កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Beckham ត្រូវ​ពិន័យ​មិន​ឲ្យ​បើកបរ​៦​ខែ ដោយសារ​និយាយ​ទូរ​សព្ទ​ពេល​បើករថយន្ត​
13, May 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
David Beckham ជាប់​ពិន័យ ដោយ​មិនមាន​សិទ្ធិ​បើកបរ​រយៈពេល​៦​ខែ បន្ទាប់ពី​មានការ​ផ្តិត​រូបភាព​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅពេល​បើកបរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស (PA)​។​

 
​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា David Beckham បាន​បើកបរ​លើផ្លូវ Great Portland ក្នុង​ទីក្រុង​ឡុង​ដ៍ ហើយ​ត្រូវបាន​មន្ត្រី​ផ្នែក​សាធារណការ​ពិនិត្យឃើញ​ថា អតីត​កីឡាករ​វ័យ​៤៣​ឆ្នាំ​រូបនេះ ខ្វះ​ការ​ផ្ចង់អារម្មណ៍​លើ​ការបញ្ជា​រថយន្ត ដោយសារតែ​ជាប់រវល់​និយាយ​ទូរ​សព្ទ​ដៃ​។​
 
Beckham បាន​ទៅ​បង្ហាញខ្លួន​នៅ​តុលាការ Bromley Magistrates Court កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែឧសភា កន្លងមក​។ លោក Matthew Spratt ដែលជា​រដ្ឋអាជ្ញា បាន​បញ្ជាក់ថា អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប Manchester United រូបនេះ បាន​បើកបរ​យឺតៗ ហើយ​ត្រូវគេ​ថត​ជាប់​តែម្តង ពេល​គាត់​និយាយ​ទូរ​សព្ទ​។​
 
​ស្របពេល​ជាមួយគ្នា លោក Gerrard Tyrell មេធាវី​របស់ Beckham បាន​អះអាងថា កូនក្តី​របស់ខ្លួន មិនមាន​អ្វីដែល​ត្រូវបដិសេធ​ឡើយ ប៉ុន្តែ​គាត់​មិនបាន​ចងចាំ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះទេ​។​
 
​ការធ្វេសប្រហែស​របស់ Beckham ត្រូវបាន​ពិន័យ​មិន​ឲ្យ​បើកបរ​រយៈពេល​៦​ខែ និង​ពិន័យ​លើ​បណ្ណ​បើកបរ​៦​ពិន្ទុ សម្រាប់​ការប្រើប្រាស់​ទូរ​សព្ទ​នៅពេលដែល​រថយន្ត​វិល​កង់​។ ជាមួយគ្នានេះ គាត់​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ៧៥០​ផោន រួមទាំង​ការបង់​ពិន័យ​ផ្សេងៗ​ទៀត​។​
 
​កន្លងមក អតីត​កីឡាករ​ឆ្នើម​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្លិប Manchester United, Real Madrid, LA Galaxy និង PSG រូបនេះ ក៏ត្រូវ​ទទួល​ការរិះគន់​ពីបទ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com