អន្តរជាតិ
ចិន ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​តម្លៃ​៦០​ពាន់​លាន​ដុល្លារ​
14, May 2019 , 11:46 am        
រូបភាព
​ប្រទេស​ចិន នៅ​ថ្ងៃទី​១៣ ខែឧសភា បានប្រកាស​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​អាមេរិក​ដែលមាន​តម្លៃ​ចំនួន​៦០​ពាន់​លាន​ដុល្លារ​។ ការប្រកាស​ដំឡើង​ពន្ធ ត្រូវបាន​ទីក្រុង​ប៉េកាំង​ពន្យល់ថា ជាការ​ឆ្លើយតប​នឹង​ការដំឡើង​ពន្ធ​ចុងក្រោយ​លើ​ទំនិញ​របស់ខ្លួន​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​ដែលមាន​តម្លៃ​ដល់ទី​២០០​ពាន់​លាន​ដុល្លារ​ឯណោះ​។ យ៉ាងណាមិញ ចិន នឹង​មិនទាន់​អនុវត្ត​ការដំឡើង​ពន្ធ​នេះ​ភ្លាម​ឡើយ ដោយ​ទុកពេល​ឲ្យ​ការចរចា​ជាមួយ​អាម​រិ​កសិន​។​

 
​ភាព​តានតឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន បាន​កើនឡើង​ខ្លាំង ខណៈ​ការចរចា​ដែល​អូសបន្លាយ​ជាច្រើន​ខែ​នៅ​មិនទាន់មាន​លទ្ធផល​ហើយ ហើយ​ភាគី​ទាំងសងខាង ក៏​ចាប់ផ្ដើម​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​គូប្រកួត​របស់ខ្លួន​ជាថ្មីទៀត​។ កាលពី​ថ្ងៃទី​១០ ខែឧសភា អាមេរិក​បាន​ដំឡើង​ពន្ធ​ដល់​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​ទំហំ​២០០​ពាន់​លាន​ដុល្លារ ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថែមទាំង​ព្រមាន​ចិន កុំ​ឲ្យ​តដៃ​ទៀតផង​។​
 
​ទំនង​មិនអាច​ទ្រាំ​នឹង​សកម្មភាព​ឯកតោភាគី​របស់​អាមេរិក ចិន នៅ​ថ្ងៃទី​១៣ ខែឧសភា ក៏​សងសឹក​វិញ​ដោយបាន​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​អាមេរិក​ដែល​ទំហំ​៦០​ពាន់​លាន​ដុល្លារ​វិញ​។ បើតាម​ការប្រកាស​រប​ស់​គណៈកម្មការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន ការដំឡើង​ពន្ធ​នាំចូល​មាន​នេះ មាន​អត្រា​ផ្សេងគ្នា​ចាប់ពី​៥​ភាគរយ​ទៅដល់​២៥​ភាគរយ​។ ទំនិញ​អាមេរិក​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់បំផុត​មានដូចជា ប្រេង​ចម្អិន​អាហារ ស្រា​បៀរ គ្រឿងអលង្ការ និង​ស្រោមអនាម័យ​ជាដើម​។ 
 
​យ៉ាងណាមិញ ការដំឡើង​ពន្ធ​របស់​ក្រុង​ប៉េកាំង នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​ឯណោះ ព្រោះ​ចិន​ទំនង​ចង់​ទុកពេល​ដើម្បី​ជជែក​គ្នា​ជាមួយ​អាមេរិក​សិន​។ សេចក្ដីប្រកាស​ខាងលើ​លើកឡើងថា វិធានការ​ដំឡើង​ពន្ធ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សកម្មភាព​ឯកតោភាគី និង​គោលការណ៍​គាំពារ​និយម​របស់​អាមេរិក​។ 
 
​ការប្រកាស​ដំឡើង​ពន្ធ​របស់​ចិន ធ្វើឡើង​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្រមាន​ថា ចិន​នឹងរង​ផលប៉ះពាល់​ខ្លាំង បើ​គ្មាន​កិច្ចព្រមព្រៀង​ទេនោះ​។ បើតាម​លោក ត្រាំ ក្រុមហ៊ុន​បរទេស​ជាច្រើន នឹង​រត់​ចេញពី​ចិន ព្រោះ​ត្រូវ​បង់ពន្ធ​ថ្លៃ​ពេល​នាំ​ចូលទៅ​ទីផ្សារ​អាមេរិក​។ ប្រធានាធិបតី​អាមេរិក ក៏​ឆ្លៀត​រិះគន់​ចិន​ដែល​បាន​បញ្ចេញ​ឥរិយាបថ​មិន​ចង់​ចរចា ខណៈ​ការចរចា​រវាង​មន្ត្រី​ទាំងពីរ​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ទៅហើយនោះ​។​
 
​អ្វី​កាន់តែ​ព្រួយបារម្ភ​នោះ លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​រតនាគារ​អាមេរិក ចាប់ផ្ដើម​នីតិវិធី​ដើម្បី​ដាក់​ពន្ធ​ថ្មី​ទៀត​លើ​ទំនិញ​ចិន​ដែល​នៅ​សេសសល់​ប្រមាណ​៣២៥​ពាន់​លាន​ដុល្លារ​ទៀត​។ ប៉ុន្តែ​លោក​មិនទាន់​សម្រេចចិត្តថា នឹង​អនុវត្ត​ការដំឡើង​ពន្ធ​នេះ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ នៅ​ថ្ងៃទី​១៣ ខែឧសភា លោក ត្រាំ ក៏​ផងដែរ​ពី​គម្រោង​ជួបគ្នា​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង អំឡុង​ជំនួប​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅ​ទឹកដី​ជប៉ុន​នៅ​ខែក្រោយ​នេះ​៕

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com