ក្រុមបាល់ទាត់ភ្នំពេញក្រោនក្រោមការដឹកនាំផ្លូវការដំបូងរបស់លោក ស៊ុំ វណ្ណា បានយកឈ្នះក្រុមអគ្គស្នងការដ្នាននគរបាលជាតិ(ប៉ូលិស)ក្នុងលទ្ធផល ៣-០ នាជំនួបក្របខណ្ឌខេមបូឌានលីគកាលពីថ្ងៃទី១២ ឧសភា។ លោក វណ្ណា បានចាត់ទុកជ័យជម្នះនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករ និងការកែប្រែចំណុចខ្វះខាតមួយចំនួនរបស់ខ្លួន។ ជាពិសេសតំបន់ប្រយុទ្ធត្រូវបានស្តារ មករកភាពល្អប្រសើរឡើងវិញ ក្រោយជួបបញ្ហាមួយរយៈ។
ក្រោយភ្នំពេញក្រោនយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ ក្រោមការដឹកនាំផ្លូវការរបស់ខ្លួន លោក ស៊ុំ វណ្ណា ដែលទើបចូលកាន់តំណែងជាគ្រូបង្វឹក សង្កេតឃើញថា តំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោនត្រូវបានស្តាមករកភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ក្រោយជួបបញ្ហាមួយរយៈកន្លងមកនេះ។ គ្រូបង្វឹកដែលទើបបញ្ចប់វគ្គគ្រូបង្វឹក AFC A-License រូបនេះ ប្តេជ្ញាថា លោកនឹងព្យាយាមកែប្រែតំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន ឲ្យកាន់តែល្អប្រសើរថែមទៀត។
អតីតគ្រូបង្វឹកក្លិបវេស្ទើនភ្នំពេញរូបនេះបន្តថា សម្រាប់ជំនួបជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លោកបានកែប្រែចំណុចខ្វះខាតមួយចំនួន ដែលក្លិបបានជួបប្រទះក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីល Leonardo Vitorino នាពេលកន្លងមក។ តែយ៉ាងណាលោកបានចាត់ទុកជ័យជម្នះខាងលើ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ និងការមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំក្រុម។
«នេះជាការខិតខំប្រឹងប្រែងរបស់គាត់ ខណៈកាលពីមុខគាត់ធ្វើមិនសូវបានល្អនោះទេ ច្រើនតែខុសគោលដៅ។ តែឥឡូវយើងកែបាន៦០ភាគរយហើយ យើងនឹងព្យាយាមកែតំបន់ខាងលើឲ្យកាន់តែល្អប្រសើរទៀត ទាក់ទងនឹងការចូលរួមប្រយុទ្ធនិងបញ្ចប់ទី។ ខ្ញុំបានកែប្រែចំណុចខ្វះខាតចំនួន ដែលកើតមានកន្លងមក ដោយផ្តល់ឱកាសឲ្យពួកគាត់លេងដោយបច្ចេកទេសខ្លួន មិនដាក់សម្ពាធ បើគាត់ខុសពីរពីដងយើងនៅតែលើកទឹកចិត្ត និងកែប្រែគាត់ឲ្យធ្វើទៅតាមអ្វី ដែលយើងបានកំណត់»។ នេះជាការឡើងរបស់លោក ស៊ុំ វណ្ណា។
បើតាមលោក ស៊ុំ វណ្ណា ការបង្ហាញទម្រង់លេងដ៏ល្អនេះ ដោយសារតែកីឡាករយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ក៏ដូចជារៀបចំផ្លូវចិត្តនានាបានល្អប្រសើរ។ គ្រូបង្វឹករូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងបានបោសសម្អាតនូវមន្ទិលសង្ស័យមួយចំនួន ដែលពីមុនយើងមានបញ្ហានៅក្នុងក្រុម ហើយក្មេងៗស្ម័គ្រចិត្តលេង១០០ភាគរយជាមួយយើង និងដើរតាមអ្វីដែលយើងបានរៀបចំទុកមុនការប្រកួត»។
នេះជាជ័យជម្នះក្នុងទឹកដីលើកទី២ សម្រាប់ការធ្វើម្ចាស់ផ្ទះ៤លើករបស់ភ្នំពេញក្រោន។ តែវាជ័យជម្នះលើកទី៣របស់ពួកគេក្នុងចំណោមការប្រកួត៧លើករបស់ក្លិប ដែលកំពុងឈរលេខរៀងទី៧ដោយមាន៩ពិន្ទុក្នុងដៃមួយនេះ។ សម្រាប់ជំនួបបន្ទាប់ក្រុមនេះត្រូវធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីប្រជែងជាមួយម្ចាស់ផ្ទះសូលទីឡូអង្គរ។
សម្រាប់ជំនួបកាលពីថ្ងៃអាទិត្យនោះដែរ ក្រុមព្រះខ័នរាជស្វាយរៀងបានលត់ក្រុមចំណូលថ្មីកំពង់ចាមក្នុងលទ្ធផល ១៣-០ នាកីឡដ្ឋាន A.E.U Sport Park។ ជ័យជម្នះនេះ ជួយឲ្យព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាងក្របខណ្ឌខេមបូឌានលីគប្រចាំសប្តាហ៍ទី៧ ដោយមាន១៩ពិន្ទុ។ ពីរប្រកួតចុងក្រោយកំពង់ចាមរបូតគ្រាប់បាល់រហូត២៧គ្រាប់។
ងាកទៅមើលកីឡដ្ឋានខេត្តសៀមរាបម្ចាស់ផ្ទះអង្គរថាយហ្គឺរបានយកឈ្នះភ្ញៀវអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៦-១ ដើម្បីឡើងទៅឈរលេខរៀងទី៤បណ្តោះអាសន្នដោយមាន១៥ពិន្ទុ។ ចំណែកក្រុមមានមូលដ្ឋាននៅខេត្តសៀមដូចគ្នាសូលទីឡូអង្គរបានស្គាល់ជ័យជម្នះជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ១-០។
សម្រាប់ចំណាត់ថ្នាក់ប្រចាំសប្តាហ៍ទី៧ ក្រុមព្រះខ័នរាជស្វាយរៀងបន្តគ្រងកំពូលតារាងដោយមាន១៩ពិន្ទុ ណាហ្គាវើលស្ថិតនៅលេខ២មាន១៨ពិន្ទុ វិសាខាលេខ៣មាន១៦ពិន្ទុ អង្គរថាយហ្គឺរលេខ៤មាន១៥ពិន្ទុ ក្រសួងការពារជាតិលេខ៥មាន១៤ពិន្ទុ បឹងកេតលេខ៦មាន១៣ពិន្ទុ ភ្នំពេញក្រោនលេខ៧មាន៩ពិន្ទុ និងអាស៊ីអឺរ៉ុបលេខ៨មាន៧ពិន្ទុ។ ហើយឈរពីក្រោយជាបន្តបន្ទាប់ដោយអគ្គិសនី សូលទីឡូអង្គរ គីរីវង់សុខសែនជ័យ ប៉ូលិស យុវជនអាយុក្រោម១៨ឆ្នាំបាទី និងកំពង់ចាម៕