ជាតិ
កុលបុត្រ-​កុលធីតា​ជាង៤០០​នាក់​ បួសនៅ​អង្គរវត្ត ដើម្បីរម្លឹកការត្រាស់ដឹងរបស់ព្រះពុទ្ធ ក្នុងថ្ងៃវិសាខបូជា
14, May 2019 , 11:22 am        
រូបភាព
​សៀមរាប​៖ គណៈកម្មាធិការ​វត្ត​អង្គរ​ខាងជើង និង​វត្ត​អង្គរ​ខាងត្បូង នឹង​រៀបចំ​ពិធី​រំលឹក​ខួប ២៦០០​ឆ្នាំ នៃ​ការ​ត្រាស់ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ និង​ពិធីបុណ្យ​វិសាខបូជា និង​ពិធី​បំបួស​កុលបុត្រ-កុលធីតា ជាព្រះសង្ឃនិងជាដូនជី ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៩ ឧសភា​។ ពិធី​នៅ​ឆ្នាំនេះ មាន​អ្នកចូលរួម​ជាង ៤០០​នាក់ ដែល​មកពី​តាម​បណ្ដា​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​

 
​ព្រះចៅអធិការ​វត្ត​អង្គរ​ខាងជើង ព្រះគ្រូ​បណ្ឌិត គង់ សុភាព មាន​សង្ឃដីកា​ថា ពិធី​បំបួស​នៅ​ឆ្នាំនេះ​មាន​កុលបុត្រ កុលធីតា​ចូលរួម​ជាង ៤០០​នាក់ ហើយ​មកដល់​ថ្ងៃនេះ​នៅមាន​អ្នក​សុំ​ចុះឈ្មោះ​ជា​បន្តបន្ទាប់​។ នេះ​ជា​ឆ្នាំ​ទី​៩​ហើយ ដែលមាន​ការរៀបចំ​ពិធី​បំបួស​នេះ តែ​នេះ​ជា​ឆ្នាំ​ទី​១​សម្រាប់​វត្ត​អង្គរ​ខាងជើង និង​វត្ត​អង្គរ​ខាងត្បូង ដែល​រៀបចំ​ពិធី​នេះ ដែល​ឆ្នាំមុនៗ​ពិធី​នេះ​រៀបចំឡើង​ដោយ​សាលា​អនុគុណ​ក្រុង​សៀមរាប​។ 


 
​តាម​សង្ឃដីកា​ព្រះគ្រូ គង់ សុភាព ពិធី​បំបួស​កុលបុត្រ កុលធីតា នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ដោយមាន​ការជួបជុំ​មាតាបិតា សាច់ញាតិ កុលបុត្រ កុលធីតា​នៅ​វត្ត​អង្គរ​ខាងត្បូង ដើម្បី​ស្ដាប់​ការណែនាំ ការរៀបចំ​ឥរិយាបថ និង​ពិធីកោសក់​។ រីឯ​ចាប់ពី​ម៉ោង​២​រសៀល​តទៅ មានការ​ចូលរួម​ពី​អភិបាលខេត្ត មន្ត្រី​សង្ឃ និង​គណៈអធិបតី​នានា មុននឹង​រៀបចំ​ពិធី​ហែនាគ​ជុំវិញ​អង្គរវត្ត និង​បំបួស​នាគ និង​ពិធី​បួងសក់​បំបួស​សីលវតី​។ 

 
 
​ពិធី​ខាងលើនេះ នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៥​យប់ ៦​ថ្ងៃ ដោយ​កុលបុត្រ កុលធីតា​ទាំងអស់ ត្រូវ​ស្នាក់នៅ​បរិវេណ​វត្ត​អង្គរ​ខាងជើង និង​វត្ត​អង្គរ​ខាងត្បូង ដើម្បី​សូត្រធម៌ សមាធិ និង​រៀន​សិក្សា​ធម៌​ផ្សេងៗ​។​ល​។ ពិធី​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១៩ ឧសភា នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​រៀបចំ​ដាក់​បាត​សាមណេរ និង​សីលវតី និង​ពិធី​ចាក​សិក្ខាបទ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​


 
​គួរ​បញ្ជាក់ថា បើតាម​គណៈកម្មាធិការ​រៀបចំ​ពិធី​បំបួស​កុលបុត្រ កុលធីតា ពិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​សីលធម៌​សង្គម បណ្ដុះ​យុវជន​ឱ្យក្លាយ​ជា​កូន​ល្អ ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ក៏ដូចជា​ចង់ឱ្យ​ពលរដ្ឋ​ស្វែងយល់​ពី​ធម៌​ព្រះពុទ្ធសាសនា​។​ល​៕
 
​ប្រភព​រូបថត​៖ ហ្វេ​ស​ប៊ុ​ក បុណ្យ​វិសាខបូជា និង បំបួស​កុលបុត្រ​កុលធីតា​អង្គរ​


 

© រក្សាសិទ្ធិដោយ thmeythmey.com