ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិស្វករ ឡុង បូរ៉ា​រិ​ទ្ធ បំពាក់​ឧបករណ៍​អេឡិចត្រូនិក​លើ​ឧបករណ៍​ភ្លេងខ្មែរ ជំរុញ​ការអភិវឌ្ឍន៍​តន្ត្រីបុរាណ
12, May 2019 , 7:59 pm        
រូបភាព
លោក ឡុង បូរ៉ារិទ្ធ ម្ចាស់រោងជាងផលិតឧបករណ៍ភ្លេងខ្មែរភ្ជាប់ឧបករណ៍អេឡិចត្រូនិក
លោក ឡុង បូរ៉ារិទ្ធ ម្ចាស់រោងជាងផលិតឧបករណ៍ភ្លេងខ្មែរភ្ជាប់ឧបករណ៍អេឡិចត្រូនិក
ដោយ៖ រ៉ឹ​ម ភា​រី 

​ភ្នំពេញ​៖ លោក  ឡុង បូរ៉ា​រិ​ទ្ធ គឺជា​វិស្វករ​អេឡិចត្រូនិក ដែល​បាន​បង្កើត​រោង​ជាង​ផ្ទាល់ខ្លួន​មួយ​នៅ​ភ្នំពេញ ដើម្បី​ផលិត​ឧបករណ៍​ភ្លេងខ្មែរ និង​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​លើ​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ត​ចូល​ធុងបាស​។ ស្នាដៃ​ថ្មី​នេះ បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​តន្ត្រីករ​ផ្នែក​បុរាណ​។

 
​សូម​ស្តាប់​សេចក្តីរាយការណ៍​របស់ លោក រ៉ឹ​ម ភា​រី ពី​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖   



 
​សំឡេង​ចាប៉ី​ដ៏​ពីរោះ​រណ្តំ​កាលពី​៣០​ឆ្នាំមុន របស់​លោកតា ប្រាជ្ញ ឈួន  ដែល​បាន​លេង​ចាប៉ី​នៅ​ស្រុក​លើកដែក ខេត្តកណ្តាល ជា​ស្រុកកំណើត​របស់​កុមារា​ឡុង បូរ៉ា​រិ​ទ្ធ ដែល​កាលនោះ​ទើបតែ​មាន​វ័យ​៨​ឆ្នាំ បាន​បណ្តាល​ឲ្យ​បូរ៉ា​រិ​ទ្ធ មានការ​ចាប់ចិត្ត​ចង់​រៀន​ចាប៉ី និង​ផលិត​ឧបករណ៍​ចាប៉ី​រហូតមកដល់​បច្ចុប្បន្ន​។   
 
​លោក ឡុង បូរ៉ា​រិ​ទ្ធ បានបញ្ចប់​ការសិក្សា​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុ​សមៈ​កាលពី​ឆ្នាំ​១៩៩៨​។ បច្ចុប្បន្ន លោក​បាន​បង្កើត​រោង​ជាង​ផលិត​ឧបករណ៍​ភ្លេងខ្មែរ ដោយ​បំពាក់​ឧបករណ៍​អេឡិចត្រូនិក ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ 
 
​លោក ឡុង បូរ៉ា​រិ​ទ្ធ បាន​ពន្យល់​មូលហេតុ ដែល​លោក​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​លើ​ឧបករណ៍​ភ្លេងបុរាណ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញថា ឧបករណ៍​របស់គេ​នៅ​បស្ចិមប្រទេស គេ​មាន​គ្រឿង​អេឡិចត្រូនិក​ចាប់យក​សំឡេង​ពី​ខ្លួន​វា​ផ្ទាល់ តែ​របស់​យើង​វិញ វា​នៅតែ​បន្តោង ហើយ​ពេល​យើង​ត្រូវ​ការលេង​វា​លំបាក​។ ដូច្នេះ បានជា​ខ្ញុំ​នឹក​ឃើញថា​កាលណា​យើង​បំពាក់​ឧបករណ៍​អេឡិចត្រូនិក ធ្វើ​ឲ្យ​ឧបករណ៍​ហ្នឹង​លក់ដាច់ ហើយ​ពេល​គេ​យកទៅ​ប្រើ​ស្រួល​។    ឧបមា​ថា យើង​ចង់​លេង​ជាមួយ​ភ្លេងសម័យ តែ​ភ្លេងសម័យ​គេ​យក​ដាក់​ឧបករណ៍​អេឡិចត្រូនិក​រួចហើយ តែបើ​សិន​យើង​នៅតែ​ដាក់​ក្បាល​មេក្រូ​នៅក្រៅ បើ​យើង​សិក្សា​ពី​សំឡេង​របស់​វា វា​បាត់ ហើយ​បើ​សំឡេង​ធុងបាស​មក វា​កុង​។ មានន័យថា សំឡេង​ធម្មជាតិ​ពី​ចាប៉ី វា​មិនបាន​១០០​ភាគរយ​ទេ​។ ការដាក់​ក្បាល​មេក្រូ​នៅក្រៅ​ហ្នឹង វា​លឺ​ហើយ តែ​វា​បាត់​សំឡេង​ធម្មជាតិ​ពី​ឧបករណ៍​ភ្លេង​ចាប៉ី​ហ្នឹង​»​។​


