ជាតិ
១៥ ភាគរយ​នៃ​ផ្ទៃ​បឹង​ទន្លេសាប ត្រូវបាន​រក្សា​ទុកជា​តំបន់​បម្រុង​ទុក​ក្នុង​រដូវប្រាំង​
12, May 2019 , 9:59 pm        
រូបភាព
​សកម្មភាព​នៃ​ការនេសាទ​ដើម្បី​សិក្សា​ផ្នែក​វិ​សាស្ត្រ​មួយ នៅក្នុង​តំបន់​អភិរក្ស​មួយ​ក្នុង​បឹង​ទន្លេសាប ។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​សកម្មភាព​នៃ​ការនេសាទ​ដើម្បី​សិក្សា​ផ្នែក​វិ​សាស្ត្រ​មួយ នៅក្នុង​តំបន់​អភិរក្ស​មួយ​ក្នុង​បឹង​ទន្លេសាប ។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ទន្លេសាប គឺជា​បឹង​ដ៏​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ជម្រក​ត្រី​ទឹកសាប​ដ៏​ច្រើន​បំផុត​លើ​ពិភពលោក​។ ត​ភ្ជាប់​ទៅ​ទន្លេមេគង្គ ដោយ​ឆ្លងកាត់​តាម​ទន្លេសាប ជា​ប្រព័ន្ធ​ទឹកជំនន់​គួរឱ្យកត់សម្គាល់​មួយ​។ បន្ទាប់ពី​មាន​ភ្លៀង​មូសុង​រដូវរ​វស្សា​ប្រចាំឆ្នាំ ដែល​ចាប់ផ្តើម​រវាង​ខែមិថុនា បឹង​ទន្លេសាប​បាន​ពង្រីក​វិសាលភាព ៦​ដង​ធំ​ជាង​ធម្មតា មុននឹង​ស្រក​ចុះ​វិញ​ក្នុង​រដូវប្រាំង​។​


 
​យ៉ាងហោចណាស់ មាន​ត្រី​ចំនួន ៥០០០០០ តោន ដែល​ត្រូវបាន​ចាប់ពី​បឹង​ទន្លេសាប​ជា​រៀងរាល់ឆ្នាំ ច្រើនជាង​ត្រី​ដែល​ចាប់បាន​ពី​ទន្លេ និង​បឹង​នៅ​អាមេរិក​ខាងជើង​រួមបញ្ចូល​គ្នា ដែល​វា​បាន​ចិញ្ចឹម​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​។ ប៉ុន្តែ សម្ពាធ​នៃ​នេសាទ​ដ៏​ខ្លាំងក្លា​នៅក្នុង​បឹង​នេះ ស្ទើរតែ​បាន​បំផ្លាញចោល​អស់​នូវ​ដង់​ស៊ី​តេ​ត្រី​ទំហំ​ធ​ម្យ​ម និង​ត្រី​ធំៗ ជាច្រើន ដូចជា​ត្រី​រាជ ដែល​រងគ្រោះ​ជិត​ផុត​ពូជ ដែល បច្ចុប្បន្ន​វា​បាន​កាន់កាប់​កំណត់ត្រា​ត្រី​ទឹកសាប​ធំ​បំផុត​នៅលើ​ផែនដី​។​
 
​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ដ៏​ក្តៅគគុក កាលពី​ខែ​មុន នៅក្នុង​រដូវប្រាំង​ដ៏​ហូត​ហែង និង​កម្រិត​ទឹក​ស្រក​ចុះ​ទាប លោក​បណ្ឌិត ហូ​ហ្គេ​ន បាន​ចូលរួម​ជា​គណៈប្រតិភូ​មន្ត្រីជលផល​កម្ពុជា បាន​ទៅ​ទស្សនា​តំបន់​អភិរក្ស​មួយចំនួន ដែល​បាន​បង្កើតឡើង​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ ប្រហែល ១៥ ភាគរយ​នៃ​ផ្ទៃ​របស់​បឹង​ទន្លេសាប ក្នុង​រដូវប្រាំង​ត្រូវបាន​រក្សា​ទុកជា​តំបន់​បម្រុង​ទុក ដែលមាន​ទំហំ និង​រូបរាង​ខុសៗ​គ្នា​។ នៅ​ខាងក្នុង​តំបន់​បម្រុង​ទុក មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​មានការ​នេសាទ​ទេ លើកលែងតែ​ការនេសាទ​ដើម្បី​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​។ 
 
