កីឡាជាតិ
ជាតិ
ក្រោយ​ឈ្នះ​ប៉ូលិស ៣-០ គ្រូ​ភ្នំពេញ​ក្រោ​ន​ថា តំបន់​ប្រយុទ្ធ​ស្ដារ​បាន​៦០​ភាគរយ​វិញ​
13, May 2019 , 5:56 pm        
រូបភាព
កីឡាករ ម៉ៅ ពិសិដ្ឋ អបអរក្រោយរកគ្រាប់បាល់ឲ្យក្រុមភ្នំពេញក្រោន
កីឡាករ ម៉ៅ ពិសិដ្ឋ អបអរក្រោយរកគ្រាប់បាល់ឲ្យក្រុមភ្នំពេញក្រោន
ដោយ:
​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​ផ្លូវការ​ដំបូង​របស់លោក ស៊ុំ វណ្ណា បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ​(​ប៉ូលិស​)​ក្នុង​លទ្ធផល ៣-០ នា​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ថ្ងៃទី​១២ ឧសភា​។ លោក វណ្ណា បានចាត់ទុក​ជ័យជម្នះ​នេះ គឺ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ និង​ការកែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន​របស់ខ្លួន​។ ជាពិសេស​តំបន់​ប្រយុទ្ធ​ត្រូវបាន​ស្តារ មករក​ភាពល្អប្រសើរ​ឡើងវិញ ក្រោយ​ជួប​បញ្ហា​មួយរយៈ​។

 
​ក្រោយ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០ ក្រោម​ការដឹកនាំ​ផ្លូវការ​របស់ខ្លួន លោក ស៊ុំ វណ្ណា ដែល​ទើប​ចូលកាន់​តំណែង​ជា​គ្រូបង្វឹក សង្កេតឃើញថា តំបន់​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោ​ន​ត្រូវបាន​ស្តា​មករក​ភាពល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ក្រោយ​ជួប​បញ្ហា​មួយរយៈ​កន្លងមកនេះ​។ គ្រូបង្វឹក​ដែល​ទើប​បញ្ចប់​វគ្គ​គ្រូបង្វឹក AFC A-License រូបនេះ ប្តេជ្ញា​ថា លោក​នឹង​ព្យាយាម​កែប្រែ​តំបន់​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោ​ន ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ 
 
​អតីត​គ្រូបង្វឹក​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ​រូបនេះ​បន្តថា សម្រាប់​ជំនួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​បាន​កែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ក្លិប​បាន​ជួបប្រទះ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino នាពេល​កន្លងមក​។ តែ​យ៉ាងណា​លោក​បានចាត់ទុក​ជ័យជម្នះ​ខាងលើ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ និង​ការ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ក្រុម​។  
 
«​នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​គាត់ ខណៈ​កាល​ពីមុខ​គាត់​ធ្វើ​មិនសូវ​បានល្អ​នោះទេ ច្រើនតែ​ខុស​គោលដៅ​។ តែ​ឥឡូវ​យើង​កែ​បាន​៦០​ភាគរយ​ហើយ យើង​នឹង​ព្យាយាម​កែ​តំបន់​ខាងលើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៀត ទាក់ទង​នឹង​ការចូលរួម​ប្រយុទ្ធ​និង​បញ្ចប់​ទី​។ ខ្ញុំ​បាន​កែប្រែ​ចំណុច​ខ្វះខាត​ចំនួន ដែល​កើតមាន​កន្លងមក ដោយ​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​លេង​ដោយ​បច្ចេកទេស​ខ្លួន មិន​ដាក់​សម្ពាធ បើ​គាត់​ខុសពីរ​ពី​ដង​យើង​នៅតែ​លើកទឹកចិត្ត និង​កែប្រែ​គាត់​ឲ្យ​ធ្វើ​ទៅតាម​អ្វី ដែល​យើង​បានកំណត់​»​។ នេះ​ជា​ការឡើង​របស់លោក ស៊ុំ វណ្ណា​។   
 
​បើតាម​លោក ស៊ុំ វណ្ណា ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នេះ ដោយសារតែ​កីឡាករ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា​រៀបចំ​ផ្លូវចិត្ត​នានា​បានល្អ​ប្រសើរ​។ គ្រូបង្វឹក​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​បាន​បោសសម្អាត​នូវ​មន្ទិលសង្ស័យ​មួយចំនួន ដែល​ពីមុន​យើង​មាន​បញ្ហា​នៅក្នុង​ក្រុម ហើយ​ក្មេងៗ​ស្ម័គ្រចិត្ត​លេង​១០០​ភាគរយ​ជាមួយ​យើង និង​ដើរ​តាម​អ្វីដែល​យើង​បានរៀបចំ​ទុក​មុន​ការប្រកួត​»​។  
 
​នេះ​ជា​ជ័យជម្នះ​ក្នុង​ទឹកដី​លើក​ទី​២ សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​៤​លើក​របស់​ភ្នំពេញ​ក្រោ​ន​។ តែ​វា​ជ័យជម្នះ​លើក​ទី​៣​របស់​ពួកគេ​ក្នុងចំណោម​ការប្រកួត​៧​លើក​របស់​ក្លិប ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៧​ដោយមាន​៩​ពិន្ទុ​ក្នុង​ដៃ​មួយ​នេះ​។ សម្រាប់​ជំនួប​បន្ទាប់​ក្រុម​នេះ​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដើម្បី​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​។ 
 
​សម្រាប់​ជំនួប​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លត់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​ក្នុង​លទ្ធផល ១៣-០ នា​កីឡដ្ឋាន A.E.U Sport Park​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​សប្តាហ៍​ទី​៧ ដោយមាន​១៩​ពិន្ទុ​។ ពីរ​ប្រកួត​ចុងក្រោយ​កំពង់ចាម​របូត​គ្រាប់​បាល់​រហូត​២៧​គ្រាប់​។ 
 
​ងាក​ទៅ​មើល​កីឡដ្ឋាន​ខេត្តសៀមរាប​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ភ្ញៀវ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៦-១ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤​បណ្តោះអាសន្ន​ដោយមាន​១៥​ពិន្ទុ​។ ចំណែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​ដូចគ្នា​សូល​ទី​ឡូ​អង្គរ​បាន​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ១-០​។ 
 
​សម្រាប់​ចំណាត់ថ្នាក់​ប្រចាំ​សប្តាហ៍​ទី​៧ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ដោយមាន​១៩​ពិន្ទុ ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​២​មាន​១៨​ពិន្ទុ វិសាខា​លេខ​៣​មាន​១៦​ពិន្ទុ អង្គ​រថា​យ​ហ្គឺ​រលេ​ខ​៤​មាន​១៥​ពិន្ទុ ក្រសួងការពារជាតិ​លេខ​៥​មាន​១៤​ពិន្ទុ បឹងកេត​លេខ​៦​មាន​១៣​ពិន្ទុ ភ្នំពេញ​ក្រោ​ន​លេខ​៧​មាន​៩​ពិន្ទុ និង​អាស៊ី​អឺរ៉ុប​លេខ​៨​មាន​៧​ពិន្ទុ​។ ហើយ​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​អគ្គិសនី សូល​ទី​ឡូ​អង្គរ គីរីវង់​សុខ​សែន​ជ័យ ប៉ូលិស យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​កំពង់ចាម​៕ 

Tag:
 ស៊ុំ វណ្ណា​
  ភ្នំពេញ​ក្រោ​ន​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com