 
​បើតាម​លោក ឡុង បូរ៉ា​រិ​ទ្ធ រោង​ជាង​ស្ថិតក្នុង​ផ្ទះថ្ម​មួយ​នេះ បាន​ដំណើរការ​៤​ឆ្នាំ​មកហើយ និង​មាន​ឧបករណ៍​ខ្មែរ​ភ្ជាប់​ឧបករណ៍​អេឡិចត្រូនិក​ស្រាប់​តែម្តង រួមមាន​៖ ចាប៉ីដងវែង តាខេ ទ្រសោ ទ្រអ៊ូ ទ្រ​ខ្សែ​៣ និង​ឃឹម​ជាដើម​។​
 
​តាមពិតទៅ លោក​មិនបាន​រៀន​ជំនាញ​វិជ្ជា​ធ្វើ​ឧបករណ៍​ភ្លេងខ្មែរ​ពី​គ្រូ ឬត​ពី​ឪពុកម្តាយ​អ្វី​ឡើយ តែ​កូនច្បង​ក្នុងចំណោម​បងប្អូន​៦​នាក់​រូបនេះ បាន​ខិតខំ​ស្រាវជ្រាវ​ធ្វើ​ឧបករណ៍​ទាំងនេះ​ដោយ​ខ្លួនឯង​។ 
 
​លោក​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​និយាយថា ខ្ញុំ​ចេះ​អត់​គ្រូ គេ​សើច​! ប៉ុន្តែ​គ្រូ​របស់ខ្ញុំ​មិនមែនជា​មនុស្ស​ទេ គឺ​ចាប៉ី​ហ្នឹង​ហ្មង​។ ឧទាហរណ៍ ថា ឥឡូវ​ចាប៉ី​ហ្នឹង​លឺ​ល្អ ដូច្នេះ យើង​មើល តើ​គេ​ធ្វើ​ហ្នឹង​អា​ម៉េច​? របៀប​ធ្វើ​ហ្នឹង​ម៉េច​? យើង​សិក្សា​លើ​អាហ្នឹង​? តែបើ​បាន​ទៅ​រៀន​ពី​គ្រូ ចេះ​ពី​គ្រូ​ហ្មឹ​ង​ថា អត់​ទេ​។ ចេះ​មកពី​មើល​របស់គេ​»​។​
 
​ក្រៅពី​អភិវឌ្ឍន៍​ឧបករណ៍​ភ្លេងខ្មែរ លោក ឡុង បូរ៉ា​រិ​ទ្ធ ក៏បាន​ចងក្រង​ពី​ចំណេះដឹង​ទាំងនេះ ទុក​ឲ្យ​យុវជន​រៀនសូត្រ​បន្ត​ទៀតផង​។ 
 
​លោក​រៀបរាប់ថា​៖ «​ចំណុច​សំខាន់​នោះ ខ្ញុំ​ធ្វើ​ហើយ​ខ្ញុំ​ចងក្រង​ក្បូន​ខ្នាត​ទុក​ផង​។ យើង​សព្វថ្ងៃនេះ យើង​ធ្វើ​ដែរ តែ​ធ្វើ​ត​គ្នា​ធ្វើតាម​ចំណាំ​។ ឧទាហរណ៍ ថា ចាប៉ី​នេះ តើ​ប្រវែង​របស់​វា​ធម្មតា​ប្រវែង​ប៉ុន្មាន​? ចុះ​ដើម្បី​គណនា​ឲ្យ​តូច​ជាង​ហ្នឹង តើ​គេ​ប្រើ​រូបមន្ត​អ្វី​ដើម្បី​គណនា​? បើ​សំឡេង​ទ្រអ៊ូ យើង​កាត់មុខ​យ៉ាងម៉េច​ឲ្យ​ចេញ​ប្រពៃណី កាត់មុខ​យ៉ាងម៉េច​ឲ្យ​ចេញ​បាសាក់​។ ដូច្នេះ យើង​មាន​ក្បូន​គណនា​របស់​វា​»​។ 
 
