ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​អ្នក​កើត​ជំងឺ​«​ឈាម​ក្រ​កក​» ជាង​៣០០០​នាក់​
13, May 2019 , 9:59 pm        
រូបភាព
ប្រភពរូប៖ ពីAKP
ប្រភពរូប៖ ពីAKP
​ភ្នំពេញ​៖ កម្ពុ​ជាមាន​មនុស្ស​ជាង​៣០០០​នាក់ កើត​ជំងឺ​ឈាម​ក្រ​កក​(​ជំងឺ​ក្រ​ហេ​ម៉ូ​ហ្វី​លា​) ប៉ុន្តែ​មានតែ​ជាង​១០០​នាក់​ប៉ុណ្ណោះ បានទទួល​ការព្យាបាល និង​ធ្វើ​រោគវិនិច្ឆ័យ​ពី​ជំងឺ​នេះ​។ ហើយ​កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​នេះ គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។ នេះ​ជាការ​អះអាង​របស់ លោក សែម សុខ​បញ្ញា ប្រធាន​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វី​លា​កម្ពុជា​។

 
​យោងតាម​សារព័ត៌មាន​ជាតិ AKP បាន​ស្រង់​សម្តី លោក  សែម សុខ​បញ្ញា ក្នុង​ទិវា​ជំងឺ​ហេ​ម៉ូ​ហ្វី​លា​ពិភពលោក និង​សិក្ខាសាលា​ស្តីពី​ការព្យាបាល​ដោយ​ចលនា​សម្រាប់​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២​ឧសភា ឆ្នាំ​២០១៩ ជំងឺ​ឈាម​ក្រ​កក ជា​ជំងឺ​កើត​ពី​កំណើត និង​តំណរ​ពូជ​ដែល​ឆ្លង​ពី​ឪពុកម្តាយ​។ ពិសេស​គឺ​ម្តាយ​ជា​អ្នក​ផ្ទុក​ជំងឺ​នេះ​មក​កូន ហើយ​ភាគច្រើន​ទៅលើ​កូនប្រុស​។ រីឯ​កូនស្រី​ជា​អ្នក​ផ្ទុក​ជំងឺឆ្លង​បន្តទៅទៀត​។ 
 
​លោក​បានបង្ហាញ​ដូច្នេះ​« ជំងឺ​នេះ​ធ្វើឱ្យ​អ្នកជំងឺ​ហើម​ជាំ​ទៅលើ​សារពាង្គកាយ ឬ​បង្កឱ្យមាន​ការហូរ​ឈាម​ទៅតាម​សន្លាក់ ហើយ​ឈឺចាប់​ខ្លាំង​បំផុត​ពេលដែល​ប៉ះពាល់​ទង្គិច​លើ​សរីរាង្គ​អ្នកជំងឺ និង​ធ្ងន់ធ្ងរ​បំផុត គឺ​ការ​ហូរឈាម​នៅ​ខួរក្បាល ដែល​អាច​ក្លាយ​ឱ្យ​ពិការភាព និង​បាត់​បង់ជីវិត​យ៉ាង​ឆាប់រហ័ស​។ អ្នកមាន​ជំងឺ​ឈាម​ក្រ​កក គឺ​មិន​មានការ​ហូរឈាម​លឿន​ជាង​ធម្មតា​នោះទេ ប៉ុន្តែ​ការហូរ​ឈាម​នេះ មាន​រយៈពេល​យូរ​ជាង​ធម្មតា ដោយសារតែ​ឈាម​អ្នកជំងឺ​ឈាម​ក្រ​កក​មិនមាន​សារធាតុ និង​កត្តា​ឈាមកក​គ្រប់គ្រាន់​(Clotting Factor)​។ ទន្ទឹមនេះ កត្តា​ឈាមកក គឺជា​ប្រូតេអ៊ីន​ម្យ៉ាង​នៅក្នុង​ឈាម ដែល​អាច​ត្រួតពិនិត្យ​ទៅលើ​ការ​ហូរឈាម ហើយ​កត្តា​ឈាមកក​ទាំងនេះ មាន​១៣​កត្តា​ឈាមកក​»​។​
 
​កម្ពុជា​បាន​រកឃើញ​«​ជំងឺ​ឈាម​ក្រ​កក​» លើកដំបូង​នៅ​ឆ្នាំ​២០០២ ក្រោម​ការជួយ​ផ្នែក​បច្ចេកទេស​ពី​លោកស្រី រ៉ូ​ប៊ី​ន ដេ​ហ្វី​ន​នី​ស (Robyn Devenish) ប្រទេស​អូស្ត្រាលី​។ ឆ្នាំ​នោះ កម្ពុជា​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​នៅឡើយ ដោយមាន​វេជ្ជបណ្ឌិត​មាន​ជំនាញ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​តែ​ពីររូប​ប៉ុណ្ណោះ ហើយ​ផលិតផល សម្រាប់​ប្រើប្រាស់​ព្យាបាល​ជំងឺ​នេះ គឺ​ឈាម​ស្រស់​។  ប៉ុន្តែ​បច្ចុប្បន្ន  ការព្យាបាល​ជំងឺ​នេះ​បាន​វិវត្តន៍​ទៅមុខ ដោយ​ប្រើប្រាស់​ឈាម​ផ្លាស​ស្មា (Plasma) ក្រាយ​អូរ (Cryo) និង​ថ្នាំ​កត្តា​ឈាមកក (Factor) ហើយ​ថ្មីៗ​នេះ ក៏មាន​ការដាក់​ប​ញ្ជូ​ល​ការព្យាបាល​ដោយ​ចលនា សម្រាប់​ជួយ​ព្យាបាល​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​ដែរ​។ នេះ​បើតាម​លោក សែម សុខ​បញ្ញា ។ 
 
​យោង​ឡែក របាយការណ៍​របស់​ស​ហ​ព័ន្ធ​ជំងឺ​ហេ​ម៉ូ​ហ្វី​លា​ពិភពលោក​បានបង្ហាញ​ថា ក្នុងចំណោម​មនុស្ស​១​ម៉ឺន​នាក់ គឺមាន​ម្នាក់​ដែល​កើតមក​មាន​ជំងឺ​នេះ ហើយ​មូលហេតុ​កើត​ជំងឺ​នេះ មាន​៧០​ភាគរយ កើត​ពី​តំណរ​ពូជ និង​៣០​ភាគរយ​ទៀត​កើតឡើង​ដោយ​ឯងៗ​។ ដូច្នេះ​នៅលើ​ពិភពលោក មាន​ជំងឺ​ឈាម​កម្រ​កក ជាង​៦,៩​លាន​នាក់​។ ក្នុងនោះ​៧៥​ភាគរយ នៃ​ពួកគេ​គឺ​ពុំទាន់​បានដឹង​៕ 

Tag:
 សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com