រៀនខ្លុយ ព្រោះខ្ញុំគិតថាបច្ចេកទេសខ្លុយស្រួលរៀន ហើយខ្ញុំគិតថាខ្ញុំរៀនចេះបទច្រើនឆាប់ៗ។ ខ្ញុំចង់ជ្រើសរើសឧបករណ៍មួយទៀត ហើយពេលខ្ញុំមកដល់ទីនេះខ្ញុំរៀនឧបករណ៍ខ្សែ១មួយទៀត។
ដំអក់គិតបន្តិចបុរសវ័យ៣៦រូបនេះ ពិតជាមានផលពិបាកក្នុងការហាត់រៀនឧបករណ៍ខ្សែមួយ បើទោះបីជាលោកធ្លាប់ចេះលេងឧបករណ៍ភ្លេងពីមុនមកហើយក៏ដោយចុះ៖«ផ្លូវរៀនឧបករណ៍ខ្សែមួយពិបាក ហើយរៀនភ្លេងខ្មែរគឺពិបាក។ នៅប្រទេសខ្ញុំពេលរៀនភ្លេង គេប្រើណោត នៅទីនេះអ្នកភ្លេងអត់ប្រើណោតទេ ដូច្នេះពេលខ្ញុំរៀនខ្ញុំភ្លេចបទច្រើន។ ថ្ងៃនេះខ្ញុំរៀនបទថ្មីមួយ ដល់ខ្ញុំមកដល់ផ្ទះវិញនៅពេលយប់ខ្ញុំភ្លេចអស់ ត្រូវការទៅរំឭកជាមួយអ្នកគ្រូឬលោកគ្រូវិញ»។
ឧបករណ៍ខ្សែមួយចាត់ចូលក្នុងឧបករណ៍ភ្លេងដែលពិបាករៀន ហើយក្នុងចំណោមតន្ត្រីករខ្មែរ ក៏មិនសូវសម្បូរអ្នកចេះដែរ តែទោះជាយ៉ាងណាក៏ដោយ ចិត្តស្រឡាញ់សំឡេងឧបករណ៍នេះខ្លាំង នាំឱ្យ ជេហ្វ ជំនះការលំបាកទាំងនោះបាន ៖«ពីព្រោះខ្ញុំស្រឡាញ់សំឡេងខ្សែ១។ ខ្ញុំចាប់ផ្ដើមរៀន ខ្ញុំមិនសូវខ្លាចឧបករណ៍នេះមានបច្ចេកទេសពិបាកទេ ព្រោះខ្ញុំមានពេលច្រើនដើម្បីរៀន។ នៅអាមេរិកខ្ញុំធ្វើជាតន្ត្រីករ ខ្ញុំចេះបច្ចេកទេសភ្លេងរួចហើយ ប្រហែលខ្ញុំអាចធ្វើបាន»។
មិនត្រឹមតែឧបករណ៍ខ្លុយ និងឧបករណ៍ខ្សែមួយនោះទេ ដែលបុរសជនជាតិអាមេរិករូបនេះចាប់អារម្មណ៍ តែលោកថែមទាំងរៀនឧបករណ៍ពិណ និងរៀនតន្ត្រីកំដរសពថែមទៀតផង។ តន្ត្រីដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយនោះ គឺជាអ្វីដែលនាំចិត្តអនាគតបេក្ខភាពបណ្ឌិតរូបនេះ ស្រាវជ្រាវឧបករណ៍ភ្លេងទាំងនោះ៖« ខ្ញុំជ្រើសរើសឧបករណ៍ពិណ ព្រោះខ្ញុំចាប់អារម្មណ៍ប្រវត្តិសាស្ត្រខ្មែរ។ ខ្ញុំដឹងថាពីមុនមកមានឧបករណ៍ពិណនៅស្រុកខ្មែរ បន្ទាប់មកបាត់បង់ឧបករណ៍ហ្នឹង។ ហើយប្រហែលឆ្នាំ២០១០ជាង មានតន្ត្រីករខ្លះធ្វើឱ្យឧបករណ៍នេះរស់ឡើងវិញ»។
និយាយទាំងសប្បាយចិត្ត ជេហ្វ ថាលោកជ្រើសរើសប្រទេសកម្ពុជាជាពិសេសក្នុងការស្រាវជ្រាវឧបករណ៍ភ្លេងថ្នាក់បណ្ឌិតរបស់ខ្លួន ៖«ខ្ញុំស្រាវជ្រាវនៅតែកម្ពុជា។ ប្រទេសកម្ពុជានិងប្រទេសជិតខាងនៅជិតគ្នារងឥទ្ធិពលគ្នាទៅវិញទៅមក។ ដូច្នេះខ្ញុំត្រូវការដឹងខ្លះពីប្រទេសឥណ្ឌា ភូមា ថៃ ឡាវ ប៉ុន្តែជាពិសេសខ្ញុំស្រាវជ្រាវនៅប្រទេសកម្ពុជា»។
