លោក ទិ​ត្យ សុធា​រ៉ា បើក​សាលា​អង់គ្លេស​ដល់​សហគមន៍​ជ្រៃ​លើកកម្ពស់​ការដាំ​បន្លែ​សុវត្ថិភាព​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ទិ​ត្យ សុធា​រ៉ា បើក​សាលា​អង់គ្លេស​ដល់​សហគមន៍​ជ្រៃ​លើកកម្ពស់​ការដាំ​បន្លែ​សុវត្ថិភាព​
13, May 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សហគមន៍​ជ្រៃ​ខាងជើង មាន​របរ​ដាំ​បន្លែ​សុវត្ថិភាព ផ្គត់ផ្គង់​ទៅតាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​ក្រុង​សៀមរាប​។ កន្លងមក ដោយសារ​ពេលវេលា និង​ការចំណាយ​មួយផ្នែក​លើ​ការសិក្សា​ភាសា​អង់គ្លេស​របស់​កូនៗ បាន​ប៉ះពាល​ល់​ដល់ពេល​វេលា​ដាំ​បន្លែ និង​អាកខាន​ការផ្គត់ផ្គង់​ទៅដល់​ទីផ្សារ​។ ដោយ​ស្វែងយល់​ពី​ចំណុច​នេះ ម្ចាស់​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុង​សៀមរាប បានរៀបចំ​ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​មួយ​ក្នុង​សហគមន៍ និង​ឱ្យ​កូនៗ​របស់​កសិករ​ដាំ​បន្លែ​ទាំងអស់​បាន​រៀន​ភាសា​ដោយ​ឥត​បង់ថ្លៃ​។ លក្ខខណ្ឌ​ក្នុងការ​ចូលរៀន គឺ​ក្មេងៗ​ទាំងអស់ ជា​កូន​កសិករ​ដែល​ដាំ​បន្លែ​សុវត្ថិភាព​តាម​គោលការណ៍​ដែល​បង្រៀន​ដោយ​អង្គ​ការដែល​ចុះជួយ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 


 
​ដើម្បី​ជួយ​វិស័យ​អប់រំ​នៅ​សហគមន៍​ជ្រៃ​ខាងជើង​ឱ្យមាន​ចំណេះដឹង​ផ្នែក​ភាសា​ឱ្យ​កាន់តែច្រើន​នោះ ម្ចាស់​ហាង​កាហ្វេ ណ បាន​ផ្តួចផ្តើម​បើក​ថ្នាក់រៀន​មួយកន្លែង​នៅក្នុង​សហគមន៍​នេះ​។ ថ្នាក់​បង្រៀន​នោះ ត្រូវបាន​លោក ទិ​ត្យ សុធា​រ៉ា ដាក់ឈ្មោះថា សាលា​សហគមន៍​ជ្រៃ ដែល​ទទួល​កិច្ចសហការ​លើ​ការបណ្ដុះបណ្ដាល​គ្រូ​ពី​សាលា​អន្ដរជាតិ API​។​
 
​លោក ទិ​ត្យ សុធា​រ៉ា រម្លឹកថា ហាង​កាហ្វេ​របស់លោក​បានចាប់ផ្តើម​ជួយ​ទិញ​បន្លែ​សុវត្ថិភាព​ពី​សហគមន៍​នេះ​តាមរយៈ​អង្គការ GRET រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ និង​បាន​ជួយ​ចេញថ្លៃ​បង្រៀន​សាលា​ភាសា​អង់គ្លេស​នេះ​ជាង​២​ឆ្នាំ​មកហើយ​ដែរ​។ លោក​បន្តថា សាលា​នេះ​ជា​ផ្នែក​មួយ​ជួយ​សហគមន៍​ជ្រៃ​វិញ ដោយសារ​អ្នកភូមិ​បាន​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ដល់​ហាង​កាហ្វេ​របស់លោក ហើយ​លោក​ក៏​ចង់​តបស្នង​នូវ​អ្វីដែល​លោក​អាចធ្វើ​បាន​ក្នុង​សហគមន៍​មួយ​នេះ​។ 


 
​ពិតណាស់ថា ការ​ជ្រោមជ្រែង​សហគមន៍​ឱ្យ​ផលិត​បន្លែ​សុវត្ថិភាព មិន​ប្រើប្រាស់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព ពិតជា​ពិបាក និង​ត្រូវការ​ប្រើពេល​យូរ​។ ជាក់ស្ដែង មុននឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​សហគមន៍​ជ្រៃ​នេះ អង្គ​ការដែល​ជ្រោមជ្រែង​បាន​ជួបនឹង​ផល​លំបាក​មួយចំនួន ដូចជា​ការបោះបង់​ម្ដង​ជា​ពីរដង​របស់​ពលរដ្ឋ ដោយ​ងាក​ទៅ​ដាំ​បន្លែ​គីមី​វិញ​។ បន្លែ​សុវត្ថិភាព ត្រូវការ​ពេល​យូរ ខុសពី​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី​។ មួយវិញទៀត អ្នកភូមិ​ត្រូវការ​ថវិកា​បន្ថែម ដើម្បី​បង់ថ្លៃ​សិក្សា​ភាសាបរទេស​ដល់​កូន​ពួកគេ​។ ការណ៍​នេះហើយ ដែល​ជំរុញ​ឱ្យ​លោក សុធា​រ៉ា រួម​និង​អ្នកប្រមូល​ទិញ​បន្លែ​សុវត្ថិភាព​ក្នុងភូមិ រួមគំនិត​គ្នា​បង្កើត​ថ្នាក់​ភាសា​អង់គ្លេស​នេះ​ឡើង​។ ថ្នាក់​បង្រៀន​នេះ​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ពួកគាត់​ក្នុងការ​បន្ត​ដាំ​បន្ថែ​សុវត្ថិភាព និង​បាន​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ផង​។​
 
