នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ នឹង​រៀនសូត្រ​ពី​ភាព​ប៉ិនប្រសប់​របស់​សម្ដេច ហ៊ុន សែន​
ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ នឹង​រៀនសូត្រ​ពី​ភាព​ប៉ិនប្រសប់​របស់​សម្ដេច ហ៊ុន សែន​
14, May 2019 , 10:35 am        
រូបភាព
នាយករដ្ឋមន្រ្តីនេប៉ាល់លោក ខេ ភី សាម៉ា អូលី និងនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី កាលពីថ្ងៃទី១៣ ឧសភា
នាយករដ្ឋមន្រ្តីនេប៉ាល់លោក ខេ ភី សាម៉ា អូលី និងនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី កាលពីថ្ងៃទី១៣ ឧសភា
​ភ្នំពេញ​៖ ភាពច្បាស់លាស់ និង​ភាព​ប៉ិនប្រសប់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​នោះ គឺជា​អ្វីដែល​ប្រទេស​នេ​ប៉ាល់ នឹង​រៀនសូត្រ​តាម​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​នេ​ប៉ាល់ លោក ខេ ភី សា​ម៉ា អូ​លី នៅក្នុង​ជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ឧសភា​។​

 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ប្រាប់​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ក្នុង​រយៈពេល ៥​ឆ្នាំមុន និង​៥​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន និង​ជឿនលឿន ជាពិសេស​មាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដែល​គួរ​ឲ្យ​កត់សម្គាល់ តាមរយៈ​ការដឹកនាំ​របស់​រដ្ឋាភិបាល​។ ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​នេះ ទើប​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និយាយថា​នឹង​រៀនសូត្រ​ពី​ភាព​ប៉ិនប្រសប់​របស់​មេដឹកនាំ​កម្ពុជា​។​
 
​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្តី​របស់លោក ខេ ភី សា​ម៉ា អូ​លី បាន​សរសេរ​ដូច្នេះ​ថា​៖«​ច្បាស់លាស់ និង​ភាព​ប៉ិនប្រសប់​នេះ កម្ពុជា​នឹង​អាច​បន្ត​ការអភិវឌ្ឍ​កំ​ណើ​រ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​ថែមទៀត ជាមួយនឹង​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​នេ​ប៉ាល​នឹង​រៀនសូត្រ​ពី​ប្រទេស​កម្ពុជា​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផងដែរ​»​។​
 
​ភ្ជាប់​ជាមួយ​ការវាយតម្លៃ​ពី​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រាប់​មេដឹកនាំ​នេ​ប៉ាល់​វិញ​ថា អ្វីដែល​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ធំ​បំផុត​នោះ គឺ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ជា​ស្ថាពរ ,​ការឯកភាព​ដឹក​ដី ,​កា​រប​ង្រួ​បង្រួម​ជាតិ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ ប្រាប់​មេដឹកនាំ​នេ​ប៉ាល់​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏​ស្នើ​ឲ្យ​លោក ខេ ភី សា​ម៉ា អូ​លី ជួយ​ជំរុញ​កិច្ចសហការ​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ក៏​អះអាងថា លោក​ក៏​ចង់ឃើញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​នេ​ប៉ាល់ បាន​សហការគ្នា​គ្រប់​កម្រិត និង​គ្រប់​វិស័យ​ផងដែរ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ នៅ​កម្ពុជា​នេះ ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ​ទី​១ ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម និង វិនិយោគ និង​ទី​២ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា ។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​និង​នេ​ប៉ាល់ មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៦៤​មក​ម្លេះ​។ ប៉ុន្តែ​មកដល់ពេលនេះ​ប្រទេស​ទាំងពីរ មិនទាន់​ស្ថានទូត​នៅក្នុង​ប្រទេស​រៀងខ្លួន​នៅឡើយ​។ តែ​យ៉ាងណា​មេដឹកនាំ​កម្ពុជា​-​នេ​ប៉ាល់ គ្រោង​ដាក់​ស្ថានទូត ក្នុងប្រទេស​ទាំងពីរ​ទៅវិញទៅមក នៅពេលដែល​កំណើនសេដ្ឋកិច្ច​ទ្វេរ​ភាគី​ដល់​កម្រិត​មួយ​៕

Tag:
 ហ៊ុន សែន​
  នេ​ប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com