កីឡាជាតិ
ជាតិ
កីឡាការិនី​ពិការភ្នែក យិន សូត បាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​២ នា​ព្រឹត្តិការណ៍​ប្រកួត​នៅ​ប៉េកាំង​
14, May 2019 , 7:19 pm        
រូបភាព
កីឡាការិនី យិន សូត (ពាក់អាវលេខ១០៤)ដោយមានកីឡាករ យី បារាំងដឹកដៃ កំពុងប្រជែងជាមួយគូប្រកួត
កីឡាការិនី យិន សូត (ពាក់អាវលេខ១០៤)ដោយមានកីឡាករ យី បារាំងដឹកដៃ កំពុងប្រជែងជាមួយគូប្រកួត
ដោយ:
​កីឡាការិនី​ពិការភ្នែក​ទាំងសងខាង យិន សូត ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​២ ពី​ការប្រកួត​ជើងឯក​កម្រិត​ពិភពលោក World para-Athletic Grand Prix the 7th china Open Athletic Chamionships ដែល​រៀបចំ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ចន្លោះ​ពីថ្ងៃ​ទី​៦-១៣ ខែឧសភា ឆ្នាំ​២០១៩​។ លោក យី វាសនា បានចាត់ទុក​មេដាយ​ទាំងនេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​

 
​ទោះបី​ពិការភ្នែក​ទាំងសងខាង​ក្តី តែ​កីឡាការិនី យិន សូត បានធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហូត​ឡើង​នៅមុខ​ប្រតិភូ​អន្តរជាតិ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក លើ​វិញ្ញាសារ​រត់​ចម្ងាយ ក្រោម​ការរត់​ដឹក​ដៃ​ពី​កីឡាករ យី បារាំង ដោយ​ដណ្តើមបាន​មេដាយប្រាក់​១​និង​សំរឹទ្ធ​២​ពី​ព្រឹត្តិការណ៍ World para-Athletic Grand Prix the 7th china Open Athletic Chamionships នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ 


 
​មេដាយប្រាក់​របស់ យិន សូត ដណ្តើមបាន​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ ខណៈ​មេដាយ​សំរឹទ្ធ​ទាំងពីរ​ដណ្តើម​លើ​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ និង​១០០​ម៉ែត្រ​។ កីឡាការិនី យិន សូត រួមជាមួយ​កីឡាករ យី បារាំង និង​ប្រតិភូ​បាន​នាំយក​មេដាយ​ទាំងនេះ​មកដល់​មាតុភូមិ​កាល​កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​។ 


 
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល និង​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយបាន​ចាត់ទុក​មេដាយ​ទាំងនេះ​ជា​មិទ្ធ​ផល​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​កីឡា​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។ ព្រោះ​កន្លងមក កម្ពុជា ពុំ​ធ្លាប់​ទទួលបាន​សមិទ្ធផល ដែល​កើ​ក​ចេញពី​កីឡាករ ឬ​កីឡាការិនី​ពិការភ្នែក​ទាំងសងខាង​ឡើយ​។ ជាមួយគ្នានេះ លោក​លើកទឹកចិត្ត​ឲ្យ​ជន​ដែលមាន​ពិការភាព គួរ​យក​គំរូ​តាម​កីឡាការិនី យិ​ត សូត ដើម្បី​កែប្រែ​ជីវិត​ឲ្យ​ល្អប្រសើរ​។ 


 
«​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ខ្លាំង​មែនទែន ហើយ​ពេល​ខ្ញុំ​និយាយ​នេះ ស្ទើរតែ​មិន​ជឿថា យើង​អាច​ទទួលបាន​មោទកភាព​ដ៏​ល្បី​រន្ទឺ​នេះ គឺ​ប្អូន យិន សូត ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​២​ពី​ការប្រកួត​ជើងឯក​អន្តរជាតិ​នៅ​ចិន​។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ជនពិការ​ទាំងអស់​មេត្តា​យក​គំរូ​តាម​ប្អូន យិន សូត ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា ដែលមាន​កីឡា​រត់​ដឹក​ដៃ​បង្កើត​សមិទ្ធ​លើកដំបូង​របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា​៕   



Tag:
 ប៉ា​រ៉ា​ឡាំ​ពិ​ក​
  យិន សូត​
  យី វាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com