ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិ​អាមេរិក​ម្នាក់​ស្រាវជ្រាវ​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ថ្នាក់បណ្ឌិត​របស់ខ្លួន​
12, May 2019 , 1:29 pm        
រូបភាព
​ភ្នំពេញ​៖ អាយុកាល​ដ៏​វែងឆ្ងាយ​របស់​ឧបករណ៍​ភ្លេងខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា តន្ត្រី​ផ្សារភ្ជាប់​ជាមួយ​សង្គម​នឹង​ជីវិត បាន​ទាក់ទាញ​ចិត្ត​លោក  ជេ​ហ្វ​រី ដា​យើ (Jeffrey Dyer) ជនជាតិ​អាមេរិក មក​ស្រាវជ្រាវ​សម្រាប់​ការសិក្សា​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ មិន​ត្រឹមតែ​ស្រាវជ្រាវ​ឧបករណ៍​ភ្លេងខ្មែរ​ប៉ុណ្ណោះ​ទេ​តែ ជេ​ហ្វ បាន​ជាប់​ចិត្តនឹង​អាហារ ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ថែម​ទៀតផង​។ បច្ចុប្បន្ន លោក ជេ​ហ្វ​រី ដា​យើ ចាប់អារម្មណ៍​ស្រាវជ្រាវ​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ការសិក្សា​ថ្នាក់បណ្ឌិត​របស់ខ្លួន​ផងដែរ​។​


 
​តទៅ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោ​យក​ញ្ញ ប៉ូ សា​គុន ដូចតទៅ​៖



 
«​ខ្ញុំ​ដឹង​ខ្លះ​អំពី​ឧបករណ៍​ភ្លេង​នីមួយៗ ហើយ​ខ្ញុំ​រៀន​ភាសា​ខ្មែរ​តែមួយ​ឬ​ពីរ​ខែ​នៅ​អាមេរិក រួចហើយ​ខ្ញុំ​ចេញមក​ស្រុក​ខ្មែរ​។ ពេលនោះ​ខ្ញុំ​ដឹង​ច្រើន​ពី​រឿង​សង្គ្រាម​ប៉ុលពត ជាពិសេស​ឆ្នាំ​២០០៤ និង​២០០៥ គេ​ប្រាប់​ខ្ញុំ​កុំ​ឱ្យទៅ​ក្រៅពី​ទីក្រុង ហើយ​កុំទៅ​កន្លែង​ឆ្ងាយ​ពី​ទីក្រុង ពីព្រោះ​គេ​គិតថា​មាន​គ្រាប់បែក​»​។ ទាំងនេះ​ជាការ​រៀបរាប់​បទពិសោធ​មុន​មក​កម្ពុជា​លើកដំបូង​របស់លោក ជេ​ហ្វ​រី​។​
 
​ទោះបី​មុន​មកដល់​ប្រទេស​កម្ពុជា​លោក ជេ​ហ្វ​រី ដា​យើ (Jeffrey Dyer) បានដឹង​ច្រើនតែ​ពី​រឿង​សង្គ្រាម ក៏​លោក​នៅតែ​សម្រេចចិត្ត​មក​ស្រុក​ខ្មែរ​ឱ្យ​ទាល់តែ​បាន​។ ពេលមកដល់​កម្ពុជា ជេ​ហ្វ បាន​សង្កេតឃើញថា គ្រប់យ៉ាង​នៅ​កម្ពុជា​មិន​ដូច​អ្វីដែល​គេ​និយាយ​ទាំងស្រុង​ឡើយ ៖«​នៅ​អាមេរិក​មាន​អ្នកខ្លះ​រួមទាំង​អ្នកស្រាវជ្រាវ​ខ្លះ​ផង គេ​គិតពី​ស្រុក​ខ្មែរ គឺ​គេ​គិតពី​សម័យ​សង្គ្រាម និង​គិតថា​នៅមាន​បញ្ហា​ច្រើន​ដែល​សល់​ពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​ខ្ញុំ​មិនសូវ​គិត​តាម​គំនិត​នោះទេ ខ្ញុំ​គិតថា​ក្រៅពី​សង្គ្រាម​ខ្មែរ​មាន​កម្លាំង​ច្រើន មានចំណេះដឹង​ច្រើន ហើយ​អ្នកភ្លេង​មានចំណេះដឹង​ច្រើន​ដែរ​»​។ 
 
