អន្តរជាតិ
ចិន ជ្រេញ​នឹង​ការ​បំ​ភ្លើ​ស​ដដែលៗ​របស់​អាមេរិក​ពី​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់ និង​វិថី​»
12, May 2019 , 8:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បង្ហាញ​ជំហរ​ខកចិត្ត​ទៅនឹង​ការបន្ត​ធ្វើ​អត្ថាធិប្បាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែលមាន​ចេតនា​បង្ខាំង​មិន​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​ចូលរួម​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ និង​វិថី​មួយ​»​របស់​ចិន​។ ក្រុង​ប៉េកាំង ចាត់ទុក សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​បែបនេះ ថា​ជា​ការមិន​ទទួលខុសត្រូវ តែ​ក៏​មិនអាច​បញ្ឈប់​ដំណើរ​ទៅមុខ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​បានឡើយ​។​

 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃ​៩ ឧសភា របស់​ក្រសួងការបរទេស​ចិន អ្នកសារព័ត៌មាន​បាន​ចោទសួរ​ថា​តើ ក្រុង​ប៉េកាំង​មានប្រតិកម្ម​បែបណា​ចំពោះ​ការ​ការលើកឡើង​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo ដែល​បាន​ហៅ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​ថា​បាន​បំពាន​អធិបតេយ្យ​របស់​រដ្ឋ​ដទៃ និង​ថែម​ទទូច​ឲ្យ​អង់គ្លេស​ប្រុងប្រយ័ត្ន​ទៀតផង​នោះ​?
 
​តប​ជាមួយនឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​អះអាងថា​រដ្ឋាភិបាល​ចិន បានកត់សម្គាល់​ពី​ការចោទប្រកាន់ ដែល​ចិន ចាត់ទុកថា គ្មាន​ការទទួលខុសត្រូវ​។ អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា ទោះ​មាន​អ្នក​និយាយ​រឿង​មិនល្អ​ពីក្រោយ​ប៉ុណ្ណា​ក៏ដោយ គំនិត​ផ្តួចផ្តើម​នេះ នឹង​នៅតែ​បន្តទៅ​មុខជា​និច្ច​។  
 
​លោក គូសបញ្ជាក់​ជាមួយនឹង​វត្តមាន​របស់​ប្រតិភូ​ប្រមាណ​ប្រាំមួយ​ពាន់​នាក់ ដែល​មកពី​ប្រទេស​១៥០ និង​អង្គការ​អន្តរជាតិ ៩២ ដែល​រាប់បញ្ចូល​ទាំង​ប្រតិភូ​អាមេរិក​ផង​នោះ ដែល​បាន​ចូលរួម​វេទិកា​កំពូល​របស់​គំនិត​ផ្តួចផ្តើម​មួយ​នេះ​។ ចំណុច​នេះហើយ ដែល​អ្នកនាំពាក្យ ហ៊ាន​អះអាងថា សហគមន៍​អន្តរជាតិ បានផ្តល់​ទំនុកចិត្ត និង​ការគាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​នេះ ក៏​អាចជា​ចម្លើយ​គ្រប់គ្រាន់​ចំពោះ​សកម្មភាព​អាមេរិក​ផងដែរ​។​
 
​ទោះ​បែបនេះ​ក្តី អ្នកនាំពាក្យ បាន​ថ្លែងថា ក្រុង​ប៉េកាំង​ពិតជា​អន់​ចិត្តនឹង​លឺ​ការលើកឡើង​ដដែល​របស់​ក្រុង​វ៉ាស៊ីនតោន ក៏ប៉ុន្តែ​ទុក​លទ្ធភាព​ឲ្យ​ពិភពលោក ជា​អ្នក​ប្រាប់ថា អ្នកណា​ជា​អ្នក​ចង់​បង្កបញ្ហា ហើយ​អ្នកណា​ជា​អ្នកធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពិតប្រាកដ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង ។ គោលបំណង នៃ​គំនិត​ផ្តួចផ្តើម​នេះ គឺ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ផង​។​
 
​ប្រទេស​ជា​បន្តបន្ទាប់ បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ជាមួយនឹង​ការរំពឹង​ថា នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ច្រក​សេដ្ឋកិច្ច​ជាដើម​៕ 
 

Tag:
 ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com