​នៅក្នុង​ថ្ងៃនោះ​ដែរ មានការ​អូស​អួន​ចាប់​ត្រី​ដើម្បី​ពិសោធន៍ នៅ​តំបន់​បម្រុង​ទុក​មួយ នៅក្នុង​បឹង​ទន្លេសាប ដើម្បី​ការវាស់ស្ទង់​ពី​ដង់ស៊ីតេ​ត្រី​នៅ​ទីនោះ​។ ឆ្លងកាត់​ព្រំប្រទល់​ដែល​សង់​ពី​ឈើ នៃ​តំបន់​បម្រុង​ទុក គណៈប្រតិភូ​បាន​មកដល់​ខណៈដែល​អ្ន​ក​នេសាទ​កំពុង​ចាប់ទាញ​សាច់​អួន​ដ៏​ធំ ដែល​ពោរពេញ​ទៅដោយ​ប្រភេទ​ត្រី​ឥត​ស្រកា និង​ត្រី​មាន​ស្រកា​ជាច្រើន​។ នៅពេលដែល​អ្នកនេសាទ​កំពុង​ទាញ​អួន​ឡើង ត្រី​លោត​ធ្វើ​ឲ្យ​ទឹក​កញ្ជ្រោល​ឡើង​ដូច​បាយ​ពុះ​។​
 
​ពេលនោះ​ត្រី​សណ្តាយ ដែលជា​ប្រភេទ​ត្រី​ឥត​ស្រកា​មួយ​ក្បាល មាន​ប្រវែង​ប្រហែល​ជាង ១​ម៉ែត្រ បាន​លោត​ចេញពី​ផ្ទៃ​ទឹក​បឹង​ចូលទៅក្នុង​ទូក​របស់លោក ហូ​ហ្គេ​ន ដែល​ស្ទើរតែ​បុក​គាត់​ទៅហើយនោះ ត្រូវបាន​លោក​ប្រធាន​រដ្ឋបាល​ជលផល​កម្ពុ​ជា ឯកឧត្តម អេង ជា​សាន ឲ្យ​លែង​វា​ចូលទៅក្នុង​ទឹក​វិញ ព្រោះ​ខ្លាច​ត្រី​វង្វេងវង្វាន់ ឬក៏​ងាប់​។​
 
​ក្រោយមក លោក​បណ្ឌិត ហូ​ហ្គេ​ន បាន​និយាយថា ដង់ស៊ីតេ​ត្រី​នៅក្នុង​តំបន់​បម្រុង​ទុក​នេះ «​ស្ទើរតែ​បុក​ខ្ញុំ​ទម្លាក់​ទឹក​ទៅហើយ​»​។ ត្រី​ដ៏​ធំ​នោះ ត្រូវបាន​ចាប់​ដើម្បី​បង្ហាញ លោក​បាន​មានប្រសាសន៍ថា​៖ «​ទីជម្រក​ទាំងនេះ មាន​សក្តានុពល​ក្នុងការ​ការពារ​ត្រី​ធំៗ ដែល​ភាគច្រើន​បាន​បាត់បង់​ពី​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​បឹង​ទន្លេសាប​នេះ​»​។​
 
​យោងតាម​ការស្រាវជ្រាវ​ថ្មី​បានឱ្យដឹងថា តំបន់​បម្រុង​ទុក​នេះ អាច​ជម្រុញ​វិស័យ​ជលផល ក៏​អាចជួយ​ដល់​ប្រជាជន​ជាង ១.២ លាន​នាក់​នៅក្នុង​តំបន់​បឹង​ទន្លេសាប ដែល​ពឹង​ផ្អែកលើ​ការនេសាទ​ត្រី សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ការសិក្សា​ថ្មី​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី គំរូ​អេកូឡូស៊ី Journal Ecological Modeling បាន​សន្និដ្ឋានថា​ការការពារ​រហូតដល់ ៥០ ភាគរយ​នៃ​បឹង​ទន្លេសាប នឹងមាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​វិស័យ​ជលផល ដោយ​បង្កើតជា «​សញ្ញា​វិជ្ជមាន​» ដែលមាន​ជីវម៉ាស់​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ខាងក្នុង​តំបន់​ការពារ ដែល​បន្ទាប់មក​រាលដាល​ចូល ដែន​នេសាទ​ក្បែរ​នោះ​។​
 
​លោក Lee Hannah អ្នកដឹកនាំ​ក្រុម​អ្នកនិពន្ធ និង​ជា​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​ជីវវិទ្យា សម្រាប់​ប្រែប្រួល​អាកាសធាតុ នៅ​អង្គការ​អភិរក្ស​អន្តរជាតិ បាន​និយាយថា​៖ «​វា​អាចជា​រឿង​ផ្ទុយទៅវិញ ដែលថា វិធី​ល្អ​បំផុត​ក្នុង​ការបង្កើន​ផល​ចាប់ គឺ​រឹតបន្តឹង​ការនេសាទ ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​នៃ​ការនេសាទ ដែល​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្ពស់ កាត់បន្ថយ​ការនេសាទ ឬ​ដែន​នេសាទ ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​ទាំង​ការប្រមូល​ផល និង​ប្រាក់ចំណេញ​»​។​
 
