ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក​អ៊ូច មករា ផលិត​ភាពយន្ត​សម្រាប់​អប់រំ​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​
13, May 2019 , 7:59 pm        
រូបភាព
លោក អ៊ូច មករា គឺជាប្រធាន​ផ្នែក​ផលិត​ភាពយន្ត​នៃ​​ស្លឹករឹត​ភាពយន្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា។ (រូបថតដោយ Sleuk Rith Motion Picture)
លោក អ៊ូច មករា គឺជាប្រធាន​ផ្នែក​ផលិត​ភាពយន្ត​នៃ​​ស្លឹករឹត​ភាពយន្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា។ (រូបថតដោយ Sleuk Rith Motion Picture)
ដោយ: VOA
​ភ្នំពេញ ៖ នៅពេលដែល​លោក អ៊ូច មករា បញ្ចាំង​រឿង «​ឆ្មាំ​ព្រៃ​» សម្រាប់​ក្រុម​គ្រូបង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​នានា​ទស្សនា នៅ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​រាជធានី​ភ្នំពេញ ផលិតករ​ភាពយន្ត​រូបនេះ បាន​អង្គុយ​កំដ​ទស្សនិកជន​ដែល​កំពុង​ទស្សនា​ភាពយន្ត​ឯកសារ​របស់ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​។

 
​ជា​ផលិតករ​ភាពយន្ត​វ័យ ៣០​ឆ្នាំ លោក មករា ចូលចិត្ត​អង្គុយ​មើល​កុន​របស់លោក​ជាមួយ​ទស្សនិកជន​ផ្ទាល់ ដើម្បី​លោក​អាច​សង្កេតមើល​ប្រតិកម្ម​របស់​ពួកគេ​ដោយផ្ទាល់​។​
 
​រឿង «​ឆ្មាំ​ព្រៃ​» ដែលមាន​រយៈពេល​មួយ​ម៉ោង បានបង្ហាញ​អំពី​បេសកកម្ម​របស់​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ប៊ុន សា​ឡួ​ត ដែល​ស្ម័គ្រចិត្ត​ដឹកនាំ​សមាគម​ព្រះសង្ឃ ដើម្បី​ការពារ​ព្រៃ​សហគមន៍​មួយ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ព្រៃ​នោះ​គឺ «​ព្រៃ​សង្ឃ​រុក្ខ​វ័ន​» មាន​ទំហំ​ប្រមាណ ២​ម៉ឺន​ហិកតា និង​ជា​អតីត​ទីតាំង​តស៊ូ​ចុងក្រោយ​របស់​កងទ័ព​ខ្មែរក្រហម​។​
 
​ផ្ទាំងសំពត់ស​នៃ​រឿង «​ឆ្មាំ​ព្រៃ​» បាន​ផ្ដិត​យក​បរិយាកាស​ស្ងប់ស្ងាត់​របស់​ធម្មជាតិ​សកម្មភាព​ដុត​ភ្លើង​យក​ជ័រទឹក​តាមបែប​ប្រពៃណី​របស់​ប្រជាពលរដ្ឋ និង​ការនេសាទ​ត្រី​ដោយ​បង់សំណាញ់ ឬ​ចាប់​ត្រី​ដោយ​ប្រើ​ស្ន​ចាក់​។​
 
​ទិដ្ឋភាព​ទាំងនេះ​បាន​ញែក​ផលិតកម្ម​នៃ​ភាពយន្ត​របស់លោក អ៊ូច មករា ពី​ភាពយន្ត​ដទៃទៀត​ដែលជា​ប្រភេទ​ភាពយន្ត​មនោសញ្ចេតនា ភាពយន្ត​ភ័យរន្ធត់​តក់ស្លុត​ដែល​ពេញនិយម​នៅក្នុង​ទីផ្សារ​ភាពយន្ត​កម្ពុជា និង​តាម​កញ្ចក់​ទូរទស្សន៍​។ តែ លោក អ៊ូច មករា មិនមាន​បំណង​ផលិត​ភាពយន្ត​ដើម្បី​តម្រូវ​ទីផ្សារ​នោះទេ​។ លោក​បែរមក​ចាប់អារម្មណ៍​ការផលិត​ភាពយន្ត​ឯកសារ​ទាក់ទង​នឹង​ការអប់រំ​អំពី​សង្គម និង​ប្រវត្តិសាស្ត្រ​ទៅវិញ​។​
 
