AFF U15 Girl៖ កម្ពុជា​ប៉ះ​ថៃ រីឯ​ឡាវ​តទល់​ជាមួយ​សិង្ហ​បុរី​
កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជា​ប៉ះ​ថៃ រីឯ​ឡាវ​តទល់​ជាមួយ​សិង្ហ​បុរី​
13, May 2019 , 1:46 pm        
រូបភាព
សកម្មភាពប្រកួតរវាង U15 កម្ពុជា (អាវស) ជាមួយម៉ាឡេស៊ី។ រូបភាពពី FFC
សកម្មភាពប្រកួតរវាង U15 កម្ពុជា (អាវស) ជាមួយម៉ាឡេស៊ី។ រូបភាពពី FFC
ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​ថៃ សម្រាប់​ជំនួប​លើក​ទី​ពានរង្វាន់ AFF U15 Championship 2019 នៅ​ម៉ោង​៦​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩​។ ចំណែក U15 នារី​ឡាវ ប៉ះ​សិង្ហ​បុរី​នៅ​ម៉ោង​៣​រសៀល​។



​វា​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា ដែល​ទាមទារ​ត្រូវយក​ឈ្នះ​ថៃ​ជាដាច់ខាត ដើម្បី​អាច​បន្ត​ក្តីសង្ឃឹម​ក្នុង​ឈានទៅ​វគ្គ​បន្ត​។ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ជា​បន្តបន្ទាប់​ក្រោម​ថ្វី​ជើង​សិង្ហ​បុរី ២-១ ក្នុងជំនួប​បើកឆាក​និង ២-១ ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី​។ បើ​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ចាញ់ ស្មើ​ថៃ​នៅថ្ងៃនេះ នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​ក្រុម​កម្ពុ​ជាមាន​ស្តួចស្តើង​បំផុត​។

​នា​ជំនួប​បើកឆាក​របស់ខ្លួន​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ បាន​យកឈ្នះ​សិង្ហ​បុរី ដែល​យកឈ្នះ​កម្ពុជា ២-១ ក្នុង​លទ្ធផល ៥-០​។ តាមរយៈ​លទ្ធផល​នេះ គឺ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​នោះឡើយ​នៅ​ល្ងាច​នេះ​។

​មុន​ការប្រកួត​គូ​របស់​កម្ពុជា នៅក្នុង​ពូ​ល B ដដែល ក្រុម​ឡ​វ ដែល​បាន​យកឈ្នះ​ម៉ាឡេស៊ី ៤-០ ក្នុងជំនួប​បើកឆាក​របស់ខ្លួន ត្រូវ​តទល់​ជាមួយ​សិង្ហ​បុរី ដែល​ចាញ់​ថៃ ៥-០ នៅ​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​។ ការប្រកួត​ទាំងពីរ​គូ​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន IPE Chonburi Campus Stadium ដូចគ្នា​។

​សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​កីឡាការិនី​ជម្រើសជាតិ​វៀតណាម​បាន​លត់​ក្រុមទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ១៦-០ ខណៈ​ហ្វីលីពីន​យកឈ្នះ​មី​យ៉ាន់​ម៉ា ៥-០​។ ទី​ម័​រ​ខាងកើត​បាន​របូត​គ្រាប់​បាល់​រហូត​៤២​គ្រាប់​ក្នុងការ​ប្រកួត​ពីរលើក បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ២៦-០ នា​ជំនួប​បើកឆាក​៕  


Tag:
 AFF U15 Girls
  បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com