​ទោះជា​យ៉ាងណា លោក​បានចង្អុលបង្ហាញ​ថា នៅ​តំបន់​បិទ​នេសាទ​ទាំងនោះ អាចធ្វើ​ឲ្យ​ផល​ចាប់​ធ្លាក់ចុះ ដែល​អាចជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​មួយ​សម្រាប់​អ្នកនេសាទ​ដែល​ចិញ្ចឹមជីវិត​ដោយ​ការនេសាទ​។ លោក Hannah បាន​និយាយថា​៖ «​គ្រួសារ និង​សហគមន៍ ដែល​ពឹង​ផ្អែកលើ​ត្រី​ដើម្បី​ការរស់រានមានជីវិត គឺ​ស្ថិតនៅក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ ពួកគេ​មិនអាច​នេសាទ​ត្រី​ក្នុង​កម្រិត​តិចតួច នាពេល​បច្ចុប្បន្ន ដើម្បី​ទទួលបាន​ត្រី​ច្រើន នា​ថ្ងៃ​អនាគត​ឡើយ​»​។ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​ម្ចាស់ជំនួយ​នានា ត្រូវតែ​ជួយ​ភ្ជាប់​គ្រួសារ​ក្រីក្រ តាមរយៈ​ពេលវេលា​ល្អប្រសើរ​។​
 
​បន្ទាប់មក គឺ​បញ្ហា​នៃ​ការអនុវត្ត​ច្បាប់​។ ក្រុមមន្ត្រី​នៅ​ទី​នោះបាន​និយាយថា ការលុបបំបាត់​លួច​នេសាទ​ខុសច្បាប់​ចេញពី​ទីជម្រក​ត្រី នៅក្នុង​បឹង​ទន្លេសាប​ដ៏​ធំ​នេះ គឺ​មិនអាច​ទៅរួច​នោះទេ​។​
 
​លោក ហុក ម៉េង​អាន ប្រធាន​អង្គភាព​អនុវត្ត​ច្បាប់​ប្រចាំ​តំបន់ បាន​និយាយថា អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ បាន​ប្រើប្រាស់​បំពង់​ខ្ទប់​សម្លេង​ម៉ាស៊ីន​ទូក​របស់​ពួកគេ​ដើម្បី​ចូលទៅក្នុង​តំបន់​បម្រុង​ទុក ដែល​ភាគច្រើន​នៅពេល​យប់​។ គាត់​និយាយថា នៅពេលដែល​ទឹក​បឹង​មាន​កម្រិត​ទាប អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ អាច​ដើរចូល​ទៅក្នុង​តំបន់​បម្រុង​ទុក រាយ​មង​រយៈពេល​ពីរ​-​បី​ម៉ោង ហើយ​លួច​ចាកចេញ​បាត់ទៅ​។ នៅក្នុង​ការប៉ាន់ប្រមាណ​របស់គាត់ មន្ត្រី​អាច​រារាំង​អ្នកប្រព្រឹត្តិ​បទល្មើស​នេសាទ​បានតែ ៧០ ភាគរយ​ប៉ុណ្ណោះ​។​
 
​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ ផ្នែក​ហិរញ្ញវត្ថុ​មាន​ភាពច្បាស់លាស់​។ ការចាប់​ត្រី​គល់រាំង​ដែលមាន​ទម្ងន់​ប្រហែល​ជាង ៩០​គីឡូក្រាម ឧទាហរណ៍​ថា វា​អាចមាន​តម្លៃ​រហូតដល់​ទៅ ១០០០០ ដុល្លារ​។ ប៉ុន្តែ ការផ្តន្ទាទោស​ចំពោះ​ការចាប់​ត្រី​នេះ ក៏​ធ្ងន់ធ្ងរ​ផងដែរ រួមទាំង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ឆ្នាំ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ជិត ១០០ នាក់​ក្នុង​មួយឆ្នាំ ត្រូវបាន​ផ្តន្ទាទោស និង​បញ្ជូនទៅ​ពន្ធនាគារ ព្រោះតែ​ការនេសាទ​ខុសច្បាប់ នៅក្នុង​តំបន់​ជម្រក​ត្រី​ទុក​ពូជ ក្នុង​បឹង​ទន្លេសាប​។​
 
​ប្រែ​សម្រួល​ពី  www.nationalgeographic.com
 

© រក្សាសិទ្ធិដោយ thmeythmey.com