អន្តរជាតិ
វៀតណាម​-​ឡាវ រិះរក​មធ្យោបាយ​រួម​ប្រឆាំង​ព័ត៌មាន​មិន​ពិត​ដែល​បំបែកបំបាក់​ទំនាក់ទំនង​ទ្វេភាគី​
12, May 2019 , 4:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ជួប​ពិភាក្សាគ្នា​ស្វែងរក​ដំណោះស្រាយ​លើ​ក្តីបារម្ភ នៃ​ការ​សាយភាយ​ព័ត៌មាន​មិន​ពិត ដែល​ក្រុង​ហាណូយ និង​ក្រុង​វៀងចន្ទន៍​យល់ឃើញថា​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​ជាពិសេស​ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ទាំងពីរ​តែម្តង ។​


 
​នា​ជំនួប​ក្នុង​វៀងចន្ទន៍​ថ្ងៃ​១០ ឧសភា មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម និង​ឡាវ បាន​ចែករំលែក​បទពិសោធន៍​គ្នា​លើ​បញ្ហា​ព័ត៌មាន​មិន​ពិត ក៏ដូចជា​ដំណោះស្រាយ​ដែល​គួរ​យកទៅអនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​នៃ​ព័ត៌មាន​ទាំងនោះ ដែលជា​ហេតុ​បង្ក​ឲ្យ សាធារណៈ​មានការ​យល់ច្រឡំ​លើ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vientiane Times​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អនុរដ្ឋមន្ត្រី​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ Buangeun  Xaphouvong បាន​លើកឡើងថា ឡាវ និង​វៀតណាម កំពុងតែ​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​ពាក់ព័ន្ធ​នឹង​ការ​ងើបឡើង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ក្នុង​ផ្លូវ​អវិជ្ជមាន​។ 
 
​លោក អះអាងថា មាន​ក្រុម​មួយចំនួន កំពុងតែ​ចែករំលែក​ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​នៃ​ទំនាក់ទំនង​រវាង​ឡាវ និង​វៀតណាម ជាពិសេស​នោះ ក្រុម​នេះ​មាន​ចេតនា​បំផ្លាញ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​វាយប្រហារ​លើ​គោលនយោបាយ​រដ្ឋាភិបាល​តែម្តង​។​
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​លោក​អនុរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ភិ​បាល​ឡាវ នឹង​អប់រំ​មន្ត្រី ជាពិសេស​អ្នក​បម្រើការ​នៅក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ពង្រឹង​កិច្ចប្រឹងប្រែង​ក្នុង​គោលដៅ​កសាង​ទំនុកចិត្ត និង​ការយល់ដឹង​ពី​គោលនយោបាយ​រដ្ឋាភិបាល​ដល់​សាធារណៈ​។ 
 
​ការពង្រឹង​ក្រុមអ្នកតាមដាន និង​ឆ្លើយតប​ទៅនឹង​បណ្តឹងសាធារណៈ​ដែល​ផ្សាយ​ចេញ​តាម​បណ្តាញ​សង្គម ក៏​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ដែល​រដ្ឋាភិបាល​ឡាវ​យកមកអនុវត្ត​ផងដែរ​ដើម្បី​ទប់ទល់​នឹង​ការចែករំលែក​ព័ត៌មាន​មិន​ពិត​ផងដែរ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​ឡា​វដ​ដែល​នោះ​៕
 

Tag:
 វៀតណាម​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com