ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាមួយទៀត ត្រូវបានសម្ពោធនៅចិន រូបពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជាបានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនមួយទៀតនៅប្រទេសចិន កាលពីថ្ងៃទី១០ខែឧសភា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលនេះ ដែលស្ថិតនៅក្រុងយានថាយ ខេត្តសានទុង ។
នេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មទី៥ហើយ បន្ទាប់ពីមជ្ឈមណ្ឌលចំនួន៤ផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការនៅក្វាងចូវ ស៊ីអាន ហាយនីង និងហុងកុង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កភាពងាយស្រួល និងជំរុញការបណ្ដាក់ទុនរបស់ចិនមកកម្ពុជា។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ដូច្នេះថា៖«មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺជាច្រកទ្វារមួយសម្រាប់ផ្ដល់ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនវិនិយោគិនចិននៅក្នុងខេត្តសានទុង និងខេត្តដទៃទៀតរបស់ចិន ដែលមានបំណងធ្វើធុរកិច្ច និងវិនិយោគ ឬដើរកម្សាន្តនៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មាននេះដដែលឲ្យដឹងថា វិនិយោគចិនចេញពីខេត្តសានទុងនេះមានចំនួនដល់ទៅ ១១២ក្រុមហ៊ុនហើយដែលបានបណ្ដាក់ទុននៅកម្ពុជា។ នៅថ្ងៃសម្ពោធនេះដែរ លោក ប៉ាន សូរស័ក្ដិ បានជួបពិភាក្សាការងារជាមួយលោកស្រី រិន អាយរ៉ុង អភិបាលរងខេត្តសានទុង។ ក្នុងជំនួបនេះដែរ លោក ប៉ាន សូរស័ក្ដិ បានប្រកាសគាំទ្រគម្រោងវិនិយោគរបស់ខេត្តសានទុងក្នុងការបង្កើតសួនឧស្សាហកម្ម និងគ្រឿងម៉ាស៊ីននៅកម្ពុជា ដែលលើកឡើងដោយលោកស្រី រិន អាយរ៉ុង ៕
Tag:
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com