កីឡាជាតិ
ជាតិ
លោក ស សុខា ក្លាយជាប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា លោក សុខ សប្បាយណា ជាអគ្គលេខាធិការ លោក ស សុខា ថ្លែងក្នុងសន្និបាតវិសាមញ្ញសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, រូបភាពពីហ្វេសប៊ុកលោក ស សុខា
× សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានរៀបចំសន្និបាតវិសាមញ្ញមួយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំ និងសមាជិកមួយចំនួន។ ក្នុងនោះអង្គសន្និបាតបានតែងតាំងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាឲ្យធ្វើជាប្រធានសហព័ន្ធ ខណៈលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ ជាអគ្គលេខាធិការសហព័ន្ធ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាត្រូវបានតែងតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាជំនួសលោក ព្រំ ឌិន ដែលផុតអាណត្តិ។ ជាមួយគ្នានេះ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធ ជំនួសលោក អ៊ិន គឹមស្រ៊ុន ដែលផុតអាណត្តិដូចគ្នា។
លោក ស សុខា (ស្តាំ)ចាប់ដៃជាមួយលោក ព្រំ ឌិន ក្រោយប្រគល់ត្រាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា, រូបភាពពីហ្វេសប៊ុកលោក ស សុខា
ក្រោយទទួលបានតំណែងជាប្រធានសហព័ន្ធលោក ស សុខា បានប្តេជ្ញាថា លោកនឹងពង្រីកក្លិប-សមាគមកីឡាប៉េតង់ឲ្យមានគ្រប់បណ្តាខេត្តនៅកម្ពុជា និងបណ្តុះធនធានកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសឲ្យបានច្រើន សម្រាប់ត្រៀមការប្រកួតនានា ពិសេសកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
«ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាអាណត្តិថ្មីនេះ ខ្ញុំប្ដេជ្ញាចិត្តពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លិបឱ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក ពង្រីកការប្រកួត ស្វះស្វែងរកមូលនិធិដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម»។ ការប្តេជ្ញាចិត្តបែបនេះរបស់លោក ស សុខា ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៩។
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com