​អង្គុយ​លើ​កៅអី​ក្រោម​ដើម​ស្វាយ​ជិត​កុ​ដ្ឋ​ព្រះសង្ឃ​ក្នុង​វត្ត​បទុម​វ​ត្ដី ជេ​ហ្វ​រី បាន​យក​ឧបករណ៍​ខ្លុយ​និង​ឧបករណ៍​ខ្សែ​មួយ​សម្រាប់​លេង​បង្ហាញ​ខ្ញុំ​។ ហើយ​ឧបករណ៍​ទាំង​ពីនេះ​ក៏​ជា​ឧបករណ៍ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ លោក​បន្ថែម ៖«​ខ្ញុំ​បាន​អាហារូបករណ៍​មក​ទីនេះ​ដើម្បី​ស្រាវជ្រាវ​ពេញ​មួយឆ្នាំ​។ មុន​ខ្ញុំ​មកដល់​កម្ពុជា​ខ្ញុំ​ចង់​រៀន​ខ្លុយ ព្រោះ​ខ្ញុំ​គិតថា​បច្ចេកទេស​ខ្លុយ​ស្រួល​រៀន ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​រៀន​ចេះ​បទ​ច្រើន​ឆាប់ៗ​។ ខ្ញុំ​ចង់​ជ្រើសរើស​ឧបករណ៍​មួយទៀត ហើយ​ពេល​ខ្ញុំ​មកដល់​ទីនេះ​ខ្ញុំ​រៀន​ឧបករណ៍​ខ្សែ​១​មួយទៀត​។​


 
​ដំអក់​គិត​បន្តិច​បុរស​វ័យ​៣៦​រូបនេះ ពិតជា​មាន​ផល​ពិបាក​ក្នុងការ​ហាត់រៀន​ឧបករណ៍​ខ្សែ​មួយ បើទោះបីជា​លោក​ធ្លាប់​ចេះ​លេង​ឧបករណ៍​ភ្លេង​ពីមុន​មកហើយ​ក៏ដោយចុះ​៖«​ផ្លូវ​រៀន​ឧបករណ៍​ខ្សែ​មួយ​ពិបាក ហើយ​រៀន​ភ្លេងខ្មែរ​គឺ​ពិបាក​។ នៅ​ប្រទេស​ខ្ញុំ​ពេល​រៀន​ភ្លេង គេ​ប្រើ​ណោ​ត នៅទីនេះ​អ្នកភ្លេង​អត់​ប្រើ​ណោ​ត​ទេ ដូច្នេះ​ពេល​ខ្ញុំ​រៀន​ខ្ញុំ​ភ្លេច​បទ​ច្រើន​។ ថ្ងៃនេះ​ខ្ញុំ​រៀន​បទ​ថ្មី​មួយ ដល់​ខ្ញុំ​មកដល់​ផ្ទះ​វិញ​នៅពេល​យប់​ខ្ញុំ​ភ្លេច​អស់ ត្រូវការ​ទៅ​រំឭក​ជាមួយ​អ្នកគ្រូ​ឬ​លោកគ្រូ​វិញ​»​។​
 
​ឧបករណ៍​ខ្សែ​មួយ​ចាត់​ចូលក្នុង​ឧបករណ៍​ភ្លេង​ដែល​ពិបាក​រៀន ហើយ​ក្នុងចំណោម​តន្ត្រីករ​ខ្មែរ ក៏​មិនសូវ​សម្បូរ​អ្នកចេះ​ដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ ចិត្ត​ស្រឡាញ់​សំឡេង​ឧបករណ៍​នេះ​ខ្លាំង នាំឱ្យ ជេ​ហ្វ ជំនះ​ការលំបាក​ទាំងនោះ​បាន ៖«​ពីព្រោះ​ខ្ញុំ​ស្រឡាញ់​សំឡេង​ខ្សែ​១​។ ខ្ញុំ​ចាប់ផ្ដើម​រៀន ខ្ញុំ​មិនសូវ​ខ្លាច​ឧបករណ៍​នេះ​មាន​បច្ចេកទេស​ពិបាក​ទេ ព្រោះ​ខ្ញុំ​មាន​ពេល​ច្រើន​ដើម្បី​រៀន​។ នៅ​អាមេរិក​ខ្ញុំ​ធ្វើជា​តន្ត្រីករ ខ្ញុំ​ចេះ​បច្ចេកទេស​ភ្លេង​រួចហើយ ប្រហែល​ខ្ញុំ​អាចធ្វើ​បាន​»​។​
 