«​ខ្ញុំ​គិតថា ប្រវត្តិសាស្ត្រ​គឺជា​មេរៀន​មួយ​ដែល​សំខាន់ សម្រាប់​ឲ្យ​យើង​រៀន ឲ្យ​យើង​យល់​ពីអ្វី​ដែល​បាន​កើតឡើង ដើម្បី​ជា​ជំនួយ​ដល់​ការគិត ជា​គ្រឹះ​ដល់​ការគិត​សម្រាប់​អនាគត ហើយ​យើង​គួររៀបចំ​អនាគត​បែបណា ដើម្បី​កុំ​ឲ្យ​វា​ជាន់​ច្រំ​ដែល​នឹង​ប្រវត្តិសាស្ត្រ​ដែល​បានកើត​ឡើង​»​។​


លោក អ៊ូច មករា ប្រធាន​ផ្នែក​ផលិត​ភាពយន្ត​នៃស្លឹករឹត​ភាពយន្ត​របស់​មជ្ឈមណ្ឌល​ឯកសារកម្ពុជា កំពុងធ្វើការនៅទីតាំងមួយក្នុងប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៥។ (រូបថតដោយ Sleuk Rith Motion Picture)
 
​លោក អ៊ូច មករា បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​ផលិតភាព​យន្ត​នៃ​ស្លឹករឹត​ភាពយន្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ លោក​បាន​ប្រើប្រាស់​ពេលវេលា ៥​ឆ្នាំកន្លងមក​ដើម្បី​ផ្តោតទៅលើ​ការផលិត​ភាពយន្ត​ឯកសារ​ជាច្រើន​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការអប់រំ​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​និង​ភាពយន្ត​ឯកសារ​នានា​ដែល​អបរំ​អំពី​ការអភិរក្ស​ធនធានធម្មជាតិ និង​សម្បត្តិ​វប្បធម៌​ជាតិ​ផងដែរ​។​
 
​ភាពយន្ត​ដែល​លោក​ផលិត​ត្រូវបាន​យកទៅ​បញ្ចាំង​នៅតាម​សាលារៀន និង​ទីវ​ត្ត​អា​រ៉ា​ម​ជាដើម ជាពិសេស​នៅតាម​តំបន់​ដាច់ស្រយាល ដែល​ការអប់រំ​នានា​មិនទាន់​រីកចម្រើន​ទូលំទូលាយ​នៅឡើយ​។​
 
​លោក អ៊ូច មករា ដែលមាន​វ័យ​៣០​ឆ្នាំ កើត​នៅ​ទីក្រុង​ភ្នំពេញ​។ តែ​នៅក្នុង​វ័យ​ជំទង់ លោក​បាន​ទៅ​រស់នៅ និង​សិក្សា​នៅ​ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត​របស់​ម្តាយ​លោក​។ លោក​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី ៤​នាក់ នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ម្តាយ និង​ឪពុក​ជា​កសិករ​។ នៅ​ឆ្នាំ ២០០៦ លោក​បាន​ចាក​ចេញពី​ខេត្តកំពង់ស្ពឺ មក​រស់នៅ​ភ្នំពេញ​ម្តងទៀត​ដើម្បី​ការសិក្សា​។ កាលនោះ​លោក រៀន​ថ្នាក់​ទី​១១ ហើយ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​។ លោក​បាន​រៀន​ជំនាញ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​។ ប៉ុន្តែ​ក្រោយមក​លោក​បាន​ទម្លាក់ចោល​ការសិក្សា​លើ​ជំនាញ​នេះ បន្ទាប់ពី​បាន​រកឃើញថា លោក​ចូលចិត្ត​វិស័យ​សោតទស្សន៍​។​
 
