ជាតិ
លោក មុត ចន្ថា ៖ លោក កឹម សុខា គោរពគោលការណ៍មិនគុំកួនសងសឹក តាមរាជបណ្ដាំព្រះបរមរតនកោដ្ឋ
× ភ្នំពេញ៖ លោក កឹម សុខា ជាមនុស្សគោរពគោលការណ៍មិនគុំកួនសងសឹក និងមិនចាត់ទុកខ្មែរណាជាសត្រូវ តាមព្រះរាជបណ្ដាំរបស់ព្រះបរមរតនកោដ្ឋ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សស្និទ្ធនឹងលោក កឹម សុខា។
នៅលើហ្វេសប៊ុកផ្លូវការខ្លួន លោក មុត ចន្ថា បានរំឭកពីគោលជំហររបស់លោក កឹម សុខា នៅគ្រាដែលដឹកនាំបក្សថា លោក កឹម សុខា បានអនុវត្តគោលនយោបាយបក្ស ក្រោមពាក្យស្លោក «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន»។ ក្នុងន័យនេះលោក មុត ចន្ថា បានពន្យល់ថា រាល់ ការតស៊ូនយោបាយ គឺត្រូវធ្វើឡើងតាមយន្តការគណបក្សនយោបាយស្របច្បាប់ និងការប្រកួតប្រជែងគ្នាលើកម្មវិធី និងគោលនយោបាយ ។ ជាពិសេសការប្រកួតនៅក្នុងទីលានប្រជាធិបតេយ្យដោយស្មើភាព និងយុត្តិធម៌ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
និយាយពីចំណុចខាងលើនេះ លោក មុត ចន្ថា ក៏បានអះអាងថា លោក កឹម សុខា គឹជាមេដឹកនាំម្នាក់ ដែលអនុវត្តតាមព្រះរាជបណ្ដាំព្រះបរមរដ្ឋនកោដ្ឋ ដោយប្រកាន់ជំហរនយោបាយអហិង្សា និងគ្មានគំនិតគុំកួនសងសឹកលើអ្នកណាឡើយ។
មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«លោក កឹម សុខា នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា មិនគុំកួនសងសឹក មិនចាត់ទុកខ្មែរណាជាសត្រូវ ។ ហើយលោកនៅតែដង្ហែតាមព្រះរាជបណ្តាំរបស់សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ «ខ្មែររួបរួមជាធ្លុងមួយ ខ្មែរខ្លាំង» និងព្រះរាជតួនាទីរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី «ឯកភាពជាតិខ្មែរ និងនិរន្តរភាពជាតិ»។
អះអាងពីជំហររបស់លោក កឹម សុខា ហើយលោក មុត ចន្ថា ក៏និយាយការពារអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះថា លោក កឹម សុខា គ្មានគោលការណ៍ដឹកនាំឲ្យមានការបង្កជម្លោះនៅក្នុងសង្គមជាតិឡើយ។«ដូច្នេះការអំពាវនាវឲ្យកងទ័ពបះបោរ ដើម្បីទម្លាក់អ្នកនេះ ឬអ្នកនោះ ឬក៏ការវិលចូលស្រុក ដើម្បីមកចាប់អ្នកនេះ ឬអ្នកនោះ គឺ «មិនមែនជាគោលនយោបាយ និងគោលការណ៍ដឹកនាំររបស់លោក កឹម សុខា ឡើយ ហើយក៏វាមិនមែនជាគោលនយោបាយដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានដាក់ចេញនោះក៏ទេដែរ»។ នេះជាការបញ្ជាក់របស់លោក មុត ចន្ថា ដែលមនុស្សស្និទ្ធលោក កឹម សុខា។
បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងជាប់ឃុំខ្លួននៅក្នុងផ្ទះ ដោយស្ថិតនៅក្នុងក្រោមការឃ្លាំងមើលរបស់តុលាការ ។ បើគិតទាំងការឃុំខ្លួននៅពន្ធនាគារ និងក្នុងផ្ទះ គឺមានរយៈពេល២០ខែហើយ។ ការជាប់ឃុំខ្លួនបែបនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកជាការរំលោភច្បាប់និងរដ្ឋធម្មនុញ្ញ។ ព្រោះតាមនីតិវិធី ជនត្រូវចោទ មិនអាចត្រូវបានឃុំឲ្យលើសពីមួយឆ្នាំកន្លះឡើយ។
ប៉ុន្តែចំណុចនេះ ត្រូវបានតុលាការនិងក្រសួងយុត្តិធម៌ បកស្រាយវិញថា បច្ចុប្បន្នលោក កឹម សុខា មិនមែនជាប់ឃុំក្នុងផ្ទះនោះទេ ពោលគឺ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ ដោយគ្រាន់តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងជាប់បម្រាមខ្លះៗប៉ុណ្ណោះ។ បម្រាមទាំងនោះ រួមមាន មិនឲ្យចេញទៅណាហួសពីព្រំដែនកំណត់ មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង មិនឲ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង៕
Tag:
កឹម សុខា
នយោបាយ
ព្រះបរមរតនកោដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com