កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Beckham ត្រូវពិន័យមិនឲ្យបើកបរ៦ខែ ដោយសារនិយាយទូរសព្ទពេលបើករថយន្ត
× David Beckham ជាប់ពិន័យ ដោយមិនមានសិទ្ធិបើកបររយៈពេល៦ខែ បន្ទាប់ពីមានការផ្តិតរូបភាពអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនៅពេលបើកបរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស (PA)។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា David Beckham បានបើកបរលើផ្លូវ Great Portland ក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានមន្ត្រីផ្នែកសាធារណការពិនិត្យឃើញថា អតីតកីឡាករវ័យ៤៣ឆ្នាំរូបនេះ ខ្វះការផ្ចង់អារម្មណ៍លើការបញ្ជារថយន្ត ដោយសារតែជាប់រវល់និយាយទូរសព្ទដៃ។
Beckham បានទៅបង្ហាញខ្លួននៅតុលាការ Bromley Magistrates Court កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា កន្លងមក។ លោក Matthew Spratt ដែលជារដ្ឋអាជ្ញា បានបញ្ជាក់ថា អតីតកីឡាករឆ្នើមរបស់ក្លិប Manchester United រូបនេះ បានបើកបរយឺតៗ ហើយត្រូវគេថតជាប់តែម្តង ពេលគាត់និយាយទូរសព្ទ។
ស្របពេលជាមួយគ្នា លោក Gerrard Tyrell មេធាវីរបស់ Beckham បានអះអាងថា កូនក្តីរបស់ខ្លួន មិនមានអ្វីដែលត្រូវបដិសេធឡើយ ប៉ុន្តែគាត់មិនបានចងចាំហេតុការណ៍ដែលបានកើតឡើងនោះទេ។
ការធ្វេសប្រហែសរបស់ Beckham ត្រូវបានពិន័យមិនឲ្យបើកបររយៈពេល៦ខែ និងពិន័យលើបណ្ណបើកបរ៦ពិន្ទុ សម្រាប់ការប្រើប្រាស់ទូរសព្ទនៅពេលដែលរថយន្តវិលកង់។ ជាមួយគ្នានេះ គាត់ត្រូវពិន័យជាទឹកប្រាក់ ៧៥០ផោន រួមទាំងការបង់ពិន័យផ្សេងៗទៀត។
កន្លងមក អតីតកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអង់គ្លេស ក្លិប Manchester United, Real Madrid, LA Galaxy និង PSG រូបនេះ ក៏ត្រូវទទួលការរិះគន់ពីបទបើកបរក្នុងល្បឿនលឿនហួសកំណត់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com