កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជាប៉ះថៃ រីឯឡាវតទល់ជាមួយសិង្ហបុរី សកម្មភាពប្រកួតរវាង U15 កម្ពុជា (អាវស) ជាមួយម៉ាឡេស៊ី។ រូបភាពពី FFC
× ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយម្ចាស់ផ្ទះថៃ សម្រាប់ជំនួបលើកទីពានរង្វាន់ AFF U15 Championship 2019 នៅម៉ោង៦ល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។ ចំណែក U15 នារីឡាវ ប៉ះសិង្ហបុរីនៅម៉ោង៣រសៀល។
វាជាជំនួបដ៏សំខាន់សម្រាប់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ដែលទាមទារត្រូវយកឈ្នះថៃជាដាច់ខាត ដើម្បីអាចបន្តក្តីសង្ឃឹមក្នុងឈានទៅវគ្គបន្ត។ បន្ទាប់ពីពួកគេបានរងបរាជ័យពីរប្រកួតជាប់គ្នាជាបន្តបន្ទាប់ក្រោមថ្វីជើងសិង្ហបុរី ២-១ ក្នុងជំនួបបើកឆាកនិង ២-១ ក្រោមថ្វីជើងម៉ាឡេស៊ី។ បើកម្ពុជាបញ្ចប់ក្នុងលទ្ធផលចាញ់ ស្មើថៃនៅថ្ងៃនេះ នោះឱកាសឡើងទៅវគ្គបន្តសម្រាប់ក្រុមកម្ពុជាមានស្តួចស្តើងបំផុត។
នាជំនួបបើកឆាករបស់ខ្លួនក្រុមការពារតំណែងជើងឯកថៃ បានយកឈ្នះសិង្ហបុរី ដែលយកឈ្នះកម្ពុជា ២-១ ក្នុងលទ្ធផល ៥-០។ តាមរយៈលទ្ធផលនេះ គឺវាមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជាក្នុងការយកឈ្នះនោះឡើយនៅល្ងាចនេះ។
មុនការប្រកួតគូរបស់កម្ពុជា នៅក្នុងពូល B ដដែល ក្រុមឡវ ដែលបានយកឈ្នះម៉ាឡេស៊ី ៤-០ ក្នុងជំនួបបើកឆាករបស់ខ្លួន ត្រូវតទល់ជាមួយសិង្ហបុរី ដែលចាញ់ថៃ ៥-០ នៅម៉ោង៣រសៀល(ម៉ោងនៅកម្ពុជា)។ ការប្រកួតទាំងពីរគូនេះធ្វើឡើងនៅកីឡដ្ឋាន IPE Chonburi Campus Stadium ដូចគ្នា។
សម្រាប់ការប្រកួតពូល A កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រុមកីឡាការិនីជម្រើសជាតិវៀតណាមបានលត់ក្រុមទីម័រខាងកើតក្នុងលទ្ធផល ១៦-០ ខណៈហ្វីលីពីនយកឈ្នះមីយ៉ាន់ម៉ា ៥-០។ ទីម័រខាងកើតបានរបូតគ្រាប់បាល់រហូត៤២គ្រាប់ក្នុងការប្រកួតពីរលើក បន្ទាប់ពីពួកគេបានចាញ់ក្រុមមីយ៉ាន់ម៉ា ២៦-០ នាជំនួបបើកឆាក៕
Tag:
AFF U15 Girls
បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com