​នៅក្រោម​ផ្ទះ​ឈើ​មួយ​ខ្នង ស្ថិតនៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម ខេត្តសៀមរាប កូនសិស្ស​ប្រមាណ ៥០​នាក់ កំពុង​បញ្ចេញ​សំ​ឡង​អាន​មេរៀន​ភាសា​អង់គ្លេស ដែល​បង្រៀន​ដោយ​អ្នកគ្រូ ព្រំ ណា​រី​។ គ្រូបង្រៀន​រូបនេះ​បាន​និយាយថា កន្លងមក​កូនសិស្ស​ដែល​ចង់​រៀន​ថ្នាក់​ភាសាបរទេស គឺ​ត្រូវ​បង់ថ្លៃ​ប្រចាំខែ​នៅ​សាលា​ឯកជន និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​ភូមិ​បន្ដិច​។ អ្នកគ្រូ​ថា សាលា​សហគមន៍​ជ្រៃ​នេះ​ជួយ​ឱ្យ​កូនសិស្ស​ក្នុងភូមិ​មានលទ្ធភាព​រៀន​ភាសាបរទេស​ដែលជា​ទុន​ដ៏​សំខាន់​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​ខាងមុខ កាត់បន្ថយ​ចំណាយ​នៅក្នុង​គ្រួសារ និង​មាន​សុវត្ថិភាព​ក្នុងការ​ទៅ​រៀន​ជាង​ពេលមុន​។​


 
​អ្នកស្រី ឈាង លាង កសិករ​ដាំ​បន្លែ​សុវត្ថិភាព និង​មានកូន​រៀន​នៅ​សាលា​សហគមន៍​ជ្រៃ​បាន​និយាយថា កូន​ខ្លួន​រៀន​បាន​ច្រើន​នៅទីនេះ និង​ពូកែ​។ អ្នកស្រី​ថា កន្លងមក​ដោយសារ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ អ្នកស្រី​មិនបាន​ឱ្យ​កូន​រៀន​ភាសាបរទេស​នេះ​ទេ ទើបតែ​មាន​សាលា​ក្នុងភូមិ​ដែលមាន​សុវត្ថិភាព​។​
 
​រីឯ​កសិករ​មួយរូប​ទៀត អ្នកស្រី ថៃ ឆេង​លី ដែល​បាន​ចូល​ជា​សមាជិក​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​របស់​អង្គការ GRET តាំងពី​ឆ្នាំ​២០១២​មក បានឱ្យដឹងថា ក្នុង​មួយខែ​អ្នកស្រី​អាច​រក​ចំណូល​ពី​ការដាំ​បន្លែ​ពី ៥០​ទៅ​៦០​ម៉ឺន​រៀល​។ អ្នកស្រី​ក៏មាន​កូន​កំពុង​រៀន​ថ្នាក់​ភាសាបរទេស​នៅ​សហគមន៍​ដែរ ហើយ​ថា ចង់ឱ្យមាន​ការបង្រៀន​រហូត ព្រោះ​សាលា​ឯកជន​ត្រូវ​បង់ថ្លៃ​សិក្សា​ប្រចាំខែ ណាមួយ​បារម្ភ​សុវត្ថិភាព​កូន​ខ្លួន​ផង​។​
 
​កសិករ និង​ជា​អ្នកប្រមូល​ទិញ​បន្លែ​សុវត្ថិភាព អ្នកស្រី សូ​ដា ក៏បាន​ជួយ​ក្នុង​គម្រោង​ផ្តល់​ថ្នាក់​ភាសាបរទេស​នេះដែរ​។ ការបង្រៀន​គឺ​ធ្វើ​នៅក្រោម​ផ្ទះ​អ្នកស្រី សូ​ដា​។ មុននឹង​ចូលរៀន កូនសិស្ស​ក៏​ទទួលបាន​បច្ចេក​ដាំ​ដុះ​ពី​អ្នកស្រី សូ​ដា​ផងដែរ​។ អ្នកស្រី​ថា ការងារ​នេះ​នឹង​ជួយ​ឱ្យ​ក្មេងៗ​ដែលជា​កូន​កសិករ​មានចំណេះ​ជំនាញ​ត្រឹមត្រូវ និង​បាន​ជួយ​ការងារ​នេះ​ដល់​គ្រួសារ​ពេល​ពួកគេ​ទំនេរ​ពី​ការរៀនសូត្រ​។​
 
​សព្វថ្ងៃ​សាលា​សហគមន៍​ជ្រៃ​មាន​ពីរ​ថ្នាក់ ដោយមាន​ថ្នាក់​កម្រិត​តូច និង​ធំ សរុប​មាន​សិស្ស​ប្រមាណ ៧០​នាក់ និង​ត្រៀម​សម្រាប់​ចូល​ថ្នាក់​ថ្មី​ប្រមាណ​២០​នាក់​ទៀត​។ តាម​ការមើលឃើញ​រប​ស់លោក សុធា​រ៉ា ក្រោយ​រៀបចំ​សាលា​រៀ​នេះ​រួចមក ការដាំ​បន្លែ​របស់​អ្នកភូមិ​មាន​ចរន្ត​រលូន​ឡើងវិញ ហើយ​ការផ្គត់ផ្គង់​ក៏បាន​ល្អប្រសើរ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com