ជាតិ
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយអប្សរាលើការគ្រប់គ្រងសំណល់រឹងនិងទឹកកខ្វក់
× សៀមរាប៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្ត្រីផ្នែកទាក់ទាញវិនិយោគ បានជួបជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ ក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំដើម្បីស្វែងយល់ពីការគ្រប់គ្រងសំណល់រឹង និងទឹកកខ្វក់ក្នុងតំបន់អង្គរ ក៏ដូចជាលទ្ធភាពក្នុងការជួយការងារនេះ ពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរានាថ្ងៃទី៣ ឧសភា លោក ហង់ ពៅ បានបង្ហាញពីការងារដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើ លើការគ្រប់គ្រងសំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់នេះ។ ក្នុងនោះក៏មានការទាំងការប្រមូលសំរាមកាកសំណល់ផ្ទះ និងស្លឹកឈើយកទៅធ្វើជីកំប៉ុស និងការគ្រប់គ្រងទឹកកខ្វក់នៅតាមផ្ទះរបស់ប្រជាជនរស់នៅតំបន់អង្គរដែលការងារនេះកំពុងសហការធ្វើជាមួយប្រទេសបារាំង តាមរយៈគម្រោង PAAJERA។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការបំពុលបរិស្ថានតាមរយៈសំរាម និងទឹកកខ្វក់ផ្សេងៗក្នុងតំបន់អង្គរ គឺកើតឡើងដោយសារកំណើនភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវ។ លោកបន្ថែមថា យ៉ាងណាក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជាច្រើនលើការងារនេះ ដូចជាចុះអប់រំកុំឱ្យបោះ និងដុតសំរាមផ្ដេសផ្ដាស ក៏ដូចជាជួយសង់បង្គន់អនាម័យដល់ពលរដ្ឋ ដើម្បីឱ្យបរិស្ថានក្នុងតំបន់អង្គរបានល្អប្រសើរ។
គួរបញ្ជាក់ថា នេះគ្រាន់តែជាកិច្ចពិភាក្សាការងារ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ដោយភាគីទាំង២ មិនទាន់មានការឯកភាពគ្នា ក្នុងការធ្វើការងារនេះ នៅពេលណានៅឡើយ។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏បានបង្ហាញបំណងស្វែងយល់លទ្ធភាព ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាលក្ខណៈស្ថាប័ន និងស្ថាប័ន ឬវិស័យឯកជនណាមួយ ដើម្បីធ្វើការងាររួមគ្នាលើវិស័យគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ នៅរមណីយដ្ឋានអង្គរ៕
© រក្សាសិទ្ធិដោយ thmeythmey.com