ONE Championship
កីឡាជាតិ
ជាតិ
សុខ ធី រៀបរាប់​ពី​បរាជ័យ​ក្រោម​ថ្វីដៃ Rodtang នៅ​សង្វៀន ONE: WARRIORS OF LIGHT នៅ​ថៃ​
14, May 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​សង្វៀន ONE: WARRIORS OF LIGHT នា​ថ្ងៃទី ១០ ខែ ឧសភា ក្រុង​បាងកក​បាន​ទាក់ភ្នែក​អ្នកតាមដាន​ទូទាំង​ពិភពលោក​ក៏ដូចជា​កម្ពុជា ហើយ​ក្នុងនោះ​មានរឿង ៣ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ កំពូល​អ្នក​ប្រយុទ្ធ សុខ ធី ចាញ់ Rodtang នៅ​ទឹក​ទី​២​។ កំពូល​កីឡាករ​ថៃ Nong-O Kaiyanghadao នៅតែ​រក្សា​ខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Champion ខណៈដែល Petchdam Petchyindee Academy គ្រង​ខ្សែក្រវាត់ ONE Flyweight Kickboxing World Championship​។

 
​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា សុខ ធី ហៅ កា​កា ចុះចាញ់​ត្រឹម​ទឹក​ទី​២ បន្ទាប់ពី Rodtang ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទាត់​បំបែក​កង់​ចុង​ទឹក​ទី​១​និង​បន្តទៅ​ប្រកួត​លែងកើត​នៅ​ដើម​ទឹក​ទី​២​។ កា​កា មិនអាច​បន្ត​ការប្រកួត​ទៀត​បានទេ ក្រោយពី​ការ​ទាត់​សន្ធាប់​របស់​កីឡាករ​ប្រដាល់​ថៃ​ដែលមាន​រហស្សនាម​ថា «The Iron Man» នៅ​ដើម​ទឹក​ទី​២​។ បន្ទាប់ពី​ការប្រកួត សុខ ធី បាន​ថ្លែងថា ៖« Rodtang គេ​មានប្រៀប​ជាង ព្រោះ​គេ​គីឡូ​ធំ​ហើយ​ទម្លាក់​មក​ចាំ​វ៉ៃ​យើង​។ ប៉ុន្តែ​ខ្ញុំ​បាន​វ៉ៃ​ជាមួយ​ជើង​ខ្លាំង​លំដាប់ A របស់​ប្រទេស​ថៃ គឺ ល្អ​ណាស់​។ ខ្ញុំ​ដឹង​ពី​ចំណុច​ខ្វះខាត​ត្រូវ​ហ្វឹកហាត់​បន្ថែម​ឲ្យ​ខ្លាំង​ដូច​គេ​។ ខ្ញុំ​នឹង​ប្រើពេល ២ ទៅ ៣ ឆ្នាំ​ទៀត​ដើម្បី​ដល់​កម្រិត​នេះ​»​។ 


 
​ជាមួយគ្នា​នោះ គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ បាន​បញ្ជាក់ថា Rodtang ល្អ លឿន និង រឹង​ខ្លាំង ហើយ​គេ​សឹង​លំដាប់​លេខ​១​នៅ​ស្រុកថៃ និង ជា​លំដាប់​លេខ​១​ក្នុង​ពិភពលោក​ដែរ​ក្នុង​ប្រភេទ​គីឡូ​នេះ​។ លោក​បញ្ជាក់ថា តាមពិត​ចុង​ទឹក​ទី​១ គឺ​ឈឺ​ធ្ងន់​ទៅហើយ ប៉ុន្តែ​ទឹកចិត្ត​កីឡាករ​នៅ​ស៊ូ​ទៀត​មិន​ចុះចាញ់​ងាយៗ​។ 
 