«​ដោយសារតែ​យើង​មាន​ចំណូលចិត្ត​ខាង​ហ្នឹង​ផង ក៏​វា​ទៅ​រាង​លឿន​បាន​គ្រាន់បើ​។ អញ្ចឹង​ខ្ញុំ​បានចាប់ផ្តើម​ក្លាយទៅជា អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​សំឡេង​នៅ [​ផលិតកម្ម​ភាពយន្ត​] ខ្មែរ​មេគង្គ​។ ហើយ​ចាប់ផ្តើម​មាន​ប្រាក់ខែ មានអី​មក ទ្រទ្រង់​ការរៀនសូត្រ​របស់ខ្ញុំ​ផង​»​។​
 
​លោក អ៊ូច មករា ចង់​ដុះខាត់​ជំនាញ​ផលិត​កុន​។ ប៉ុន្តែ លោក​ពុំ​អា​ចរក​ស្វែងរក​ជំនាញ​ដែល​លោក​ចង់​រៀន​ទេ នៅតាម​សាកលវិទ្យាល័យ​នានា នៅ​ប្រទេស​កម្ពុជា​។ ដូច្នេះ លោក​បន្ត​បណ្តុះ​ជំនាញ​ផលិត​កុន នេះ​តាមរយៈ​ការងារ​។ ដោយសារ​លោក​ត្រូវ​ធ្វើការ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ លោក​ឆ្លៀត​យក​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដើម្បី​រៀន​ថ្នាក់​បរិញ្ញាបត្រ​។​
 
​លោក អ៊ូច មករា ក៏បាន​ទៅ​សិក្សា​ជំនាញ​ផ្នែក​សិល្បៈ​ភាពយន្ត នៅក្នុង​សាលា​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋអាមេរិក គឺ USC School of Cinematic Arts នៅ​ទីក្រុង Los Angeles រយៈពេល​ពីរ​សប្ដាហ៍​កាលពី​ឆ្នាំ ២០១៨​។​


លោក អ៊ូច មករា (បន្ទាប់ឆ្វេងបង្អស់) ថតរូបជាមួយនិស្សិតផ្សេងទៀត នៅ​សាកលវិទ្យាល័យ USC​ School of Cinematic Arts នៅ​ទី​ក្រុង​ Los Angeles​ សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១៨។ (រូបថតដោយ Sleuk Rith Motion Picture)


លោក អ៊ូច មករា ត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទ​ នរោត្តម​ សីហមុនី ប្រទានគ្រឿងឥស្សរិយយស ចំពោះស្នាដៃចូលរួមក្នុងគម្រោងផលិតសៀវភៅកម្រងព្រះឆាយាល័ក្ខនៃព្រះមហាក្សត្រកម្ពុជា និងរាជវង្សានុវង្ស កាលពីខែមីនា ឆ្នាំ២០១៨។ (រូបថតដោយ Sleuk Rith Motion Picture) 

លោក មករា បាន​អភិវឌ្ឍ​ខ្លួន​ពី​អ្នកបច្ចេកទេស​សំឡេង​នៃ​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​មួយ បន្ទាប់មក​ទៅជា​អ្នក​ថតរូប មុននឹង​ក្លាយជា​ផលិតករ​ភាពយន្ត​។ ហើយ​ក្រោយមក​លោក​បាន​ចូលធ្វើការ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ ២០១៣​។​
 
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានប្រសាសន៍ថា លោក​បានឃើញ​ស្នាដៃ​ដំបូង​របស់លោក មករា តាម​គេហទំព័រ យូ​ធូប (Youtube)​។ ហើយ​ក្រោយពី​បាន​ជួប​ផ្ទាល់​ជាមួយ​លោក មករា លោក ឆាំង យុ យល់ថា លោក មករា ជា​យុវជន​ដែល​ចេះ​តស៊ូ​ពុះពារ និង​មាន​ទេពកោសល្យ​។​
 
