អន្តរជាតិ
សហរដ្ឋអាមេរិក និង​ចិន​ជាប់គាំង​ជា​បន្ត​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​
14, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​ជាប់គាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​ពួកគេ​បាន​ចរចា​គ្នា​ជុំ​ចុងក្រោយ​ដែល​សម្រេច​មិនបាន​កិច្ចព្រមព្រៀង​ណាមួយ​។​

 
​កាលពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក​បាន​បង្កើន​ការយក​ពន្ធគយ​ពី ១០ ទៅ ២៥ ភាគរយ លើ​ទំនិញ​ចិន​ដែលមាន​ទឹកប្រាក់​ចំនួន ២០០ ពាន់​លាន​ដុល្លារ​។ ប្រទេស​ចិន​បាន​សន្យាថា​នឹង​ចាត់វិធានការ​សងសឹក​វិញ ប៉ុន្តែ​មិនបាន​បញ្ជាក់​លំអិត​អំពី​វិធានការ​ទាំង​នោះទេ​។​
 
​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏បាន​បញ្ជា​មន្ត្រី​ឲ្យ​ចាប់ផ្ដើម​បង្កើន​ពន្ធគយ​លើ​ទំនិញ​ផ្សេងទៀត​ស្ទើរតែ​ទាំងអស់​ដែល​នាំចូល​ពី​ប្រទេស​ចិន ដែល​ទំនិញ​ទាំងនោះ​មាន​ទឹកប្រាក់​ប្រមាណ ៣០០ ពាន់​លាន​ដុល្លារ ដែល​ដំណើរការ​នេះ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​ការ​ពេល​ជាច្រើន​ខែ​ទៅមុខទៀត​។​
 
​លោក Trump បាន​និយាយថា ប្រទេស​ចិន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពន្យារពេល​ទាក់ទិន​នឹង​រឿង​ឯកភាព​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​សហរដ្ឋអាមេរិក​។​
 
​លោក Trump បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ប្រទេស​ចិន​ចង់ឃើញ​ថា​តើ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ឆ្នាំ ២០២០ ឬក៏​អត់​។ លោក​បាន​បន្ថែមថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការបោះឆ្នោត នោះ​ប្រទេស​ចិន «​នឹង​បន្ត​កេងចំណេញ​លើ​សហរដ្ឋអាមេរិក​ចំនួន ៥០០ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្ន‍ាំ​»​។​
 
​ប៉ុន្តែ អ្នកវិភាគ​អាជីវកម្ម​នានា​បាន​និយាយថា ពន្ធគយ​ខ្ពស់ជាង​មុន​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យក​លើ​ទំនិញ​របស់​ចិន​នេះ នឹងធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ចំណាយ​កាន់តែ​ច្រើនជាង​មុន​ដើម្បី​ទិញ​ទំនិញ​របស់​ចិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com