​តាមពិតទៅ ការច្នៃ​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​លើ​ឧបករណ៍​ភ្លេងខ្មែរ ក៏​រង​នូវ​ការរិះគន់​តិចតួច​ដែរ ពី​សំណាក់​អ្នក​អភិរក្សនិយម​ផ្នែក​ឧបករណ៍​តូរ្យតន្ត្រី​បុរាណ តែ​ការរិះគន់​ទាំងនោះ មិនអាច​បញ្ឈប់​ការតាំង​ចិត្ត និង​គំនិត​កែច្នៃ​របស់លោក បូរ៉ា​រិ​ទ្ធ ឡើយ​។​
 
 លោក​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ជំហាន​ដំបូង ដែល​យើង​បំពាក់​ឧបករណ៍​អេឡិចត្រូនិក រង​ការរិះគន់​ខ្លាំង គេ​ថា​បំពាក់​ធ្វើ​អី គេ​ថា​អ៊ីចេះ​អ៊ីចុះ តែ​ខ្ញុំ​នៅតែ​ជម្នះ​ថា​ត្រូវតែ​ធ្វើ​។ គេ​ថា យើង​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម តែ​វា​មិន​ខូច​ទ្រង់ទ្រាយ​ដើម​ឯណា វា​ធ្វើ​ឲ្យ​យើង​ប្រើ​ស្រួល​តើ​។ យើង​គិត​មើល ហ្គី​តា គេ​វិ​វត្ត​ទៅ​ប៉ុន្មាន​ដង គ្រឿង​ពី​បុរាណ​ដំបូង​ក៏​មិនមែន​អេឡិចត្រូនិក​ដែរ ជា​ឧបករណ៍​សាមញ្ញ​ដូចគ្នា តែដោយសារ​គេ​ឃើញ​ចំណុច​ខ្វះខាត​ហ្នឹង បានជា​គេ​វិ​វត្ត​ទៅតាម​សម័យកាល​»​។​
 
​ទោះបី​មានការ​រិះគន់​ខ្លះ​មែន តែ​សម្រាប់ លោក ចឹក សំណាង គ្រូភ្លេង​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ បានបង្ហាញ​ការគាំទ្រ​ចំពោះ​គំនិត​ច្នៃប្រឌិត​នេះ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សម័យ​នេះហើយ បើ​មាន​របស់​ប្រើ យើង​ប្រើ​ទៅ បើ​ថា​ពី​ដើម​យើង​ពិបាក យើង​ក្រ​។ តែ​ឥឡូវ យើង​មាន​ហើយ​យើង​ប្រើ​ទៅ នេះ​ជា​គំនិត​ថ្មី​មួយ​ដែល​យើងរ​កមក​។ ដូចជា ការបង្កើត​តាខេ​អេឡិចត្រូនិក ពេលដែល​ខ្ញុំ​លេង​ហើយ​សាក​Post​លើ​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​។ គេ​គាំទ្រ​ច្រើន មាន​អ្នក​នៅ​គ​ស្រុក​ក្រៅ​គេ​ស្គាល់​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ គេ​គាំទ្រ គេ​ថា អូ​! កូន​ខ្មែរ​យើង​ឥឡូវ​ចេះ​មានការ​ច្នៃប្រឌិត​ខ្ពស់ ដែល​ពី​ដើម យើង​ធ្លាប់​ឃើញ​ឧបករណ៍​ហ្គី​តា​បរទេស​យកមក ពេល​លេង​លឺ​ពេញ​ភូមិ តែ​ឧបករណ៍​យើង​ពិបាក​លឺ​ណាស់​»​។ 