​មិន​ត្រឹមតែ​ឧបករណ៍​ខ្លុយ និង​ឧបករណ៍​ខ្សែ​មួយ​នោះទេ ដែល​បុរស​ជនជាតិ​អាមេរិក​រូបនេះ​ចាប់អារម្មណ៍ តែ​លោក​ថែមទាំង​រៀន​ឧបករណ៍​ពិណ និង​រៀន​តន្ត្រី​កំដរ​សព​ថែម​ទៀតផង​។ តន្ត្រី​ដែល​ផ្សារភ្ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មកហើយ​នោះ គឺជា​អ្វីដែល​នាំ​ចិត្ត​អនាគត​បេក្ខភាព​បណ្ឌិត​រូបនេះ ស្រាវជ្រាវ​ឧបករណ៍​ភ្លេង​ទាំងនោះ​៖« ខ្ញុំ​ជ្រើសរើស​ឧបករណ៍​ពិណ ព្រោះ​ខ្ញុំ​ចាប់អារម្មណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ខ្ញុំ​ដឹងថា​ពីមុនមក​មាន​ឧបករណ៍​ពិណ​នៅ​ស្រុក​ខ្មែរ បន្ទាប់មក​បាត់បង់​ឧបករណ៍​ហ្នឹង​។ ហើយ​ប្រហែល​ឆ្នាំ​២០១០​ជាង មាន​តន្ត្រីករ​ខ្លះ​ធ្វើឱ្យ​ឧបករណ៍​នេះ​រស់​ឡើងវិញ​»​។​
 
​និយាយ​ទាំង​សប្បាយចិត្ត ជេ​ហ្វ  ថា​លោក​ជ្រើសរើស​ប្រទេស​កម្ពុជា​ជាពិសេស​ក្នុងការ​ស្រាវជ្រាវ​ឧបករណ៍​ភ្លេង​ថ្នាក់បណ្ឌិត​របស់ខ្លួន ៖«​ខ្ញុំ​ស្រាវជ្រាវ​នៅតែ​កម្ពុជា​។ ប្រទេស​កម្ពុជា​និង​ប្រទេសជិតខាង​នៅ​ជិតគ្នា​រង​ឥទ្ធិពល​គ្នា​ទៅវិញទៅមក​។ ដូច្នេះ​ខ្ញុំ​ត្រូវ​ការដឹង​ខ្លះ​ពី​ប្រទេស​ឥណ្ឌា ភូមា ថៃ ឡាវ ប៉ុន្តែ​ជាពិសេស​ខ្ញុំ​ស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​»​។​
 
​លោក​បញ្ជាក់​មូលហេតុ​ដែល​កម្ពុជា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការស្រាវជ្រាវ​៖«​ខ្ញុំ​ទៅ​ប្រទេស​ថៃ វៀតណាម ភូមា នឹង​ប្រទេស​ឥណ្ឌា​ដែរ​។ ពេល​ខ្ញុំ​ទៅ​ឥណ្ឌា និង​ប្រទេស​ថៃ​ខ្ញុំ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ឧបករណ៍​ខ្សែ​មួយ ពីព្រោះ​នៅ​ប្រទេស​ទាំង​ពីនេះ​មាន​ឧបករណ៍​នេះដែរ​។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ទីនោះ​ខ្ញុំ​មិនចេះ​ភាសា​គេ ខ្ញុំ​មិនសូវ​ស្គាល់​អ្នកភ្លេង​នៅ​ទីនោះ​។ នៅ​ស្រុក​ខ្មែរ​ខ្ញុំ​មាន​បទពិសោធ​ច្រើនជាង ដូច្នេះ​ខ្ញុំ​គិតថា​ពេល​ខ្ញុំ​សរសេរ​ឯកសារ​ថ្នាក់បណ្ឌិត វា​នឹងមាន​គុណភាព​ល្អ​ជាង​»​។ 
 
​អង្គុយ​សម្លឹង​ទៅ​ឧបករណ៍​ខ្សែ​មួយ​ដែល​នៅខាងមុខ អ្នកស្រាវជ្រាវ​ដែលមាន​បងប្អូន​ពី​នាក់​រូបនេះ ថា​ខ្លួន​មាន​ផល​ពិបាក​ខ្លះ​ដែរ​ពេល​រស់នៅ​កម្ពុជា​៖«​ភាសា​ខ្មែរ​ពិបាក​រៀន មាន​ពាក្យ​ច្រើន​។ សំឡេង​ភាសា​ខ្មែរ​ខុសគ្នា​ឆ្ងាយ​ពី​សំឡេង​ភាសា​អង់គ្លេស ហើយ​ពេល​ខ្ញុំ​អាន​និង​សរសេរ​ក៏​ពិបាក​ដែរ​។ ពេល​ខ្ញុំ​រស់នៅ​ស្រុក​ខ្មែរ ខ្ញុំ​នឹក​បងប្អូន​នឹក​ម៉ាក់​ប៉ា​ខ្ញុំ ពីព្រោះ​ខ្ញុំ​នៅទីនេះ​ពេញ​មួយឆ្នាំ ខ្ញុំ​មិនបាន​ជួប​ពួកគេ ខ្ញុំ​នឹក​គេ​ខ្លាំង​។ ប៉ុន្តែ​ពេល​ខ្ញុំ​នៅទីនេះ ជនជាតិខ្មែរ​ជួយ​ខ្ញុំ​បាន​ច្រើន និង​ជូន​ខ្ញុំ​ទៅ​កម្មវិធី​បុណ្យ​ច្រើន​»​។​
 
