កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ជើងឯក​អូទ្រីស Salzburg ចូល​វគ្គ Group Stage ព្រោះ Liverpool និង Spurs ស្ថិតក្នុង Top 4
13, May 2019 , 8:59 pm        
រូបភាព
អ្នកគាំទ្រក្លិប Salzburg
អ្នកគាំទ្រក្លិប Salzburg
ដោយ: ថ្មីៗ
Liverpool និង Tottenham Hotspur នៃ​ក្របខណ្ឌ Premier League ត្រូវ​ប៉ះគ្នា​ដណ្តើម​ជើងឯក Champions League នា​រដូវ​កាល​នេះ​។ ដោយសារតែ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​កៅអី Top 4 ដូច្នេះ ជើងឯក​អូទ្រីស Red Bull Salzburg ជា​អ្នក​ទាញ​បាន​ឱកាស​ទៅលេង​វគ្គ Group Stage នៃ​ពានរង្វាន់ Champions League នា​រដូវ​កាល​ក្រោយ​។ នេះ​បើតាម​ច្បាប់​ដែល​កំណត់ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប ដែល​ត្រូវបាន​បកស្រាយ​ដោយសារ​ព័ត៌មាន​កីឡា​ធំៗ ដូចជា BBC និង ESPN ជាដើម​។​

 
​ជាទូទៅ ក្រុម​ដែល​ឈ្នះ​ពាន Champions League នឹង​បាន​កៅអី​សម្រាប់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​មួយ​នេះ ទៀត​នា​រដូវ​កាល​ក្រោយ ប៉ុន្តែ​ទាំង Liverpool និង Tottenham Hotspur សុទ្ធ​តែមាន​កៅអី​រួចជាស្រេច​ក្នុងនាម​ជា​ក្រុម Top 4 នៅ Premier League ដោយ​ហង្ស​ក្រហម​ស្ថិតនៅ​លេខ​២ រីឯ​មាន់​ខ្នាយ​មាស​ឈរ​នៅ​លេខ​៤​។​
 
​ក្នុងចំណោម​ក្រុម​ទាំងពីរ ក្រុម​មួយណា​ក៏ត្រូវ​មាន​កៅអី​លេង Champions League នា​រដូវ​កាល​ដដែល ទោះ​វគ្គ​ផ្តាច់ព្រ័ត្រ មាន​លទ្ធផល​បែបណាក៏ដោយ​។ តាមច្បាប់​របស់ UEFA ករណី​ក្រុម​នៅ Top 4 Premier League ឈ្នះ​ពាន Champions League ជោគវាសនា​ទៅលេង​វគ្គ Group Stage នា​រដូវ​កាល​ក្រោយ មិនមែនជា​ក្រុម​លេខ​៥​នោះឡើយ តែ​ជា​ក្រុម​ដែល​លើក​ពាន​នៅ​ក្របខណ្ឌ​កំពូល​អូទ្រីស Austrian Bundesliga ដែលជា​លី​គ​លំដាប់​ទី​១១​នៅ​អឺរ៉ុប​។​

 
 
Red Bull Salzburg ដែលជា​ធម្មតា​ត្រូវ​ឡើង​នៅ​វគ្គ​ជម្រុះ​នោះ នឹងត្រូវ​លេង​វគ្គ Group Stage វិញ​។ ជាមួយគ្នានេះ ក្រុម​ផ្សេងទៀត ក៏ត្រូវ​ឡើង​កម្រិត​ជម្រុះ​របស់ខ្លួន​ផងដែរ ដោយ​ក្រុម​ជើងឯក​នៅ​សាធារណរដ្ឋ​ឆែក ត្រូវ​លេង​វគ្គ Play-off ក្រុម​ជើងឯក​ក្រិ​ក PAOK ត្រូវ​លេង​វគ្គ​ជម្រុះ​ជុំ​ទី​បី ខណៈ​ជើងឯក​អ៊ីស្រាអែល Maccabi Tel Aviv និង​ជើងឯក​ស៊ី​ប APOEL ត្រូវ​ឡើងទៅ​លេង​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ សម្រាប់​ព្រឹត្តិការណ៍ Champions League រដូវ​កាល​២០១៩-២០២០​។​
 
Premier League អាចមាន​៥​ក្រុម​ដែល​ត្រូវ​លេង Champions League នា​រដូវ​កាល​ក្រោយ ប្រសិនបើ Arsenal ឈ្នះ​ពាន Europa League ប៉ុន្តែ​បើ Chelsea ឈ្នះ វត្តមាន​ក្រុម​នឹងត្រូវ​ប្រែប្រួល​ព្រោះ តោ​ខៀវ មានឈ្មោះ​រួចជាស្រេច​នៅ​រដូវ​កាល​ក្រោយ​ក្នុងនាម​ជា​ក្រុម​លេខ​បី​។ បើ​តោ​ខៀវ​បាន​ពាន Europa League ក្រុម​លេខ​បី​នៅ​ក្របខណ្ឌ Ligue 1 របស់​បារាំង នឹង​ទៅលេង​វគ្គ Group Stage ខណៈ​ជើងឯក​រង​អូទ្រីស LASK Linz និង​ជើងឯក​រង​នៅ​តួ​ក​គី ត្រូវ​លេង​វគ្គ​ជម្រុះ​ជុំ​ទី​បី​៕

© រក្សាសិទ្ធិដោយ thmeythmey.com