លោក ចឹក សំណាង គ្រូឧបករណ៍ភ្លេងបុរាណ
 
​មុន​ទទួលបាន​គាំទ្រ​បែបនេះ លោក ឡុង បូរ៉ា​រិ​ទ្ធ  ដែល​បច្ចុប្បន្ន​ជា​មន្ត្រីរាជការ និង​មាន​ជីវភាព​ធូរធារ​ស្រាប់​ហើយ​នោះ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​៥០០​ដុល្លារ​នៅក្នុង​ខែ ដើម្បី​បង់ខាត​លើ​រោង​ជាង​អស់​រយៈពេល​៤​ខែ ទម្រាំ​រោង​ជាង​នេះ អាច​រក​ចំណូល​សម្រាប់​ទប់ទល់​នឹង​ការចំណាយ​នានា​បាន​។ ដ្បិត​រោង​ជាង​របស់លោក ឡុង បូរ៉ា​រិ​ទ្ធ ហាក់​តូចចង្អៀត​បន្តិច​មែន តែ​រោង​ជាង​ដែលមាន​ជាង​៥​នាក់ អាច​ផលិត​ឧបករណ៍​បាន​ចន្លោះ​ពី​៧​ទៅ​១០​ឧបករណ៍​នៅក្នុង​មួយខែ​។ លើសពីនេះ លោក​ក៏​ទទួល​បានការ​កម្មង់​ជា​បន្តបន្ទាប់ ហើយ​អតិថិជន​របស់លោក​ច្រើនតែ​ជា​ម្ចាស់​សាលា​តន្ត្រី និង​អ្នក​ភ្លេងបុរាណ ដែល​ពួកគេ​ដឹង​តៗ​គ្នា​។​
 
​បន្ទាប់ពី​ទទួលបាន​គាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នកភ្លេង​បុរាណ លោក ឡុង បូរ៉ា​រិ​ទ្ធ ដែល​វ័យ​៣៩​ឆ្នាំ ក៏​គ្រោង​បន្តការងារ​បំពាក់​គ្រឿង​អេឡិចត្រូនិក​លើ​ឧបករណ៍​ផ្លុំ​ផងដែរ​។ 
 
​នៅក្នុង​រោង​ជាង ដែល​លើ​ជញ្ជាំង​បំពាក់​សុទ្ធតែ​ឧបករណ៍​ភ្លេង និង​ខាងក្នុង​សុទ្ធតែ​ប្រដាប់ប្រដា​សម្រាប់​ផលិត​ឧបករណ៍​ភ្លេងខ្មែរ ឡុង បូរ៉ា​រិ​ទ្ធ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹងមាន​គម្រោង​បំពាក់​លើ​គ្រឿង​ផ្លុំ​ទៀត ប៉ុន្តែ គ្រឿង​ផ្លុំ​មានការ​លំបាក​ជាងគេ​។ ឧបករណ៍​ផ្លុំ​មានដូចជា​៖ ប៉ី ខ្លុយ ស្រឡៅ គែន ជាដើម​។ យើង​ត្រូវតែ​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​លើ​ឧបករណ៍​ទាំងនេះ ប៉ុន្តែ ត្រូវមាន​ការសិក្សា​យូរ​តិច​ហើយ​»​។ 
 
​ចាប់តាំងពី​ការបង្កើត​រោង​ជាង​នេះ​មក លោក ឡុង បូរ៉ា​រិ​ទ្ធ ចាប់​មានឈ្មោះ​បោះ​សំឡេង​បន្តិច​ម្តងៗ ដោយសារតែ​ស្នាដៃ​របស់លោក​ត្រូវបាន​តន្ត្រីករ​បុរាណ​ទទួលស្គាល់ និង​ទិញយក​ទៅប្រើ​ប្រាស់​ជា​បន្តបន្ទាប់​។ មាឌធំ និង​មាន​សម្បុរ​ស្រអែម  លោក ឡុង បូរ៉ា​រិ​ទ្ធ បាន​ប្តេជ្ញាចិត្ត​អភិរក្ស និង​អភិវឌ្ឍន៍​ឧបករណ៍​ភ្លេងបុរាណ​នេះ សម្រាប់​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​កាន់តែច្រើន ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​លើកតម្កើង និង​ថែរក្សា​ឧបករណ៍​ភ្លេងខ្មែរ​ឲ្យ​បាន​គង់វង្ស​៕      

Tag:
 ឡុង បូរ៉ា​រិ​ទ្ធ​
 ​ឧបករណ៍​ភ្លេងខ្មែរ​
 ​តន្ត្រីបុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com