អ្នកវិទ្យាសាស្ត្រនៅអាមេរិក បានរកឃើញថា កម្រិតនៃកាបូនឌីអុកស៊ីត (CO2) ក្នុងបរិយាកាសដែលជាកត្តាមួយបង្កើនកម្តៅផែនដី បានឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពោលគឺក្នុងរយៈពេល៣លានឆ្នាំចុងក្រោយនេះ។ ការរកឃើញថ្មីនេះ អាចជាសារថ្មីមួយដើម្បីដាស់តឿន ជុំវិញកំណើនឥតឈប់ឈរនៃការបញ្ចេញផ្សែងពុលដែលបង្កឡើងដោយមនុស្ស ទៅក្នុងបរិយាកាសរបស់ផែនដី។
ចាប់ផ្តើមអង្កេតលើកម្រិត CO2 ក្នុងបរិយាកាសផែនដី តាំងពីចុងឆ្នាំ១៩៥០មក ក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកឈ្មោះថា Mauna Loa Observatory បានរកឃើញកាលពីថ្ងៃទី ១១ ឧសភា ថា បរិយាសកាសផែនដី មានផ្ទុកកម្រិត CO2 ដល់ទៅ ៤១៥,២៦ ផ្នែកក្នុងមួយលាន (ppm) ។ ហើយនេះ ក៏ជាលើកដំបូងបង្អស់ហើយ ដែលក្រុមវិទ្យាសាស្ត្រនេះបានរកឃើញថា កម្រិត CO2 ក្នុងបរិយាកាស មានបរិមាណលើសពី ៤១៥ ppm នោះ។
ពេលវេលាចុងក្រោយបំផុត ដែលបរិយាកាសរបស់ផែនដី មានផ្ទុកកម្រិត CO2 ក្នុងបរិមាណដ៏ច្រើនបែបនេះ គឺកាលពីជាង៣លានឆ្នាំមុនមកម្ល៉េះ។ អំឡុងពេលនេះ គេហៅឈ្មោះថា Pliocene Epoch ។
កាលនោះ សីតុណ្ហភាពសកល ត្រូវបានប៉ាន់ស្មានថា មានសីតុណ្ហភាពក្តៅជាងពេលបច្ចុប្បន្ន ២ ទៅ ៣ អង្សា។ កម្រិត CO2 ក្នុងបរិយាកាសរបស់ផែនដី ត្រូវបានគេជឿថា ឡើងដល់ចំណុចចន្លោះពី ៣១០ ទៅ ៤០០ ppm ។ ចំណែកកម្រិតនីវ៉ូទឹកសមុទ្រសកលលោក មានកម្ពស់ ២៥ម៉ែត្រ ដែលខ្ពស់ជាងពេលបច្ចុប្បន្នប្រមាណ ២ ទៅ ៣ម៉ែត្រ។ ហើយផ្នែកជាច្រើននៃតំបន់អង់តាក់ទិក គ្របដណ្តប់ទាំងស្រុងដោយព្រៃឈើ ពុំមែនទឹកកកឡើយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញមកពីវិទ្យាស្ថាន Potsdam សម្រាប់ស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (PIK) លោក Wolfgang Luch បានបញ្ជាក់ឲ្យដឹងថា៖«កម្រិត CO2 ក្នុងបរិយាសកាសផែនដីថ្មីនេះ បង្ហាញឲ្យឃើញថា យើងពុំយកចិត្តទុកដាក់ច្រើនលើកិច្ចគាំពារអាកាសធាតុពិភពលោកនៅឡើយទេ។ តួលេខនេះ បន្តកើនឡើងជាបន្តបន្ទាប់ពី ពីមួយឆ្នាំទៅមួយឆ្នាំ»។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ពិភពលោក ត្រូវចាត់វិធានការជាចាំបាច់ ដើម្បីបន្ធូរបន្ថយកម្រិត CO2 នេះ។
