កីឡាអន្តរជាតិ
អន្តរជាតិ
លោក ថាក់ស៊ីន ចរចាទិញក្លិប Crystal Palace ក្នុងតម្លៃ១៩៥លានដុល្លារ
× អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងចរចាជាមួយ Crystal Palace ដើម្បីទិញយកក្លិបក្នុងក្របខណ្ឌ Premier League មួយនេះមកកាន់កាប់។ មនុស្សជំនិតរបស់អតីតម្ចាស់ក្លិប Manchester City កាលពី១១ឆ្នាំមុន អះអាងដូច្នេះនៅថ្ងៃទី១៣ ខែឧសភា។
លោក Miti Tiyapairat អតីតប្រធានក្លិប Chiangrai United នៃលីគបាល់ទាត់កំពូលថៃ និងជាមនុស្សជំនិតរបស់ថាក់ស៊ីនផងនោះ បានប្រាប់បណ្តាញសារព័ត៌មាន ONE 31 ថាលោកកំពុងចរចាពីតម្លៃ ការគ្រប់គ្រង និងពត៌មានលំអិតមួយចំនួនដែលគួរដោះស្រាយឲ្យបានឆាប់បំផុតជាមួយក្លិបនៅអង់គ្លេសនេះ។
លោក Tiyapairat ក៏បានបង្ហើបប្រាប់តម្លៃទិញផ្តាច់យកភាគហ៊ុនធំរបស់ក្លិប Crystal Palace ដែលមានតម្លៃប្រមាណ១៥០លានផោន (១៩៥លានដុល្លារអាមេរិក)។ ប្រសិនកិច្ចព្រមប្រៀងរវាងភាគីទាំងពីរទទួលជោគជ័យនោះ លោក Tiyapairat នឹងក្លាយជានាយកប្រតិបត្តិក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៍នេះ។
«វាជាអាជីពរបស់ខ្ញុំចាប់តាំងពីខ្ញុំបានធ្វើការផ្នែកគ្រប់គ្រងនៅ Chiangrai United ប៉ុន្តែទោះយ៉ាងណាវាពិតជាតួនាទីដ៏លំបាកមួយ។ នេះជាក្លិបមានកម្រិតស្តង់ដារមួយផ្សេងទៀត ប៉ុន្តែវានៅតែជាការរីករាយសម្រាប់ខ្ញុំ និងប្រជាជនថៃដែលជាម្ចាស់ក្លិបបាល់ទាត់លំដាប់ពិភពលោកនេះ»។ goal.com ស្រង់សម្តីរបស់លោក Tiyapairat ដែលបានប្រាប់ស្ថានីយ៍ទូរទស្សន៍មួយយ៉ាងដូច្នេះ។
លោកថាក់ស៊ីនដែលរដ្ឋាភិបាលលោកត្រូវបានបណ្តេញចេញក្នុងរដ្ឋប្រហារថៃកាលពីឆ្នាំ ២០០៦ ធ្លាប់ទិញយកក្លិប Manchester City ក្នុងឆ្នាំ ២០០៧ ប៉ុន្តែលោកបានសម្រេចលក់ឲ្យសេដ្ឋីប្រេងសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mansour វិញនៅឆ្នាំ ២០០៨។
មុនពេលក្លាយជាម្ចាស់ក្លិបមេឃខៀវ លោកថាក់ស៊ីនក៏ធ្លាប់ព្យាយាមទិញក្លិប Fulham និង Liverpool ផងដែរ។
បើតាម goal.com លោកថាក់ស៊ីនសង្ឃឹមថាលោកនឹងទទួលបានជោគជ័យឆាប់ៗ ដើម្បីក្លាយជាម្ចាស់ក្លិបដែលមានកីឡដ្ឋានឈ្មោះ Selhurst Park នេះ៕
Tag:
បាល់ទាត់
ថាក់ស៊ីន ស៊ីណាវ៉ាត្រ
© រក្សាសិទ្ធិដោយ thmeythmey.com