អន្តរជាតិ
វត្តមាននាវាដឹកយន្តហោះអាមេរិកនៅក្បែរផ្ទះ មេទ័ពអ៊ីរ៉ង់ចាត់ទុកជាឱកាស មិនមែនការគំរាមឡើយ នាវាដឹកយន្តហោះ USS Abraham Lincoln ។ រូបភាព AFP
× អ៊ីរ៉ង់ ហាក់មិនព្រួយបារម្ភជុំវិញការពង្រាយអាវុធយុទ្ធភណ្ឌរបស់អាមេរិកនៅក្បែរផ្ទះរបស់ខ្លួន។ មន្ទីរបញ្ចកោណ កាលពីសប្ដាហ៍មុន បានប្រកាសបញ្ជូននាវាចរណ៍មួយកងដឹកនាំដោយនាវាដឹកនាំយន្តហោះ USS Abraham Lincoln និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់សមុទ្រកៀកអ៊ីរ៉ង់ ដោយឆ្លើយតបនូវដែលខ្លួនចាត់ទុក ជាការគំរាមកំហែងរបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក អាមេរិកក៏សម្រេចចិត្តពង្រាយខែលប្រព័ន្ធការពារ Patriot ទៅកាន់មជ្ឈិមបូព៌ាទៀត។
វត្តមានយោធាអាមេរិកនៅឈូងសមុទ្រពែរ្ស ជាការគំរាមកំហែងអ៊ីរ៉ង់ក្នុងអតីតកាល តែបច្ចុប្បន្នវិញជាឱកាសសម្រាប់អ៊ីរ៉ង់។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ Amirali Hajiadeh មេបញ្ជាការកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ការលើកឡើងដោយមោទនកភាពរបស់មេទ័ពអ៊ីរ៉ង់រូបនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកចាប់ផ្ដើមបញ្ចេញធ្មុងរបស់ខ្លួនកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ាតាមរយៈការបញ្ជូនសព្វាវុធទំនើបទៅកាន់ទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួនដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់។
ដោយចង់សំដៅនាវាដឹកយន្តហោះ USS Abraham Lincoln ដែលទើបទទួលបញ្ជាឲ្យធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានោះ លោក Hajiadeh និយាយថា នាវាដឹកយន្តហោះដែលផ្ទុកយន្តហោះពី៣០ទៅ៤០គ្រឿង និងមានទាហាន៦ពាន់នាក់នោះ ធ្លាប់ជាការគំរាមកំហែងដ៏ខ្លាំងសម្រាប់អ៊ីរ៉ង់ ប៉ុន្តែការគំរាមកំហែងនេះក្លាយជាឱកាសវិញ។ បើតាមសារព័ត៌មានអ៊ីរ៉ង់ ISNA មេទ័ពរូបនេះបញ្ជាក់ថា អ៊ីរ៉ង់មានមីស៊ីលដែលអាចបាញ់ចំគោលដៅនៅចម្ងាយពី៣០០ទៅ៧០០គីឡូម៉ែត្រដោយស្រួល។
«បើអាមេរិកហ៊ានដើរមួយជំហានទៀត អ៊ីរ៉ង់នឹងបាញ់កម្ទេចក្បាលពួកគេតែម្ដង។» នេះជាការព្រមានរបស់មេបញ្ជាការយោធាខាងលើ។
ការបញ្ជូនសព្វាវុធជាច្រើនទៅកាន់មូលដ្ឋាននៅមជ្ឈិមបូព៌ា ត្រូវបានមន្ត្រីអាមេរិកអះអាងថា ជាការឆ្លើយតបនឹងសកម្មភាពគំរាមកំហែងរបស់អ៊ីរ៉ង់។ ដោយមិនបញ្ចេញព័ត៌មានលម្អិតពីគម្រោងរបស់អ៊ីរ៉ង់នោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន ចាត់ទុកការបញ្ជូននាវាដឹកយន្តហោះលើកនេះ ជាសារមួយទៅកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
ការចល័តសម្ភារៈយោធាអាមេរិក ក៏រងប្រតិកម្មច្រើនពីអ៊ីរ៉ង់វិញដែរ។ នៅថ្ងៃទី១២ ខែឧសភា ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ទោ Hossein Salami បានប្រាប់សមាជិកសភាអ៊ីរ៉ង់ថា អាមេរិកកំពុងធ្វើសង្គ្រាមយុទ្ធសាស្ត្រដាក់អ៊ីរ៉ង់។ ចំណែកកាលពីចុងសប្ដាហ៍ដដែល មន្ត្រីជាន់ខ្ពស់សាសនាម្នាក់នៅអ៊ីរ៉ង់ថែមទាំងប្រកាសដោយចំហថា មីស៊ីលមួយគ្រាប់ប៉ុណ្ណោះ អាចពន្លិចនាវាដឹកយន្តហោះអាមេរិកតម្លៃរាប់ពាន់លានដុល្លារយ៉ាងងាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com