អន្តរជាតិ
វៀតណាម ប្តេជ្ញា​អភិវឌ្ឍ​បច្ចេកវិទ្យា 5G ខ្លួនឯង ដោយ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​
13, May 2019 , 9:39 pm        
រូបភាព
ប្រភពរូប៖ កាសែតវៀតណាម Nhan Dan
ប្រភពរូប៖ កាសែតវៀតណាម Nhan Dan
ដោយ:
​កាលពី​ថ្ងៃទី​២៥ ខែមេសា​កន្លងទៅ វៀតណាម បាន​ក្លាយជា​សមាជិក​នៃ​ក្រុម​ប្រទេស​មាន​បណ្តាញ 5G ក្រោយពី​ខ្លួន បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​ប្រាំ​នេះ​។ ជាមួយ​ល្បឿន​ចន្លោះ​ពី ៦០០ ទៅ ៧០០ មេហ្កាបៃ​ក្នុង​មួយ​វិនាទី គម្រោង​នេះ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។

 
​ហាក់​ស្ទាក់​ស្ទើរនឹង​សុំ​ជំនួយ​ពី​បរទេស​ទាំងស្រុង​ដើម្បី​អភិវឌ្ឍ​បន្ត ក្រុមហ៊ុន Viettel របស់​យោធា​វៀតណាម កំពុង​ព្យាយាម​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្នូល​ផ្ទាល់ខ្លួន ដោយ​ប្តេជ្ញា​ថា ៨០​ភាគរយ​នៃ​បច្ចេកវិទ្យា 5G នឹងត្រូវ​អភិវឌ្ឍ​នៅក្នុង​ស្រុក​។ ទោះបីជា​អះអាងថា ការអភិវឌ្ឍ​ប្រព័ន្ធ​នេះ ប្រហែល​ត្រូវការ​ជំនួយ​ខ្លះ​ជាពិសេស​ផ្នែក Hardware ពី​ក្រុមហ៊ុន​បរទេស ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​វៀតណាម​មួយ​នេះ សង្កត់ធ្ងន់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei នឹងមិន​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ​ជាដាច់ខាត​។  
 
​មែនទែនទៅ ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន Viettel បែបនេះ កើតឡើង​ខណៈ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក ជ្រួលជ្រើម​នឹង​តម្លៃ​ធូរ​ថ្លៃ​ថោក​ជាង​ទីផ្សារ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Huawei ។ កន្លងទៅ ក្រុង​វ៉ាស៊ីនតោន ធ្លាប់បាន​ព្រមាន​ថា ក្រុមហ៊ុន Huawei ប្រហែលជា​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា 5G ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ភ្នាក់ងារ​ចារកម្ម​ចិន​។ យ៉ាងណាមិញ ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស​ចិន​នេះ បាន​ច្រានចោល​ការលើកឡើង​បែបនេះ​។​
 
​និយាយ​ពី មូលហេតុ​ដែល​ធ្វើ​ឲ្យ​វៀតណាម​ប្រយ័ត្នប្រយែង​នឹង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ចិន​ជាពិសេស ក្នុង​វិស័យ​ទូរគមនាគមន៍ ដែល​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ​។ ក្នុង​កែវភ្នែក​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ចិន​ដែលជា​ប្រទេសជិតខាង គឺជា​ការគំរាមកំហែង​សន្តិសុខ​ពី​ខាងក្រៅ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រជាជាតិ​ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី Foreign Policy ។​
 
​តាមរយៈ​ប្រវត្តិសាស្ត្រ​ដែល​វៀតណាម​ពិបាក​នឹង​បំភ្លេច ចិន​ធ្លាប់​ចូល​ត្រួតត្រា​វៀតណាម​អស់​រយៈពេល​ជាង​មួយ​សតវត្ស មុននឹង​ខ្លួន​វាយ​ដណ្តើមយក​ឯករាជ្យ​មកវិញ​ក្នុង​ឆ្នាំ​ ៩៣៨ ​។ ហើយ​កាលពី​ឆ្នាំ​១៩៧៩ ក្រុង​ប៉េកាំង​បាន​ឈ្លានពាន​វៀតណាម​ទៀត ក្រោយពី​ក្រុង​ហាណូយ​បាន​ជួយ​វាយ​រំលំ​របប​ខ្មែរក្រហម​នៅ​កម្ពុជា ដែល​កាលនោះ​ចិន​គាំទ្រ​។ ជា​លទ្ធផល សង្គ្រាម​រយៈពេល​ខ្លី  ត្រឹម​មួយខែ​ប៉ុណ្ណោះ បាន​ផ្ទុះឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​៧​ម៉ឺន​នាក់​ស្លាប់​។ 
 
​ថ្វីបើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ក​ម្មុយ​នី​ស្ត​ទាំងពីរ មាន​ភាពល្អប្រសើរ​ច្រើន​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ក្តី វៀតណាម នៅ​រក្សា​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល​ជាង​ខ្លួន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​មួយ​នេះ​។ ទន្ទឹមនឹង​គ្នា​នេះ ភាព​តានតឹង​រវាង​ចិន និង​វៀតណាម នៅតែ​កើតមានឡើង ជាពិសេស​ការប្រឈមមុខ​ដាក់គ្នា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​ចិន​ព្យាយាម​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​ទីនោះ វៀតណាម​ឯណោះ​វិញ កំពុង​អូសទាញ​អាមេរិក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​កាន់តែខ្លាំង​ផងដែរ​៕
 

Tag:
 វៀតណាម​
  បច្ចេកវិទ្យា​
  ប្រព័ន្ធ 5G
© រក្សាសិទ្ធិដោយ thmeythmey.com