ទោះ​បាន​លេខ​២ តែ Liverpool រកចំណូលបាន​ច្រើនជាង ម្ចាស់​ជើងឯក Man City
កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​បាន​លេខ​២ តែ Liverpool រកចំណូលបាន​ច្រើនជាង ម្ចាស់​ជើងឯក Man City
13, May 2019 , 4:31 pm        
រូបភាព
​ក្រុម Liverpool បើទោះបី​ទទួលបាន​ត្រឹម​ជើងឯក​រង បែរជា​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង Manchester City ដែល​ម្ចាស់​ជើងឯក Premier League សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ​។ បាន​ចំណូល​ច្រើន ដោយសារ​ហង្ស​ក្រហម​មាន​ប្រជាប្រិយ​ភាពខ្លាំង​លើ​ការផ្សាយ​តាម​ទូរទស្សន៍​លើស​ក្រុម​មេឃ​ខៀវ​។​


 
​ក្រុម​របស់លោក Jurken Klopp ដែល​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ប្រាក់ចំណូល​សរុប​ពី​ក្របខណ្ឌ​កំពូល​អង់គ្លេស​ចំនួន ១៤៩,៥ លាន​ផោន (១៩៤,៤៧​លាន​ដុល្លារ​អា​មេ​រិ​) លើស​ក្រុម​លោក Pep Guardiola ប្រមាណ​ជិត​២​លាន​ដុល្លារ​អាមេរិក​។​


 
​ការទូទាត់​ប្រាក់ចំណូល​របស់​ក្រុម​ទាំង​២០ នៅ Premier League រដូវ​កាល​នេះ​ត្រូវបាន​ចែកចេញជា​៣​ផ្សេងគ្នា ដោយ​ក្នុងនោះ​ប្រាក់​ចំនួន​៥០​ភាគរយ​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​ស្មើគ្នា ដោយ​ក្នុង​១​ក្រុម​ទទួលបាន ១០៣​លាន​ដុល្លារ​។ ២៥​ភាគរយ​ត្រូវ​បង់​ឲ្យ​ក្រុម​ដោយ​ផ្អែកលើ​ចំនួន​ការប្រកួត​ដែល​បាន​ផ្សាយ​ផ្ទាល់​ក្នុង​កញ្ចក់​ទូរទស្សន៍​នៅ​ចក្រភព​អង់គ្លេស ហើយ​២៥​ភាគរយ​ទៀត ត្រូវ​បង់​ឲ្យ​ក្រុម​ដោយ​គិត​តាម​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​២០ រួមទាំង​ពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​ផ្សេងៗ​។ 


 
​រាល់​ការផ្សាយ​ផ្ទាល់​មួយ​លើក ក្រុម​នីមួយៗ​ទទួលបាន ៣​លាន​ដុល្លារ ហើយ​បើ​សរុប​ការផ្សាយ​របស់​ក្រុម​ទាំងអស់​ក្នុង​រដូវ​កាល​នេះ មាន​ចំនួន​ទឹកប្រាក់​រហូតដល់ ៣,២៧​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
Liverpool បាន​ផ្សាយ​ការប្រកួត​របស់ខ្លួន​នៅលើ​ទឹកដី​អង់គ្លេស​ច្រើនជាងគេ គឺ​ចំនួន​២៩​លើក​តាមរយៈ​ទូរទស្សន៍ Sky Sports និង BT Sport អំឡុង​រដូវ​កាល​នេះ ដែល​លើស Man City ចំនួន​៣​ប្រកួត​។ ដូច្នេះ​ហង្ស​ក្រហម​ចំណេញ​លើ​ការផ្សាយ​ផ្ទាល់​លើស​គូប្រជែង​ប្រមាណ​៩​លាន​ដុល្លារ​។​
 
​ដោយឡែក​ទឹកប្រាក់​ចំនួន ៣៨, ៦​លាន​ផោន (៥០, ២១​លាន​ដុល្លារ​) ត្រួវបាន​ផ្តល់ជូន​ក្រុម​មេឃ​ខៀវ​ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស ខណៈ​ក្រុម​រងជើង​ឯក Liverpool ទទួលបាន ៣៦.៧​លាន​ផោន (៤៧,៧៤​លាន​ដុល្លារ​)៕
 

Tag:
 បាល់ទាត់​
  Premier League
  Premier League prize money
© រក្សាសិទ្ធិដោយ thmeythmey.com