​និយាយ​បណ្ដើរ​សើច​បណ្ដើរ យូរៗ​ម្ដង ជេ​ហ្វ នឹក​អាហារ​អាមេរិក​ដែល​គាត់​ធ្លាប់​ទទួលទាន​។ តែ​លោក​ក៏​ចូលចិត្ត​អាហារ​ខ្មែរ​មួយចំនួន​ដែរ ៖«​ជួនកាល​ខ្ញុំ​នឹក​ម្ហូប​អាមេរិក​។ តែ​ខ្ញុំ​ក៏​ចូលចិត្ត​ម្ហូប​ខ្មែរ​ដែរ​។ ពេលព្រឹក​ខ្ញុំ​ហូបបាយ​សាច់ជ្រូក​តាមផ្លូវ ឬ​ហូប​គុយទាវ​តាមផ្លូវ​។ នៅទីនេះ​ខ្ញុំ​មិនសូវ​ហូប​នំប៉ាំង​នៅផ្ទះ​ទេ​។ យូរៗ​ម្ដង​ខ្ញុំ​ហូប​ប្រហុក ខ្ញុំ​ចូលចិត្ត​!​។ ប៉ុន្តែ​បើសិន​ស្អុយ​ពេក ខ្ញុំ​អត់​ចូលចិត្ត​ទេ​។ ខ្ញុំ​ចូលចិត្ត​សម្ល​គ្រឿង សម្លម្ជូរ សម្លម្ជូរយួន​ឆ្ងាញ់​! គុយទាវ​ឆ្ងាញ់​!»​។​


 
​ក្នុង​សម្លៀកបំពាក់​អាវ​ឆ្នូត​ពណ៌​សលាយ​ក្រហម ព្រម​ដោយ​ស្នាមញញឹម ជេ​ហ្វ បញ្ជាក់​ពីអ្វី​ដែល​គាត់​ចាប់អារម្មណ៍​ខ្លាំងជាងគេ​នៅ​កម្ពុជា គឺ​អាយុកាល​របស់​ប្រទេស​នេះ ហើយនឹង​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណ ផ្សារភ្ជាប់​ជាមួយ​ជីវិត​ប្រជាជន​ខ្មែរ​ដល់​បច្ចុប្បន្ន ៖«​ខ្ញុំ​ចាប់អារម្មណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ ពីព្រោះ​ខ្ញុំ​ដឹងថា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​ខ្មែរ វែង​មែនទែន​។ ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​របស់ខ្ញុំ​នៅ​អាមេរិក មានតែ​២០០​ឆ្នាំ ៣០០​ឆ្នាំ​។ មនុស្ស​ខ្មែរ​ភាគច្រើន​នៅក្នុង​ជីវិត​របស់គេ ទាក់ទង​នឹង​ព្រលឹង ខ្មោច ព្រះ ទេពតា​។ ហេតុអ្វី​មនុស្ស​ខ្មែរ​សែន​ព្រលឹង អ្នក​ដែល​ស្លាប់​ហើយ គេ​បង្សុកូល គេ​ថ្វាយ​ភ្លេង​»?
 