លោកបញ្ជាក់មូលហេតុដែលកម្ពុជាជាជម្រើសល្អបំផុតសម្រាប់ការស្រាវជ្រាវ៖«ខ្ញុំទៅប្រទេសថៃ វៀតណាម ភូមា នឹងប្រទេសឥណ្ឌាដែរ។ ពេលខ្ញុំទៅឥណ្ឌា និងប្រទេសថៃខ្ញុំស្រាវជ្រាវប្រវត្តិសាស្ត្រឧបករណ៍ខ្សែមួយ ពីព្រោះនៅប្រទេសទាំងពីនេះមានឧបករណ៍នេះដែរ។ ប៉ុន្តែពេលខ្ញុំទៅទីនោះខ្ញុំមិនចេះភាសាគេ ខ្ញុំមិនសូវស្គាល់អ្នកភ្លេងនៅទីនោះ។ នៅស្រុកខ្មែរខ្ញុំមានបទពិសោធច្រើនជាង ដូច្នេះខ្ញុំគិតថាពេលខ្ញុំសរសេរឯកសារថ្នាក់បណ្ឌិត វានឹងមានគុណភាពល្អជាង»។
អង្គុយសម្លឹងទៅឧបករណ៍ខ្សែមួយដែលនៅខាងមុខ អ្នកស្រាវជ្រាវដែលមានបងប្អូនពីនាក់រូបនេះ ថាខ្លួនមានផលពិបាកខ្លះដែរពេលរស់នៅកម្ពុជា៖«ភាសាខ្មែរពិបាករៀន មានពាក្យច្រើន។ សំឡេងភាសាខ្មែរខុសគ្នាឆ្ងាយពីសំឡេងភាសាអង់គ្លេស ហើយពេលខ្ញុំអាននិងសរសេរក៏ពិបាកដែរ។ ពេលខ្ញុំរស់នៅស្រុកខ្មែរ ខ្ញុំនឹកបងប្អូននឹកម៉ាក់ប៉ាខ្ញុំ ពីព្រោះខ្ញុំនៅទីនេះពេញមួយឆ្នាំ ខ្ញុំមិនបានជួបពួកគេ ខ្ញុំនឹកគេខ្លាំង។ ប៉ុន្តែពេលខ្ញុំនៅទីនេះ ជនជាតិខ្មែរជួយខ្ញុំបានច្រើន និងជូនខ្ញុំទៅកម្មវិធីបុណ្យច្រើន»។
និយាយបណ្ដើរសើចបណ្ដើរ យូរៗម្ដង ជេហ្វ នឹកអាហារអាមេរិកដែលគាត់ធ្លាប់ទទួលទាន។ តែលោកក៏ចូលចិត្តអាហារខ្មែរមួយចំនួនដែរ ៖«ជួនកាលខ្ញុំនឹកម្ហូបអាមេរិក។ តែខ្ញុំក៏ចូលចិត្តម្ហូបខ្មែរដែរ។ ពេលព្រឹកខ្ញុំហូបបាយសាច់ជ្រូកតាមផ្លូវ ឬហូបគុយទាវតាមផ្លូវ។ នៅទីនេះខ្ញុំមិនសូវហូបនំប៉ាំងនៅផ្ទះទេ។ យូរៗម្ដងខ្ញុំហូបប្រហុក ខ្ញុំចូលចិត្ត!។ ប៉ុន្តែបើសិនស្អុយពេក ខ្ញុំអត់ចូលចិត្តទេ។ ខ្ញុំចូលចិត្តសម្លគ្រឿង សម្លម្ជូរ សម្លម្ជូរយួនឆ្ងាញ់! គុយទាវឆ្ងាញ់!»។
ក្នុងសម្លៀកបំពាក់អាវឆ្នូតពណ៌សលាយក្រហម ព្រមដោយស្នាមញញឹម ជេហ្វ បញ្ជាក់ពីអ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងជាងគេនៅកម្ពុជា គឺអាយុកាលរបស់ប្រទេសនេះ ហើយនឹងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណ ផ្សារភ្ជាប់ជាមួយជីវិតប្រជាជនខ្មែរដល់បច្ចុប្បន្ន ៖«ខ្ញុំចាប់អារម្មណ៍ប្រវត្តិសាស្ត្រខ្មែរ ពីព្រោះខ្ញុំដឹងថាប្រវត្តិសាស្ត្រនៅប្រទេសខ្មែរ វែងមែនទែន។ ប្រវត្តិសាស្ត្រនៅប្រទេសរបស់ខ្ញុំនៅអាមេរិក មានតែ២០០ឆ្នាំ ៣០០ឆ្នាំ។ មនុស្សខ្មែរភាគច្រើននៅក្នុងជីវិតរបស់គេ ទាក់ទងនឹងព្រលឹង ខ្មោច ព្រះ ទេពតា។ ហេតុអ្វីមនុស្សខ្មែរសែនព្រលឹង អ្នកដែលស្លាប់ហើយ គេបង្សុកូល គេថ្វាយភ្លេង»?