Nong-O Kaiyanghadao នៅតែ​រក្សា​ខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Champion ដោយ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​សញ្ជាតិ​ជប៉ុន Hiroaki Suzuki នៅ​សង្វៀន ONE: WARRIORS OF LIGHT​។ ដោយ​ចាប់ផ្ដើម​ទឹក​ដំបូង Nong-O បាន​គ្រប់គ្រង​ស្ថាន​ការ​យ៉ាង​ល្អ​ដោយ​ការ​ទាត់​ចំ​ដើមទ្រូង របស់ Hiroaki ជាច្រើន​ជើង ដែល​ធ្វើ​ឲ្យ​កក្រើក​រេញ Impact Arena នា​ក្រុង​បាងកក​។ Hiroaki កាន់តែ​ដើរចូល​កាន់តែ​ត្រូវ​រន្ទះ​ជើង​របស់ Nong-O ដែល​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​៣​នៅ​សង្វៀន Lumpinee របស់​ថៃ​។ នៅ​ទឹក​ទី​២ មិន​ខុស​ទឹក​ទី​១ ទេ ដោយ​កីឡាករ​សញ្ជាតិ​ជប៉ុន​វ័យ ៣៤ នៅតែ​ដើរចូល​វាយ​ដដែល​ដើម្បី​យក​ពិន្ទុ​វិញ ប៉ុន្តែ​នៅតែ​រង​ការ​ទាត់​ពេញទំហឹង​របស់ Nong-O រួមទាំង​កណ្ដាប់​វ៉ៃ​ការពារ​ទៀតផង​។ 


 
​ពេល​អ្នក​ក្បាច់គុន​ជនជាតិ​ជប៉ុន ដើរចូល​កាន់តែច្រើន កាន់តែ​រងគ្រោះថ្នាក់​ពី​សំណាក់​អ្នកលេង​មួយ​ថៃ​របស់​ម្ចាស់ផ្ទះ​។ Nong-O បាន​វ៉ៃ​បក និង​ទាត់​ឲ្យ Hiroaki ដួល​ម្ដងម្កាល​ទៀតផង​។ លទ្ធផល​សម្រេច​ចុងក្រោយ កីឡាករ​ជប៉ុន​មិនអាច​ដណ្ដើម​ខ្សែក្រវាត់​ពី​កីឡាករ​ថៃ​បានឡើយ​។ 
 
Petchdam Petchyindee Academy បាន​ឆក់យក​ខ្សែក្រវាត់ ONE Flyweight Kickboxing World Championship ក្រោយ​ឈ្នះ កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី Elias Mahmoudi​។ ចូល​ទឹក​ទី​១ Elias បាន​ច្រឡំ​ប្រើ​កែង​ដាក់​កីឡាករ​ម្ចាស់ផ្ទះ ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​កាត់​ពិន្ទុ​។ បន្ទាប់មក Elias ខំ​ដើរចូល​វ៉ៃ​ដើម្បី​ស្ដារ​ពិន្ទុ ប៉ុន្តែ Petchdam ដកថយ​វាយបក​ចូល​មួយៗ​យ៉ាងដំណំ​ដែរ​។ Elias មិន​ខ្លា​ចនឹង​Petchdam ទេ ដោយ​ដើរចូល​វ៉ៃ​និង​ប្រើ​ក្បាច់ រ​វ៉ែ​ញឹកញាប់ ប៉ុន្តែ Petchdam ទាត់​កាត់ និង​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​បានល្អ​នៅ​ទឹក​ទី ២, ៣ និង ទឹក​៤​។ 
 
​នៅ​ដើម​ទឹក​ទី​៥ Petchdam បាន​ទាត់​ជើងឆ្វេង​របស់ខ្លួន​ចំ​ក្បែរ​ប្រដាប់​ការពារ​របស់ Elias​។ ហើយ Elias ត្រូវ​សម្រាក ៣ នាទី​ដើម្បី​ពិនិត្យ​មើលថា​តើ​អាច​ប្រកួត​បាន​ទៀត ឬ យ៉ាងណា​។ ទីបំផុត​ចៅក្រម​សម្រេច​ឲ្យ Petchdam Petchyindee Academy ឈ្នះ​ការប្រកួត​លើ Elias ពេល​ដៃគូ​ប្រកួត​លែងកើត​។ Petchdam ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Kickboxing World Championship ដែលជា​ការដាក់​ឲ្យ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​លើកដំបូង​៕ 
 

Tag:
 MMA
  សុខ ធី​
© រក្សាសិទ្ធិដោយ thmeythmey.com