​សម្រាប់​នៅ​អាមេរិក ជេ​ហ្វ សន្និដ្ឋានថា​ប្រហែល​ប្រជាជន​នៅ​ទីនោះ មិនបាន​ចាប់អារម្មណ៍​ឬ​ឱ្យ​តម្លៃ​លើ​ព្រលឹង​ច្រើន​ឡើយ​។ លោក​បញ្ជាក់​ស្របពេល​អ្នកដំណើរ​ដើរ​ឆ្លងកាត់ ៖«​ប្រហែល​ភាគច្រើន​នៅ​អាមេរិក គេ​គិតថា​យើង​ទំនើប​ហើយ យើង​មិន​ត្រូវការ​គិតពី​រឿង​ជំនឿ​ទេ​។ ប៉ុន្តែ​សម្រាប់​ឯកសារ​បណ្ឌិត​របស់ខ្ញុំ ខ្ញុំ​អាន​សៀវភៅ​ច្រើន​ដែល​ប្រាប់ថា​ប្រទេស​នីមួយៗ​នៅលើ​ពិភពលោក មនុស្ស​ភាគច្រើន​គេ​គិតថា​មានព្រលឹង​ជីដូន​ជីតា​ដែល​ស្លាប់​ហើយ​»​។ 
 
​ដ្បិត​រស់ក្នុង​ប្រទេស​ជឿនលឿន ដែល​មនុស្ស​ភាគច្រើន​មិនសូវ​យកចិត្តទុកដាក់​នឹង​ឱ្យ​តម្លៃ​លើ​ព្រលឹង​តែ ជេ​ហ្វ យល់ថា​ការរៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ អាចធ្វើឱ្យ​ព្រលឹង​ជីតា​របស់គាត់​សប្បាយចិត្ត ៖«​ជីតា​ខ្ញុំ​គាត់​ស្រឡាញ់​ខាង​តន្ត្រីបុរាណ​។ គាត់​មកពី​ប្រទេស​អូ​ស្ទ្រៀ ជិត​អាឡឺម៉ង់​។ ខ្ញុំ​ដឹងថា​ភ្លេងខ្មែរ​និង​ភ្លេង​ដែល​គាត់​ស្រឡាញ់​ខុសគ្នា​ឆ្ងាយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​ខ្ញុំ​ស្រាវជ្រាវ​តន្ត្រី​ខ្មែរ​បន្តទៀត ខ្ញុំ​គិតថា​គាត់​នឹង​សប្បាយចិត្ត​»​។​
 
​កាលពី​ឆ្នាំ​២០០៥ ក្រោយពី​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ចេះ​ខ្លះៗ ជេ​ហ្វ បាន​យកចំណេះ​ទាំងនោះ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ជាច្រើនលើក​។ ហើយ​ក្រោយពី​ការស្រាវជ្រាវ​សម្រាប់​ឯកសារ​ថ្នាក់បណ្ឌិត​លើក​នេះ​រួច លោក​នឹង​រៀបចំ​ការសម្ដែង​ឧបករណ៍​ទាំងនោះ​នៅ​អាមេរិក​ទៀត​។ ជេ​ហ្វ បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​សម្ដែង​ឧបករណ៍​ខ្សែ​មួយ និង​ខ្លុយ​ច្រើន​ក្រៅពី​ប្រទេស​កម្ពុជា​។ ឆ្នាំ​២០០៥​ពេល​ខ្ញុំ​មកដល់​អាមេរិក​វិញ ខ្ញុំ​ទៅ​ជួប​អ្នកភ្លេង​នៅ​ទីក្រុង​ណូ​វែ​ល ធ្វើ​កម្មវិធី​ភ្លេង​ច្រើន​នៅ​ទីនោះ​។ នៅ​ឆ្នាំ​២០១៥ ខ្ញុំ​ជូន​អ្នកភ្លេង​បីនាក់​ចេញពី​ស្រុក​ខ្មែរ ទៅ​សម្ដែង​ច្រើន​នៅ​អាមេរិក​។ ឆ្នាំនេះ​ពេល​ខ្ញុំ​ចេញពី​ស្រុក​ខ្មែរ​ទៅ​អាមេរិក​វិញ ខ្ញុំ​នឹងធ្វើ​តាម​នោះដែរ​។ ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​មក​ខ្មែរ​វិញ​ដើម្បី​ស្រាវជ្រាវ​តទៅទៀត ព្រោះ​មានរឿង​ច្រើន​នៅ​ស្រុក​ខ្មែរ​»​។​
 
​កន្លងមក​មាន​ជនបរទេស​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​ជាច្រើនរូប បានមក​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ ពី​តន្ត្រី សិល្បៈ ទំនៀមទម្លាប់​ប្រពៃណី ពី​អា​ថ៍កំ​បាំង​ជាច្រើន​របស់​ប្រាសាទ នឹង​មានរឿង​ច្រើន​ទៀត​ពី​ខ្មែរ ទុកជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​ពិភពលោក និង​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​៕

Tag:
 ជេ​ហ្វ​រី ដា​យើ​
  ឧបករណ៍​ភ្លេងខ្មែរ​
  តន្ត្រី​
  សិល្បៈ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com