ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញប្រាប់វិធីធ្វើ«ថ្នាំពុលកសិកម្មធម្មជាតិ» និងរបៀបប្រើឲ្យមានប្រសិទ្ធភាព កញ្ញា រឿន ធារី អ្នកបច្ចេកទេសដំណាំបន្លែនៃអង្គការGRET
× សៀមរាប៖ ប្រជាកសិករអាចផលិត«ថ្នាំពុលកសិកម្មធម្មជាតិ» បានដោយខ្លួនឯងពីរុក្ខជាតិ និងបន្លែ ដែលមានរសជាតិល្វីង-ហឹរ ដើម្បីការពារដំណាំបន្លែ ពីពពួកសត្វល្អិតចង្រៃ។ នៅក្នងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា រឿន ធារី មន្ត្រីបច្ចេកទេសដំណាំបន្លែ នៃអង្គការGRET បានឲ្យដឹងថា រុក្ខជាតិ ឬបន្លែ ដែលគេអាចយកមកធ្វើថ្នាំពុលកសិកម្មធម្មជាតិបាន មានដូចជា ស្លឹកល្ហុង ស្លឹកគ្រៃ ជីនាងវង ម្ទេស ស្តៅ និងទន្ទ្រាងខែត្រជាដើម។ ហើយយ៉ាងយូរ ២ថ្ងៃប៉ុណ្ណោះ «ថ្នាំពុលកសិកម្មធម្មជាតិ»នេះ នឹងអាចផលិតរួច ហើយអាចទៅប្រើបាន។
សូមស្ដាប់កិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា រឿន ធារី មន្ត្រីបច្ចេកទេសដំណាំបន្លែនៃអង្គការGRETដូចតទៅ៖
បើតាមអ្នកបច្ចេកទេសរូបនេះ ការផ្សំ និងប្រើថ្នាំពុលធម្មជាតិនៅលើបន្លែមានច្រើនរបៀប សម្រាប់ឱ្យប្រជាកសិករយកទៅអនុវត្តន៍លើផលដំណាំដើម្បីការពារនឹងសត្វល្អិតចង្រៃ ដូចជាសត្វល្អិតបង្កឡើងដោយផ្សិតនិងបាក់តេរី, កម្ចាត់ដង្កូវយោលទង, ប្រភេទសត្វល្អិតទាកគូ, ដង្កូវចោះផ្លែ ជាសត្វល្អិតចង្រៃមួយចំនួនផ្សេងទៀត។ កញ្ញា រឿន ធារី បានបញ្ជាក់ថា ដើម្បីថ្នាំពុលធម្មជាតិមានប្រសិទ្ធភាព និងឥទ្ធិពលលើសត្វល្អិតចង្រៃទាំងនេះ ត្រូវបាញ់ថ្នាំពុលធម្មជាតិបង្ការមុនពពួកសត្វចង្រៃមាននៅក្នុងចម្ការបន្លែ។ ពិសេសថ្នាំនៅពេលព្រឹក ឬនៅពេលដែលមេឃត្រជាក់ ហើយថ្នាំធម្មជាតិទាំងនេះអាចប្រើបានចាប់ពីបន្លែមានរយៈពេល៣ថ្ងៃឡើងទៅនៃកាដាំដុះ។
ជាទូទៅថ្នាំពុលធម្មជាតិដែលប្រជាកសិករដាំបន្លែសុវត្ថិភាពប្រើសម្រាប់បង្ការ ឬការពារពីសត្វចង្រៃដែលមានពីងពាងក្រហម, ដង្កូវយោលទង, ស្រាំងទិចផ្លែ, ពពួកសត្វដែលកើតឡើងពីផ្សិត និងពពួកសត្វល្អិតទៀកគូ គឺធ្វើឡើងដោយ«ជីនាងវង» តែមួយមុខគត់។ វិធីធ្វើថ្នាំពុលធម្មជាតិសម្រាប់ការពារពពួកសត្វចង្រៃទាំងនេះឱ្យមានប្រសិទ្ធភាពគឺត្រូវចិញ្ច្រាំឬបុកជីនាងរងកន្លះគីឡូក្រោមជាមួយទឹកធម្មតា២០លីត្រ ហើយផ្អាប់ទុកមួយយប់ អាចយកមកប្រើលើដំណាំបានតែម្តង។ ដោយឡែកចំពោះសត្វចង្រៃជាពពួកមេអំបៅដង្កូវរយ ដង្កូវចោះផ្លែ កណ្តូប និងចៃ ត្រូវផ្សំឡើងដោយ ស្លឹកគ្រៃ៣គីឡូក្រោម, ទន្រាងខែត្រ១គីឡូក្រាម, ម្ទេស១ខាំ ទឹកនោមគោ១ទៅ២លីត្រ និងលាយជាមួយទឹក១០លីត្រ រួមហើយផ្អាប់ទុកក្នុងរយៈ១៥ថ្ងៃ ទើបអាចប្រើប្រាស់បាន។ នេះបើតាម កញ្ញា ធារី។ កញ្ញាបានបញ្ជាក់ដូច្នេះ ពេលប្រើប្រាស់ថ្នាំពុលធម្មជាតិប្រភេទនេះ ត្រូវលាយជាមួយទឹកធម្មតា២-៣លីត្រ និងសាប៊ូឆ្អាប១០០សេសេ។
កញ្ញា រឿន ធារី បានអះអាងដូច្នេះ៖« ការប្រើប្រាស់ថ្នាំពុលធម្មជាតិមិនអាចបង្កើនទន្និផលបានច្រើនដូចថ្នាំពុលគីមីនោះទេ ប៉ុន្តែធ្វើឱ្យបន្លែយើងល្អនិងធ្វើបានរហូតឱ្យតែមានទឹកស្រាចគ្រប់គ្រាន់។ ពិសេសលក់បានថ្លៃនៅលើទីផ្សារ បើធៀបនឹងការប្រើប្រាស់ថ្នាំពុលគីមី។ មួយវិញទៀតគឺមិនប៉ះពាល់សុខភាពក្នុងរយៈពេលខ្លីឬវែងទាំងអ្នកដាំបន្លែនិងអ្នកបរិភោគបន្លែ»៕
Tag:
កសិកម្ម
ថ្នាំពុលធម្មជាតិ
រឿន ធារី
សៀមរាប
បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com