អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​សិង្ហ​បុរី​៖ ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ មិន​ប៉ុន​ប៉ុង​រឹតត្បិត​សិទ្ធិ​អ្នកមាន​ទស្សនៈ​ផ្សេង​ឡើយ​
12, May 2019 , 9:29 pm        
រូបភាព
ដោយ:
​សភា​សិង្ហ​បុរី នៅ​ថ្ងៃ​៨ ឧសភា​បានអនុម័ត​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិតជា​ផ្លូវការ​ហើយ​។ ក្រោម​ការរិះគន់​ពី​ផលប៉ះពាល់​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ រដ្ឋាភិបាល​សិង្ហ​បុរី បាន​អះអាងថា ច្បាប់​ថ្មី​នេះ មិនមាន​ចេតនា​ដាក់​សម្ពាធ និង​រឹតត្បិត​ការបង្ហាញ​ទស្សនៈ​ផ្សេងគ្នា​ឡើយ​។​

 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បាន​ពន្យល់​ពី​ភាពចាំបាច់ ដែល​សិង្ហ​បុរី ត្រូវតែ​មានច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ទើបតែ​អនុម័ត​ដោយ​សភា​របស់ខ្លួន​កាលពីពេល​ថ្មីៗ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ទាញ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភាពខុសគ្នា​រវាង​ការពិត និង​ទស្សនៈ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia​។​
 
​សម្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី ការ​មាន​ទស្សនៈ​ផ្សេងគ្នា​លើ​អង្គហេតុ​តែមួយ មិនមែនជា​បញ្ហា ឬ​ក្តីបារម្ភ​អ្វី​ឡើយ ក៏ប៉ុន្តែ​អ្វីដែល​អាក្រក់ និង​ត្រូវ​បារម្ភ​នោះ គឺ​ការយល់ឃើញ​ខុសពី​ការពិត ហើយ​ធ្វើការ​សន្និដ្ឋាន​រួម និង​ថែម​បង្ក​ឲ្យ​មាន​ភាព​ភាន់​ច្រ​លំ​ដល់​សាធារណៈ ជាពិសេស​នោះ​តាមរយៈ​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​តែម្តង​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​បុគ្គល​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​ពី​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong បាន​អះអាងថា សង្គម​សិង្ហ​បុរី ជា​សង្គម​មួយ​ដែលមាន​លក្ខណៈ​ផុយស្រួយ​ពី​ការវាយប្រហារ​ពី​ព័ត៌មាន​មិន​ពិត ដ្បិត​សិង្ហ​បុរី គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធ័​រ​ទូលំទូលាយ ខណៈ​ប្រជាជន ក៏មាន​ចម្រុះ​គ្នាច្រើន​លើ​ជាតិ​សាសន៍ និង​សាសនា​។ 
 
​ជុំវិញ​ច្បាប់​ថ្មី​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​សិង្ហ​បុរី K Shanmugam ក៏បាន​ឲ្យ​ដឹងថា ច្បាប់​ថ្មី​នេះ ក៏មាន​គោលដៅ​ទប់ស្កាត់​ការបាត់បង់​ទំនុក​របស់​សាធារណៈ​ទៅកាន់​រដ្ឋាភិបាល​តាមរ​យៈ​ព័ត៌មាន​មិន​ពិត និង​បង្ក​ឲ្យ​មានការ​ងើបឡើង​នៃ​ឧបាយ​និយម និង​ការបែងចែក​គ្នា​នៅក្នុង​សង្គម​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា បញ្ហា​នៃ​ការចែករំលែក​ព័ត៌មាន​មិន​ពិត ជាក់ស្តែង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម បាន​ក្លាយជា​ក្តីបារម្ភ​ធំ​មួយ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ រដ្ឋ​អាស៊ាន លើក​ផលប៉ះពាល់​ស្រដៀង​គ្នា ថា​ទំនោរ​នេះ បង្ក​ឲ្យ​មានការ​យល់​ខុស​លើ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ធ្វើ​ឲ្យ​មានការ​បែងចែក​និន្នាការ​ទៀតផង​៕ 

Tag:
 សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com