«​ពូ​មើល​របៀប មករា ថត​។ ទោះបី​រឿង​សិទ្ធិមនុស្ស ទោះបី​រឿង​មនុស្ស​ស្រី​គម្នាក់ ទោះបី​រឿង​ប្រាសាទ​បាក់បែក​ទ្រុឌទ្រោម​ពេលយប់​ក៏ដោយ ក៏​យើង​អាច​មើលឃើញ​ពី​សោភ័ណភាព​នៅក្នុង​ភាព​ខ្មៅ​ងងឹត​។ មករា អាច​ផ្ដោត​យក​សោភ័ណភាព​ក្នុង​ភាព​ខ្មៅ​ងងឹត​។ ហើយ​ពូ​ចង់បាន​អញ្ចឹង ពីព្រោះ​រឿង​ខ្មែរក្រហម​គឺជា​រឿង​គ្រោតគ្រាត ជា​រឿង​ធុញថប់​កាលណា​យើង​ស្ដាប់ទៅ តែ​បើសិនជា​យើង​ចេះ​បង្ហាញ​វា​នៅក្នុង​សោភ័ណភាព​មួយ មនុស្ស​ចងចាំ​បាន អាច​យល់ដឹងបាន ហើយ​ចូល​កៀក​បាន​»​។​
 
​ក្នុងការ​បំពេញការងា​រ​ជាច្រើន​ឆ្នាំ​មកនេះ លោក អ៊ូច មករា បានធ្វើ​ដំណើរ​ទៅតាម​បណ្តា​ខេត្ត​ជាច្រើន​។ ហើយ​លោក​បាន​ផ្តិត​យក​ទិដ្ឋភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ទាំង​នោះមក​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ឯកសារ​របស់លោក​។​
 
​រហូតមកទល់​ពេលនេះ លោក អ៊ូច មករា បាន​ផលិត​ភាពយន្ត​ខ្លីៗ​និង​ភាពយន្ត​ឯកសារ​ចំនួន​ប្រមាណ ១៥ រឿង ដូចជា​រឿង​« ផ្លូវ​ដ៏​វែងឆ្ងាយ​ទៅកាន់​ការអប់រំ​»​។ រឿងនេះ​ឆ្លុះបញ្ចាំង​អំពី​ការពុះពារ​ក្នុងការ​ធ្វើ​ឲ្យ​កុមារ​នៅក្នុង​សង្កាត់​ត្រើយ​កោះ​នៃ​ខេត្តកំពត ទទួលបាន​ការ​អប​រ់​រំ​ដ៏​សមស្រប​ក្រោយពី​ការដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​។ លោក​ថត​ជា​វីដេអូ​មួយ បង្ហាញ​ពី​ស្ថានភាព​នៃ​សាលាបឋមសិក្សា​មួយ ដែល​គេ​សង់​លើ​អតីត​រោង​បាយ​ក្នុង​ជំនាន់​ខ្មែរក្រហម​។​រឿង​ចុង​ក្រោយនេះ​គឺ​រឿង «​ឆ្មាំ​ព្រៃ​»​។​
 
​ប៉ុន្តែ រឿង​មួយទៀត​ដែល​លោក​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​នេះ គឺ​រឿង «​ប្រសិនបើ​ថ្ម​ចេះ​និយាយ​»​។ ឈុត​ឆាក​នៃ​រឿងនេះ បង្ហាញ​អំពី​អតីតកាល​ដ៏​រុងរឿង​របស់​កម្ពុ​ជានា​សម័យអង្គរ ដែល​ពេលនោះ​ប្រជាជនមាន​ជឿ​លើ​សាសនា​ហិណ្ឌូ​និង​សង់​ប្រាសាទ​រាប់រយ​ពាន់​នៅ​ទូទាំងប្រទេស និង​ការជួញដូរ​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់ ក្រោយពី​កម្ពុជា​បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ក្នុង​មួយរយៈ​ពេល​យ៉ាង​វែង​។​


លោក អ៊ូច មករា ថតរូបជាមួយព្រះបាទ​ នរោត្តម​ សីហមុនី នៅពេលដែលលោកត្រូវបានព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយស ចំពោះស្នាដៃចូលរួមក្នុងគម្រោងផលិតសៀវភៅកម្រងព្រះឆាយាល័ក្ខនៃព្រះមហាក្សត្រកម្ពុជា និងរាជវង្សានុវង្ស។ (រូបថតដោយ Sleuk Rith Motion Picture)
 
​ខ្សែភាពយន្ត​នេះ​ក៏ត្រូវ​យកទៅ​បញ្ចាំង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​អំពី​ការផលិត​ភាពយន្ត American Film Showcase នៅ​ទីក្រុង Los Angeles រដ្ឋ California នៃ​សហរដ្ឋអាមេរិក​។​
 