ផលប៉ះពាល់នៃការកើនឡើងឧស្ម័ន CO2 ខ្ពស់ពេកក្នុងបរិយាកាសរបស់ផែនដី
កម្រិតខ្ពស់នៃ CO2 ក្នុងបរិយាសកាស ដែលបង្កឡើងដោយ មនុស្សដុតឥន្ធនៈ និងការកាប់បំផ្លាញព្រៃឈើ បង្កគ្រោះថ្នាក់ជាច្រើនដល់ផែនដី និងមនុស្ស។ ទីមួយគឺបង្អាក់មុខងារនៃវដ្តត្រជាក់ធម្មជាតិរបស់ផែនដី។ ទីពីរគឺរក្សាកម្តៅនៅក្បែរផ្ទៃផែនដី និងចុងក្រោយគឺវាក៏បង្កឲ្យសីតុណ្ហភាពសកលកើនឡើងជាបន្តបន្ទាប់ផងដែរ។
ការកើនឡើងកម្តៅនេះផងដែរ គឺបណ្តាលមកពី ស្រទាប់អូសូនដែលមានសមត្ថភាពស្រូបយកកម្តៅពីព្រះអាទិត្យមុននឹងដាលមកដល់ផ្ទៃផែនដី រងការខូចខាត។ ការខូចខាតនេះ បង្កឡើងដោយសារកម្រិត CO2 ច្រើនហួសប្រមាណក្នុងបរិយាកាស។
បច្ចបុ្បន្ននេះ ការបញ្ចេញឧស្ម័ន CO2 និងឧស្ម័នផ្ទះកញ្ចក់ផ្សេងៗទៀត ក្នុងបរិយាកាស បានបង្កឲ្យសីតុណ្ហភាពសកលកើនឡើង១អង្សា ហើយអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា សីតុណ្ហភាពទំនងជាបន្តឡើងទៀត ប្រសិនបើគ្មានចំណាត់ការភ្លាមៗពីសំណាក់រដ្ឋាភិបាលនានាក្នុងពិភពលោកទេនោះ។
តើមានអ្វីកើតឡើងនៅក្នុងពិភពលោក ដែលមានសីតុណ្ហភាពសកលកើនឡើង ២អង្សា?
យោងតាមការសិក្សាស្តីពីអាកាសធាតុ ដែលចុះផ្សាយដោយទូរទស្សន៍អាមេរិក CNN ពិភពលោក នឹងទទួលរងរលកកម្តៅ និងថ្ងៃក្តៅច្រើនជាង ២៥ភាគរយ ដែលបង្កឲ្យកើតមានហានិភ័យធំៗចំពោះសុខភាពមនុស្ស និងហានិភ័យនៃភ្លើងឆេះព្រៃ។
ប្រមាណ ៣៧ភាគរយនៃមនុស្សនៅជុំវិញពិភពលោក នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរលកកម្តៅជារៀងរាល់ ៥ឆ្នាំ។ ជាមធ្យម រយៈពេលនៃគ្រោះរាំងស្ងួត នឹងកើនឡើងចំនួន ៤ខែ ។ បាតុភូតនេះ នឹងបណ្តាលឲ្យមនុស្សប្រមាណ ៣៨៨លាននាក់ ខ្វះទឹកប្រើប្រាស់ ចំណែកឯមនុស្ស ១៩៤,៥លាននាក់ផ្សេងទៀតជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
គ្រោះទឹកជំនន់ ព្យុះស៊ីក្លូន ទីផុង នឹងកើតឡើងញឹកញាប់ជាងមុន។ ភ្លើងឆេះព្រៃ នឹងក្លាយកើតឡើងជាប្រចាំ ដែលបង្កឲ្យទិន្នផលដំណាំធ្លាក់ចុះ។ ជីវិតសត្វ នឹងត្រូវបំផ្លិចបំផ្លាញ ដោយសត្វប្រមាណ១លានប្រភេទ ស្ថិតក្នុងហានិភ័យនៃការផុតពូជជាដើម៕