អន្តរជាតិ
បក្សប្រឆាំងរបបយោធាថៃ សុខចិត្តមិនយកតំណែងនាយករដ្ឋមន្ត្រីឲ្យតែបិទផ្លូវលោក ប្រាយុទ្ធ បាន
× បក្សនយោបាយធំៗពីរដែលប្រឆាំងរបបយោធាថៃ គឺបក្សភឿថៃ និងបក្សអនាគតឈានមុខ ទំនងជាលះបង់តំណែងនាយករដ្ឋមន្ត្រី បើសិនជាអាចទប់ស្កាត់លោក ប្រាយុទ្ធ ចន្ទអូចា មិនឲ្យបន្តតំណែងនាយករដ្ឋមន្ត្រីបាន។ សម្រាប់បក្សទាំងពីរនេះ តំណែងនាយករដ្ឋមន្ត្រី មិនសំខាន់ដូចការបញ្ចប់ដំណើរទៅរកតំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ឡើយ។ យោងតាមលទ្ធផលបោះឆ្នោតផ្លូវការ លោក ប្រាយុទ្ធ មានសង្ឃឹមខ្ពស់ក្នុងការដឹកនាំប្រទេស៤ឆ្នាំទៀត។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា បង្ហាញថា លោក ប្រាយុទ្ធ ចន្ទអូចា មានភាគរយខ្ពស់ក្នុងការដឹកនាំប្រទេសថៃបន្តទៀត។ បើតាមលទ្ធផលផ្លូវការ គណបក្សកម្លាំងប្រជារាស្ត្រដែលលម្អៀងទៅខាងយោធាទទួលបានអាសនៈ ១១៥នៅក្នុងសភាជាន់ទាប។ បើបូកជាមួយព្រឹទ្ធសភាមានអាសនៈ ២៥០ដែលបានត្រូវតែងតាំងដោយរបបយោធានោះ គណបក្សនេះ នៅខ្វះតែ១១អាសនៈទៀតប៉ុណ្ណោះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីបានតាមប្រព័ន្ធភាគច្រើនដាច់ខាត។
ដោយសារចង់ឃើញលោក ប្រាយុទ្ធ អង្គុយកៅអីនាយករដ្ឋមន្ត្រី៤ឆ្នាំទៀត បក្សនេះក៏បានចែចូវបក្សនយោបាយមួយចំនួនទៀត ដើម្បីបង្គ្រប់សំឡេងដែលខ្វះខាត។ ងាកទៅខាងក្រុមប្រឆាំងរបបយោធាវិញ សម្ព័ន្ធភាពគាំទ្រប្រជាធិបតេយ្យដែលដឹកនាំបក្សភឿថៃ ទទួលបានអាសនៈរួមគ្នាចំនួន២៤៥នៅក្នុងសភាជាន់ទាប គឺតិចជាងចំនួនអាសនៈ ៣៧៦ ដែលគេត្រូវការឱ្យមានដើម្បីដាក់ស្នើឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រីផងដែរ។
ដ្បិតត្រូវការអាសនៈយ៉ាងច្រើននោះ បក្សភឿថៃ និងបក្សអនាគតឈានមុខ ទំនងជាដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន និងគាំទ្របេក្ខភាពមកពីបក្សផ្សេងវិញ បើសិនអាចអាចប្រមូលសំឡេងគ្រប់គ្រាន់ដើម្បីរារាំងលោក ប្រាយុទ្ធ បាន។ សព្វថ្ងៃនេះ កូនសោរសំខាន់ស្ថិតក្នុងដៃបក្សនយោបាយដែលមិនទាន់ប្រកាសគាំទ្រសម្ព័ន្ធភាពចម្រុះណាមួយមានដូចជាបក្សជើងចាស់ប្រជាធិបតេយ្យ និងបក្សភូមិចៃថៃជាដើម។ បើបក្សនយោបាយទាំងនេះ ងាកទៅខាងណា ខាងណោះប្រាកដជាមានសង្ឃឹម។
មេដឹកនាំបក្សភឿថៃ លោកស្រី Sudarat Keyuraphan បាននិយាយនៅថ្ងៃទី១២ ខែឧសភា ថា ការចូលរួមជាមួយសម្ព័ន្ធភាពប្រឆាំងងរបបយោធា មិនមែនមានន័យថាគាំទ្ររដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ។ សម្រាបភឿថៃ អ្វីដែលចាំបាច់ គឺប្រឆាំងការបន្តអំណាចរបស់យោធា។ ទោះជាយ៉ាងណាមិញ មេដឹកនាំបក្សភឿថៃដែលស្និទ្ធអតីតនាយករដ្ឋមន្ត្រីត្រកូល ស៊ីណាវ៉ាត់ នេះ អះអាងថា បក្សលោកស្រីមិនបានគាំទ្រមេបក្សភូមិចៃថៃជាបេក្ខជននាយករដ្ឋមន្ត្រីឡើយ។
បើតាមកាសែតថៃ The Nation បក្សអនាគតឈានមុខរបស់មហាសេដ្ឋីវ័យក្មេង Thanathorn Juangroongruangkit ក៏ប្រកាសដែរថា អាទិភាពសំខាន់ គឺបិទផ្លូវរបស់របបដឹកនាំយោធា ហើយខ្លួនត្រៀមជាស្រេចដើម្បីបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីដែលល្អ។ លោក Thanathorn ដែលកំពុងរងការចោទប្រកាន់ពីសំណាក់របបយោធានោះ ក៏ប្រកាសដែរថា ឲ្យបេក្ខជនណាអាចប្រមូលសំឡេងសមាជិកសភាគ្រប់គ្រាន់ដើម្បីរារាំងយោធានោះ បក្សលោកនឹងបោះឆ្នោតឲ្យអ្នកនោះ៕
Tag:
ថៃ
គណបក្សភឿថៃ
គណបក្សអនាគតឈានមុខ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com