​ប្រធាន​កម្មវិធី American Film Showcase លោកស្រី Rachel Gardin Mark បាន​ទស្សនា​រឿង «​ប្រសិនបើ​ថ្ម​ចេះ​និយាយ​» ។ លោកស្រី​បាន​ឲ្យ​ដឹងថា លោក មករា មានបំណង​ប្រាថ្នា​ដ៏​ខ្លាំងក្លា ដើម្បី​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ប្រទេស​ខ្លួន ឲ្យ​ពិភពលោក​បាន​មើលឃើញ​។ ហើយ​តាមរយៈ​ភាពយន្ត​នេះ​ក្រុម​គណកម្មាធិការ មើលឃើញ​អំពី​ភាព​បន្ទាន់​ដែល​ត្រូវការ​ការអន្តរាគមន៍​ទៅលើ​បញ្ហា​ជួញដូរ​វត្ថុ​បុរាណ​នៅ​កម្ពុជា​។​
 
​លោកស្រី​ប្រាប់ VOA តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖
 
«​មករា ចង់​បង្ហាញថា​កន្លែង​ឧទ្ទិស​ដល់​សាសនា​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន មិនមែន​តែ​នៅ​អតីតកាល​នោះទេ​។ នៅក្នុង​បទ​បង្ហាញ [pitch] មករា បាន​លើកឡើងថា ប្រជាជន​កម្ពុជា​កំពុង​បន់ស្រន់​ទៅ​រូបតំណាង​ទេវតា​ដែល​គ្មាន​ព្រះ​សិរសា​។ ពាក្យពេចន៍​ដែល​លោក​បាន​ថ្លែង គឺមាន​ឥទ្ធិពល​យ៉ាងខ្លាំង ចំពោះ​ក្រុម​វាគ្មិន​ដែល​ផ្ចង់​ស្តាប់​បទ​បង្ហាញ​ទាំងអស់​។ វា​អាច​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​យល់ថា គម្រោង​ភាពយន្ត​ឯកសារ​របស់ មករា មាន​សារសំខាន់​ចំពោះ​ទស្សនិកជន​នៅថ្ងៃនេះ​»​។​
 
​លោក អ៊ូច មករា មានបំណង​ពង្រីក​ខ្សែភាពយន្ត «​ប្រសិនបើ​ថ្ម​ចេះ​និយាយ​» ឲ្យ​ទៅជា​ខ្សែភាពយន្ត​ឯកសារ​ពេញលេញ​ខ្នាត​វែង​មួយ ដែល​ស្រាវជ្រាវ​បន្ថែម​អំពី​រឿងរ៉ាវ​ចាក់ឫស​ពីក្រោយ​ចរាចរណ៍​វត្ថុ​បុរាណ​ខ្មែរ​ទៅ​ក្រៅប្រទេស និង​ប្រព័ន្ធ​ការងារ​គ្រប់គ្រង​ថែរក្សា​វត្ថុ​បុរាណ​ទាំងនោះ​។​
 
​ថ្មីៗ​នេះ លោក អ៊ូច មករា បាន​ចូលរួម​គម្រោង​ផលិត​សៀវភៅ​កម្រង​ព្រះ​ឆាយា​ល័​ក្ខ​នៃ​ព្រះមហាក្សត្រ​កម្ពុជា និង​រាជវង្សានុវង្ស​។ សៀវភៅ​នោះ​បោះពុម្ព​ក្រោម​ចំណងជើង​ថា «The Royal House of Cambodia​​» សរសេរ​ដោយ​លោក Julio A. Jeldres ជាទី​ប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​កម្ពុជា និង​ជា​អតីត​ស្មេរ​ព្រះរាជ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ​។ ព្រះ​ឆាយា​ល័​ក្ខ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី ដែល​លោក​បាន​ថត​ដោយផ្ទាល់​ត្រូវបាន​ដាក់​ជា​ក្រប​មុខ​នៃ​សៀវភៅ​។​
 
​នេះ​ជា​លើកដំបូង​ហើយ​ដែល លោក អ៊ូច មករា បាន​គាល់​ព្រះមហាក្សត្រ និង​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ទ្រង់​ព្រះករុណា ចំពោះ​ស្នាដៃ​របស់លោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com