សម្រាប់នៅអាមេរិក ជេហ្វ សន្និដ្ឋានថាប្រហែលប្រជាជននៅទីនោះ មិនបានចាប់អារម្មណ៍ឬឱ្យតម្លៃលើព្រលឹងច្រើនឡើយ។ លោកបញ្ជាក់ស្របពេលអ្នកដំណើរដើរឆ្លងកាត់ ៖«ប្រហែលភាគច្រើននៅអាមេរិក គេគិតថាយើងទំនើបហើយ យើងមិនត្រូវការគិតពីរឿងជំនឿទេ។ ប៉ុន្តែសម្រាប់ឯកសារបណ្ឌិតរបស់ខ្ញុំ ខ្ញុំអានសៀវភៅច្រើនដែលប្រាប់ថាប្រទេសនីមួយៗនៅលើពិភពលោក មនុស្សភាគច្រើនគេគិតថាមានព្រលឹងជីដូនជីតាដែលស្លាប់ហើយ»។
ដ្បិតរស់ក្នុងប្រទេសជឿនលឿន ដែលមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់នឹងឱ្យតម្លៃលើព្រលឹងតែ ជេហ្វ យល់ថាការរៀនឧបករណ៍ភ្លេងបុរាណខ្មែរ អាចធ្វើឱ្យព្រលឹងជីតារបស់គាត់សប្បាយចិត្ត ៖«ជីតាខ្ញុំគាត់ស្រឡាញ់ខាងតន្ត្រីបុរាណ។ គាត់មកពីប្រទេសអូស្ទ្រៀ ជិតអាឡឺម៉ង់។ ខ្ញុំដឹងថាភ្លេងខ្មែរនិងភ្លេងដែលគាត់ស្រឡាញ់ខុសគ្នាឆ្ងាយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ពេលខ្ញុំស្រាវជ្រាវតន្ត្រីខ្មែរបន្តទៀត ខ្ញុំគិតថាគាត់នឹងសប្បាយចិត្ត»។
កាលពីឆ្នាំ២០០៥ ក្រោយពីរៀនឧបករណ៍ភ្លេងបុរាណខ្មែរចេះខ្លះៗ ជេហ្វ បានយកចំណេះទាំងនោះទៅសម្ដែងនៅសហរដ្ឋអាមេរិកជាច្រើនលើក។ ហើយក្រោយពីការស្រាវជ្រាវសម្រាប់ឯកសារថ្នាក់បណ្ឌិតលើកនេះរួច លោកនឹងរៀបចំការសម្ដែងឧបករណ៍ទាំងនោះនៅអាមេរិកទៀត។ ជេហ្វ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖«ខ្ញុំសម្ដែងឧបករណ៍ខ្សែមួយ និងខ្លុយច្រើនក្រៅពីប្រទេសកម្ពុជា។ ឆ្នាំ២០០៥ពេលខ្ញុំមកដល់អាមេរិកវិញ ខ្ញុំទៅជួបអ្នកភ្លេងនៅទីក្រុងណូវែល ធ្វើកម្មវិធីភ្លេងច្រើននៅទីនោះ។ នៅឆ្នាំ២០១៥ ខ្ញុំជូនអ្នកភ្លេងបីនាក់ចេញពីស្រុកខ្មែរ ទៅសម្ដែងច្រើននៅអាមេរិក។ ឆ្នាំនេះពេលខ្ញុំចេញពីស្រុកខ្មែរទៅអាមេរិកវិញ ខ្ញុំនឹងធ្វើតាមនោះដែរ។ ហើយខ្ញុំគិតថាខ្ញុំនឹងមកខ្មែរវិញដើម្បីស្រាវជ្រាវតទៅទៀត ព្រោះមានរឿងច្រើននៅស្រុកខ្មែរ»។
កន្លងមកមានជនបរទេសជាតិសាសន៍ផ្សេងៗគ្នាជាច្រើនរូប បានមកកម្ពុជាដើម្បីស្រាវជ្រាវពីប្រវត្តិសាស្ត្រ ពីតន្ត្រី សិល្បៈ ទំនៀមទម្លាប់ប្រពៃណី ពីអាថ៍កំបាំងជាច្រើនរបស់ប្រាសាទ នឹងមានរឿងច្រើនទៀតពីខ្មែរ ទុកជាឯកសារស្រាវជ្រាវសម្រាប់ពិភពលោក និងក្នុងគោលបំណងផ្សេងៗទៀត៕