ONE Championship
កីឡាជាតិ
ជាតិ
ដ្បិត​ជា​កីឡាករ​គុន​ចម្រុះ​កំពូល​របស់​កម្ពុជា តែ​ចាន់ រតនា មិនទាន់មាន​ក្រុមហ៊ុន​កីឡា​ឧបត្ថម្ភ​ឡើយ​
13, May 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
ចាន់ រតនា ត្រូវបាន​ចាត់ទុកជា​កីឡាករ​គុន​ចម្រុះ​កំពូល​ម្នាក់​របស់​កម្ពុជា​តាមរ​យៈ​ការ​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​២​នាពេល​ថ្មីៗ​នេះ​នៅ​សង្វៀន ONE: FOR HONOR​។ រតនា ជា​កីឡាករ​ល្បីឈ្មោះ​ប្រចាំ​នៅ​សង្វៀន ONE ប៉ុន្តែ​មិនមាន​ក្រុមហ៊ុន​សម្ភារ​កីឡា​ល្បី​មួយណា​ឧបត្ថម្ភ​ឲ្យ​រូបគេ​ជា​ផ្លូវការ​នៅឡើយ​ទេ​។

 
​ឆ្លើយតប​ទៅនឹង​សំណួរ​ការប្រើប្រាស់​សម្លៀក​បំពាក់ ឬ សម្ភារ​កីឡា​ប្រចាំថ្ងៃ កីឡាករ និង ជា​គ្រូបង្វឹក​វ័យ ៣៣ ឆ្នាំ​រូបនេះ​បង្ហើប​ថា​៖ «​ខ្ញុំ​អត់​មាន​ប្រកាន់​ប្រេន​ណាមួយ​ក្នុងការ​ស្លៀកពាក់​ទេ​បង ខ្ញុំ​ស្លៀកពាក់​ធម្មតា ព្រោះ​មិនមាន​ក្រុមហ៊ុន​ណា​គេ​ឧបត្ថម្ភ​សម្លៀក​ស្លៀក​ដល់​ខ្ញុំ​ផ្ដាច់មុខ​ប្រចាំថ្ងៃ​ផង​។ ប៉ុន្តែ សព្វថ្ងៃ​ខ្ញុំ​មាន​បង​ម្នាក់​ជា​អ្នកលក់​សភារ​កីឡា គាត់​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់ ដូចជា​សម្លៀកបំពាក់ ឧបករណ៍​មួយចំនួន និង Protein ជាប្រចាំ​ដល់​រូបខ្ញុំ ដោយ​ជួយ​ផ្គត់ផ្គង់​រយៈពេល ៣ ឆ្នាំ​មកហើយ​។ ខ្ញុំ​អត់​មាន​ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ទេ ប៉ុន្តែ​ពេលណា​អស់ ខ្ញុំ​ប្រាប់​គាត់​ផ្ទាល់មាត់ គាត់​នឹង​ផ្ដល់ជូន​ដល់​ខ្ញុំ​»​។​


 
​កីឡាករ​ដែល​ឡើង​ប្រកួត​លើស​ង្វៀន ONE Championship បាន​ចំនួន ៨ ដង​រូបនេះ​បញ្ជាក់ទៀតថា ការឧបត្ថម្ភ ប្រូ​តេ​អី​ន (Protein) ពិតជា​សំខាន់​ខ្លាំងណាស់​ក្នុង​អាជីព​ជា​កីឡាករ​។ ប្រេ​តេ​អី​ន ជួយ​រក្សា​កម្លាំង​ថាមពល និង ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ជាដើម​។ ក្រៅពីនោះ ចាន់ រតនា ក៏​ស្ថិត​ក្នុងចំណោម​កីឡាករ MMA ផ្សេងទៀត​ដែល​ទទួលបាន​សម្លៀកបំពាក់​ពេល​ចេញទៅ​ប្រកួត​ម្ដងៗ ដោយ រចនា និង ឧបត្ថម្ភ​ដោយ​លោក រេ​មី​ហ៊ូ​។ ជាក់ស្ដែង​ស្ថិតក្នុង​សម្លៀកបំពាក់​ខោ​-​អាវធំ​ក្នុង​សន្និសីទកាសែត​មុន​ទៅ​ប្រកួត​នៅ​ប្រទេស ឥណ្ឌូណេស៊ី​កាល​ដើមខែ ឧសភា នេះ គឺ​ទទួល​ការឧបត្ថម្ភ​ពី​លោក រេ​មី​ហ៊ូ​។ 


 
​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» ជា​កីឡាករ​កម្ពុជា​មួយរូប​ដែល​ជោគជ័យ​នៅ​សង្វៀន ONE Championship ក្នុងចំណោម​អ្នកលេង​គុន​ចម្រុះ​ទាំងឡាយ​តាំងពី​ឆ្នាំ ២០១៤ មក​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន ឈ្នះ​ពីរលើក​ជាប់​គ្នា​នៅ​សង្វៀន​ពិភពលោក ONE នេះ ដែល​ទទួលបាន​ការគាំទ្រ​កាត់​តែ​ខ្លាំង​ឡើង​ទូទាំងប្រទេស​។ កីឡាករ​អាយុ ៣៣ ឆ្នាំ ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ពីររូប Abrou Fernandes  កាល​ខែ ធ្នូ ចុងឆ្នាំ ២០១៨ និង ឈ្នះ Rudy Agustian កាល​ថ្ងៃទី ៣ ខែ ឧសភា នៅ​ឥណ្ឌូណេស៊ី​។ 
 
​ក្រោយ​ទទួល​ជ័យជម្នះ​នៅ​ឥណ្ឌូណេស៊ី អ្នកលេង​គុន​ចម្រុះ​នៅ​កម្ពុជា​រូបនេះ​ប្រាថ្នា​ចង់​ជួប​កីឡាករ​គុន​ចម្រុះ​ជនជាតិ​ចិន Ma Hao Bin ដែល​រូបគេ​ធ្លាប់​ចាញ់​ពិន្ទុ​កាល​ឆ្នាំ ២០១៦ ទាំង​មិន​អស់ចិត្ត បើសិន​អ្នករៀបចំ​ការប្រកួត​នៅ ONE មិនទាន់​រក​គូប្រកួត​ឲ្យ​បាន​។ ប៉ុន្តែ​បើសិន​មានការ​ផ្គូផ្គង​នាពេលខាងមុខ អ្នកលេង​គុន​ខ្មែរ​រូបនេះ​ថា​មិន​ខ្លាចរអា​អ្នកណា​ឡើយ ពោល​ឲ្យ​តែ​ត្រូវ​គីឡូ ៦១,៥ ដូចគ្នា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com