អន្តរជាតិ
អ្នកណា​ជា​អ្នក​ដាក់ឈ្មោះ​សមុទ្រ​«​ប៉ាស៊ីហ្វិក​»?
13, May 2019 , 8:29 am        
រូបភាព
​មាន​ពាក្យ ឬ​ឈ្មោះ​ជាច្រើន​ដែល​មនុស្ស​គ្រប់គ្នា​ឧស្សា​ហ៌​យកមកប្រើ​ប្រាស់ ប៉ុន្តែ​មិនសូវ​បានដឹង​ពី​អត្ថន័យ ឬ​ដើមកំណើត​របស់​វា​ទេ​។ ក្នុងនោះ «​ប៉ាស៊ីហ្វិក​» ជា​ឈ្មោះ​មហាសមុទ្រ​មួយ ដែលមាន​ការនិយម​ប្រើប្រាស់​ពី​មនុស្ស​ជាច្រើន​លាន​នាក់​។​

 
​យោងតាម​ប្រភពពី​គេហទំព័រ oceanservice.noaa.gov ឈ្មោះ «​ប៉ាស៊ីហ្វិក​» នេះ ត្រូវបាន​បង្កើតឡើង​ដោយ​នាវិក​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះថា Ferdinand Magellan ។ ការដាក់​ឈ្មោះ​ឲ្យ​មហាសមុទ្រ​ដ៏​ធំធេង​មួយ​នេះ បាន​ធ្វើឡើង​អំឡុងពេល​លោក​ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​ប្រជុំ​កោះ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​១៥២០ តាមរយៈ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ក្នុង​គោលដៅ​រុករក​គ្រឿងទេស​។ 
 
​នេះ​គឺជា​ដំណើររឿង​នៃ​ការដាក់​ឈ្មោះ​មហាសមុទ្រ​មួយ​នេះ​។ ចេញពី​កំពង់ផែ​អេ​ស្ប៉ា​ញ ដោយ​បើក​កាត់​តាម​អាមេរិក​ខាងត្បូង នាវា​លោក Ferdinand បាន​ជួបប្រទះ​នឹង​ព្យុះ​សមុទ្រ​យ៉ាង​កាច​សាហាវ ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​។ ក្រោយមក ខណៈ​ឆ្លង​ផុត​ផ្លូវ​សមុទ្រ Strait of Magellan (​ដាក់ឈ្មោះ​តាម​លោក Ferdinand Magellan នេះឯង​) លោក​បានធ្វើ​ដំណើរ​ទៅដល់​មហាសមុទ្រ​ដ៏​ធំ ដែល​គ្មាន​ឈ្មោះ​មួយ​។​
 
​ដោយ​ឃើញ​មាន​អាកាសធាតុ​ល្អ និង​រលក​សមុទ្រ​តូចៗ លោក Magellan បានដាក់​ឈ្មោះ​សមុទ្រ​នេះ​ថា «Mar Pacifico» មានន័យ​ជា​ភាសា​អង់គ្លេស​ថា Peaceful និង Calmness ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​សន្តិភាព​» និង «​ភាពស្ងាត់ស្ងៀម​»​។ សូមបញ្ជាក់ថា សមុទ្រ​ប៉ាស៊ីហ្វិក មាន​ទំហំ​ប្រមាណ ១៥២​លាន​គីឡូ​ម៉ែត្រការ៉េ​៕

Tag:
 ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com