ភ្នំពេញ៖ នៅថ្ងៃទី ១២ ឧសភានេះ ជាទិវាម្ដាយបានធ្វើឲ្យកូនខ្មែរជាច្រើននាក់ បង្ហោះសារអមនឹងរូបភាពរបស់ម្ដាយ ដោយបង្ហាញពីក្ដីស្រឡាញ់ និងការគោរពដឹងគុណខ្ពស់។ «ទិវាម្ដាយ» ឬ «Mother’s Day» មិនមែនជាប្រពៃណីរបស់ខ្មែរឡើយ ប៉ុន្តែចរន្តនៃការប្រារព្ធទិវាដ៏មានអត្ថន័យនេះ កាន់តែមានការផុសផុលនៅកម្ពុជា ហើយអារម្មណ៍ និងមនោសញ្ចេតនាផ្សេងៗរបស់យុវវ័យបានស្តែងឲ្យឃើញតាមរយៈការសរសេរ ការដាក់រូបភាព នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
ទិវាមាតាត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តមកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា។
មិនមានការរិៈគន់បើកចំហរណាមួយឡើយចំពោះចលនានៃការប្រារព្ធទិវា បែបនេះ ពីព្រោះទាំងអស់គ្នាសុទ្ធតែយល់ថា វាមិនមានការខាតបង់ប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញ វាជាពេលវេលាដ៏ពិសេសសម្រាប់បុត្រធីតា ក្នុងការបង្ហាញសេចក្តីស្រឡាញ់ និងគោរពដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះអ្នកម្តាយ។
ក្នុងថ្ងៃទិវាម្ដាយនៅថ្ងៃនេះ អ្នកស្រី ភួង ស្រីមាស បានសរសេរសារជូនពរទៅកាន់ម្ដាយបង្កើត និងម្ដាយក្មេក អមជាមួយរូបភាពពីរសន្លឹកថា៖ «រីករាយទិវាអ្នកម្ដាយ ជូនពរអ្នកម្ដាយទាំងពីរមានសុខភាពល្អ មានកម្លាំងមាំមួន និងរកទទួលទានមានបាន សូមអោយលោកទាំងបួនជួបតែសេចក្ដីសុខ សុវត្ថិភាព»។ បន្ថែមលើនេះ អ្នកស្រី ស្រីមាស ថែមទាំង Check In ជាមួយនឹងសំណេរថា «ស្រឡាញ់អ្នកមានគុណទាំងទ្វេរខ្លាំងណាស់»។
នៅលើបណ្ដាញសង្គមដដែល លោក ណារ៉ា ដែលជាចុងភៅដ៏ល្បីម្នាក់ បានបង្ហាញមនោសញ្ចេតនាចំពោះអ្នកម្ដាយគ្រប់រូបយ៉ាងដូច្នេះ៖ «ជម្រាបសួរអ្នកម្តាយគ្រប់រូប! នៅក្នុងថ្ងៃនេះខ្ញុំបាទ សូមជូនពរអ្នកម្តាយគ្រប់រូបឲ្យមានសុខភាពល្អរឹងមាំ និងអាយុយឺនយូរគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនៗគ្រប់រូប!! កូនដឹងថាម៉ាក់ហត់ណាស់ព្រោះកូនៗ!! រាល់ពររបស់ម៉ាក់ គឺជាពរទេពរបស់កូន អរគុណម៉ាក់!!»។
សម្រាប់យុវជន ផល ឧត្តម បានចាត់រូបគេមានសំណាង។ សំណេររបស់ឧត្តម លើទំព័រហ្វេសប៊ុកនៅថ្ងៃទិវាម្ដាយនេះ បានសរសេរថា៖ «ចង់និយាយថា ខ្ញុំមានសំណាងណាស់ដែលមានម្ដាយដល់ទៅពីរ ដែលស្រឡាញ់ខ្ញុំស្មើគ្នាៗ»។ ដោយឡែក យុវជន សែម វណ្ណា ក៏បានបង្ហោះរូបភាពមួយសន្លឹករបស់ម្ដាយ និងប្អូនស្រីរបស់គេ ដោយជូនពរម្ដាយមានសុខភាពល្អ។ នៅឃ្លាបន្ទាប់ យុវជន វណ្ណា បានសរសេរថា៖ «ពេលខ្លះ វាយឺតពេល សូម្បីតែអ្នកចង់និយាយពាក្យស្រឡាញ់ទៅកាន់អ្នកម្ដាយ»។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ ញឹក ស្រីល័ក្ខ វិញ ក៏បានបង្ហោះសារខ្លីរួមទាំងរូបភាពស្ត្រីម្នាក់កំពុងធ្វើស្ករត្នោតផងដែរ។ រូបភាពដែល ស្រីល័ក្ខ បានបង្ហោះ នាងចង់បង្ហាញពីការតស៊ូរបស់អ្នកម្ដាយគ្រប់រូប ហើយរូបនោះមានខ្លឹមសារយ៉ាងដូច្នេះ៖ «ម៉ែ សុខចិត្តលំបាក ឲ្យតែកូនបានសុខស្រួល»៕